តើ​គួរ​យក​សមិទ្ធផល​ជាក់ស្ដែង ទៅ​ប្រៀបធៀប​នឹង​ការសន្យា​ខ្យល់ បានដែរ ឬទេ​?

ភ្នំពេញ: ​ថ្មីៗ​នេះ មហាសន្និបាត​សាមញ្ញ​របស់​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បើក​សម័យប្រជុំ​ពេញអង្គ លើក​ទី​៣៩ របស់ខ្លួន ចំនួន​ពីរ​ថ្ងៃទី​៩-១០ ខែមករា ឆ្នាំ​២០១៦ ដើម្បី​បូកសរុប​ការងារ និង​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល ក៏ដូចជា គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន និង​ដាក់​វិធានការ​សំរាប់​ថ្ងៃ​អនាគត ដែល​ព្រឹ​ត្ដិ​ការណ៍​នេះ បានធ្វើ​ឲ្យ​លោក​ប្រធាន កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​សុខ​បក់​មិន​ល្ហើយ បាន​និយាយ​កម្លា​ស្មារតី​ខ្លួនឯង ក៏ដូចជា​ដើម្បី​ពង្រឹងស្មារតី​គណៈ​ដឹកនាំ និង​សកម្មជន​របស់ខ្លួន​ថា "​អ្វីៗ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល បាននិងកំពុង​ធ្វើ​ក្នុងការ​ដឹកនាំ​ប្រទេស គឺ​សុទ្ធតែជា​គម្រោង​ក្នុង​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​"…​។

​ចំពោះ​អ្នក​ដែល​ស្តាប់ឮ គេ​លាន់មាត់​ថា​គួរ​ឲ្យ​អស់សំណើច​ពេក​ណាស់​!
​សំដី​ដែល​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកទ្បើង​នេះ ធ្វើ​ឲ្យ​មតិសាធារណៈ​នៅក្នុង​ប្រទេស រួមទាំង​អ្នកវិភាគ​នយោបាយ គេ​នាំគ្នា​សើច តែ​សើច​មិន​ចេញ នូវ​សំដី​គ្មាន​ទឹកដម សោះកក្រោះ ដដែលៗ​នោះ គឺអាច​ប្រៀបប្រដូច​ទៅនឹង​ពាក្យចាស់​ពោលថា "​អ្នកធ្វើ​ខំ​តែ​ធ្វើ រីឯ​អ្នក​មិន​ធ្វើ​ខំ​តែ​ព្រូស​"​។​

​ជាការ​ពិតណាស់ អស់​រយៈពេល​ប្រមាណ​២​ទសវត្សរ៍​កន្លងមក អ្នកដឹកនាំ​បក្សប្រឆាំង​មួយក្រុម​នេះ  បាន​លើក​គម្រោង​កម្មវិធី​នយោបាយ​របស់ខ្លួន​ជា​ហូរហែ  ជាលា​យល​ក្ខ័​អក្សរ  និង​តាមរយៈ​វោហា​សាស្ដ្រ   ដែល​ពួកគេ​ខិតខំ​ពន្យល់​សកម្មជន   និង​ពួក​អ្នកគាំទ្រ​ឮសូរ​យ៉ាង​ស្រ​គៀរ​ត្រចៀក​។  
​ពួក​សកម្មជន​របស់​ក្រុមប្រឆាំង ពុំ​សូវ​មាន​ពេលវេលា​រកស៊ី ចិ​ញ្ជឹ​ម​គ្រួសារ ដោយសារ​ពួកគេ​បាន​ចំណាយ​ពេលវេលា​ច្រើនពេក  ដើរ​ហោះហើរ​ដូច​រៃ ដោយ​ក្ដី​សង្ឃឹមថា នឹង​បានទទួល​ផលប្រយោជន៍​យ៉ាង​គាប់ចិត្ដ​ពី​ពួក​មេដឹកនាំ​របស់ខ្លួន​។ តែ​ផ្ទុយទៅវិញ  គឺ​ពួក​មេដឹកនាំ​របស់ខ្លួន​ទៅវិញ​ទេ ដែល​បានទទួល​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល ក្នុងនោះ​គឺ​ក្រៅពី​ទទួល​ជំនួយ​មកពី​អ្នកគាំទ្រ​នៅ​បរទេស  ម្នាក់ៗ​មាន​វិឡា​ធំ​ស្កឹមស្កៃ ទ្បាន​ទំនើបៗ ហោះហើរ​ទៅ​បរទេស​តាម​ចិ​ត្ដ​។ នេះហើយ​គេ​ហៅថា "​រស់​នៅលើ​គំនរ​ទុក្ខ​របស់​សមាជិក​អ្នកគាំទ្រ​យ៉ាង​ងងើល​"​។​

