រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​អះអាង​ថា​នឹង​ដក​ហូត​ឆ្នេរ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​មក​អភិវឌ្ឍ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នឹង​ដក​ហូត​យក​ឆ្នេរ​ដែល​ក្រុមហ៊ុន និង​បុគ្គល​មួយ​ចំនួន ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង ហើយ​អភិវឌ្ឍ​បម្រើ​វិស័យ​ទេសចរណ៍​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ។

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​សកម្មភាព​ដក​ហូត​ឆ្នេរ ដើម្បី​អភិវឌ្ឍ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា ការងារ​អភិវឌ្ឍ​ឆ្នេរ​ដែល​ឯកជន និង​ក្រុមហ៊ុន​មួយ​ចំនួន ហ៊ុមព័ទ្ធ​របង​ទុក​ចោល​នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​នានា មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង រដ្ឋាភិបាល​នឹង​ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​ឆាប់ៗ​នេះ។

យ៉ាង​នេះ​ក្តី លោក ថោង ខុន មិន​បាន​បញ្ជាក់​ច្បាស់​ថា ការ​រឹប​អូស​យក​ឆ្នេរ​ពី​ឯកជន​ដែល​គ្មាន​ការ​អភិវឌ្ឍ​នេះ នឹង​ចាប់​ផ្ដើម​ពី​ខេត្ត​ជាប់​មាត់​សមុទ្រ​ណា​មួយ ឬ​មិន​ទាន់​បង្ហាញ​កាល​បរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា នឹង​ចាប់​ផ្ដើម​ចាប់​ពី​ខែ​មករា នេះ៖ «ខ្ញុំ​តែង​បាន​និយាយ​ជា​បន្តបន្ទាប់​រួច​ហើយ​ថា ការ​ដែល​ទុក​ឆ្នេរ ៥០​ម៉ែត្រ​ពី​ចិញ្ចើម​ឆ្នេរ​សមុទ្រ ដើម្បី​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺ​មាន​នៅ​ក្នុង​សារាចរ​លេខ​០១ របស់​រាជ​រដ្ឋាភិបាល តាំង​ពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​ការ​យល់​ដឹង និង​ការ​អនុវត្ត​មិន​បាន​ស្មើ​ភាព​គ្នា នាំ​ឲ្យ​តំបន់​ឆ្នេរ​ខ្លះ​ធ្វើ​បាន​ល្អ និង​មាន​កន្លែង​ខ្លះ​ទៀត ធ្វើ​មិន​បាន​ល្អ​ទេ។ ខ្ញុំ​គិត​ថា ដើម្បី​ឲ្យ​តំបន់​ឆ្នេរ​សមុទ្រ​របស់​យើង​មាន​សោភ័ណភាព អនាម័យ ពិសេស​ឆ្នេរ​ខ្សាច់​នៅ​ខេត្ត​ព្រះសីហនុ មាន​សម្រស់​ល្អ​ត្រកាល យើង​ត្រូវ​ខិតខំ​ពង្រឹង​ការ​