​ដោយ​រឿង​ទាំងនេះ គួរ​ឲ្យ​ខ្មាស់អៀន​ពេក យើង​សូម​មិន​ធ្វើ​អធិប្បាយ​វែង​តទៅទៀត​ទេ យើង​សូម​ឆ្លៀតឱកាស​នេះ លើក​បង្ហាញ​ពី​កា​រស​ន្សា​របស់ លោក ហ៊ុន សែន ពី​កម្មវិធី​ដឹកនាំ​ប្រទេស ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការលើក​កំពស់​ជីវភាព សុខមាលភាព​របស់​ប្រជាជន សេដ្ឋកិច្ច និង​សន្ដិសុខ របស់​ប្រទេសជាតិ វិញ​។​

​គោលនយោបាយ​ខ្លីៗ​មួយចំនួន ដែល​យើង​បាន​លើក​ខាងលើ គឺ​បាន​រំលេច​ចេញ​នូវ​កម្មវិធី​ជាក់ស្ដែង ដែល​បាន​អនុវត្ដ​បែប​ជំហាន​គីង្គក់ ក្នុងខណៈដែល​ប្រទេស​កម្ពុជា​ទើបតែនឹង​ចេញរួច​ផុតពី​របប​ប្រល័យពូជសាសន៍ គឺ​ពី​បាតដៃ​ទទេ រស់នៅ​តែលតោល​លើ​ពិភពលោក ឆ្លងកាត់​ការតស៊ូ រហូតដល់​មានការ​ចរចា ដើម្បី​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ប្រទេស​ទាំងស្រុង នា​ឆ្នាំ​១៩៩៨ គឺ​ពិតជា​ស្ថិតនៅក្នុង​ស្ថានភាព ដៃ​ម្ខាង​ទប់ទល់​នឹង​សភាពការណ៍​នយោបាយ​ពី​ខាងក្រៅ និង​សង្គ្រាម​ជា​បន្ដបន្ទាប់​ជាមួយ​ខ្មែរក្រហម​ក្រៅច្បាប់ រីឯ​ដៃ​ម្ខាង​ទៀត​ខិតខំ​កសាង​ប្រទេសជាតិ​។​

​ជា​លទ្ធផល​ជាក់ស្ដែង នរណា​ក៏​ឃើញ​យ៉ាង​ប្រត្យក្ស​ដែរ​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ធំ​តូច ពី​ទីក្រុង​ដល់​ជនបទ មាន​ភ្លើងអគ្គិសនី​ទូទាំងប្រទេស មាន​ស្ពាន​ធំ​តូច​ឆ្លងកាត់​ស្ទឹង បឹងបួរ និង​ទន្លេ គ្រប់​ច្រកល្ហក  ដែល​ឆ្លុះបញ្ចាំង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ ដែលជា​ដើមចម "​កាតា​លី​ស​" ដោយ​ពុំ​អាច​ប្រកែក​បាន ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជា​កត្ដា​ញ៉ាំង​ដល់​ការរីកចម្រើន ដល់​ការលើក​កំពស់​ជីវភាព​របស់​ប្រជាជន​ទូទាំងប្រទេស និង​កម្ពុ​ជាមាន​សន្តិភាព និង​សុ​វត្តិភាព​។​

​សមិទ្ធផល​មួយទៀត នៃ​កា​រស​ន្សា​របស់លោក ហ៊ុន សែន គឺ​ការ​តម្លើង​ប្រាក់បៀវត្ស​លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ នគរបាល យោធា កម្មករ ក៏​ឃើញថា បានសម្រេច​ជា​បណ្ដើរៗ  ថ្វីត្បិតតែ​ពុំបាន​ពេញចិត្ដ​ទៅតាម​ការទាមទា​រ​ក៏ដោយ​។ ទន្ទឹមនឹងនេះ គេ​បានឃើញ​ដំណោះស្រាយ​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ​ដែលរ​ស់​នៅ​ទីក្រុង​ភ្នំពេញ​រាប់សែន​នាក់ ដោយ​អង្គភាព​អគ្គិសនី​កម្ពុជា បាន​ភ្ជាប់​នូវ​បណ្ដាញ​ខ្វាត់ខ្វែង ត​ខ្សែ​អគ្គិសនី​បាន​រាប់ម៉ឺន​បន្ទប់   និង​យក​តម្លៃ​អគ្គិសនី​យ៉ាង​ថោក​បំផុត​។​

​ថ្មីៗ​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចរចា​គ្នា​យ៉ាង​ហ្មត់ចត់ ជាមួយ​សម​ភាគី​ថៃ ដើម្បី​ធានា​រាប់​រង​ដល់​ពលករ​ខ្មែរ ប្រមាណ​១​លាន​នាក់ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ ដែល​រកប្រាក់​ចំណូល​បាន​រាប់រយ​លាន​ដុល្លារ ផ្ញើមក​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​នេះ​គឺ​បាន​ញាំ​ង​ដល់​ការបង្កើន​ជីវភាព​ក្នុង​គ្រួសារ ភូមិស្ថាន និង​សហគមន៍​របស់​ពួកគេ​។​ល​។

​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​កំពស់​នយោបាយ រក្សា​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ដើមចម​នៃ​ការគ្រោះថ្នាក់ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់ពាន់នាក់ ក្នុង​មួយឆ្នាំៗ របួសធ្ងន់​ស្រាល​រាប់ម៉ឺន​នាក់ គឺជា​វិធានការ​ឈានដល់​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការដាក់ចេញ​នូវ​ច្បាប់​ថ្មីៗ​ពាក់ព័ន្ធ​ទៅនឹង​ការបើកបរ​យានយន្ដ​គ្រប់​ប្រភេទ​។ ចំណាត់ការ​រ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស មាន​សេចក្តី​សង្ឃឹមថា ប្រសិនបើ​គេ​ទាំងអស់គ្នា​អនុវត្ដ​ច្បាប់​បាន​ភ្ជាប់​ខ្ជួន​នោះ គឺ​នឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​បានជា​អតិប្បរមា ពុំខាន​។​

​មានការ​ប្ដេជ្ញា​ចិ​ត្ដ​ផ្សេងៗ​ទៀត​ច្រើនណាស់  ដែល​លេចចេញ​ជា​ផ្លៃ​ផ្កា  តែ​យើង​ពុំ​អាច​រៀបរាប់​ឲ្យ​បាន​ហូរហែ​។ ប៉ុន្ដែ​អ្វីដែល​យើង​ចង់បង្ហាញ​នោះ គឺថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែលជា​គណបក្ស "​ប្រឆាំង​បញ្ច្រាស់​ខ្យល់​" ទៅនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ដែលថា "​សន្យា គឺ​ធ្វើ​"​។ រីឯ​កា​រស​ន្សា​តាម​រលកធាតុអាកាស មានការ​ដាក់ចេញ​នូវ​កម្មវិធី​ន​យា​បាយ តាមរយ​:​វោហា​សាស្ដ្រ របស់​បក្សប្រឆាំង គឺជា​កម្មវិធី​ន​យា​បាយ​ខ្យល់​។

​ជា​សរុប ទន្ទឹមនឹង​សមិទ្ធផល​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការសន្យា តាមរយៈ​ការលើក​ជា​គោលនយោបាយ​ជាក់ស្ដែង ដោយមាន​យុទ្ធសាស្ដ្រ​ដឹកនាំ​ប្រទេស​ចេញ​ជា​ផ្លៃ​ផ្កា​ជាក់ស្ដែង​។ ផ្ទុយទៅវិញ បក្សប្រឆាំង​គ្មានអ្វី​សំអាង ពួកនេះ​ខិតខំ​ណាស់ យក​រឿងនេះ​បន្ដិច រឿង​នោះ​បន្ដិច មក​កកូរកកាយ​យ៉ាង​វក់វី ប្រឆាំងនឹង​សកម្មភាព​របស់​រដ្ឋាភិបាល​យ៉ាង​ងងើល ដោយ​មិនចេះ​អៀនខ្មាស់​។​

​ក្នុងន័យនេះ យើង​សូម​សួរ​លោក​ប្រធាន កឹម សុខា មេបក្ស​ប្រឆាំង និង​បក្ខពួក​របស់ខ្លួន​ថា តើ​ពួកខ្លួន​កំពុង​ដើរ​ត​ត្រុ​ត់ៗ ពីក្រោយ​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬមួយ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​តាម​ក្រោយ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង​? សូម​ពិចារណា​ដោយ​ខ្លួនឯង​ចុះ​!​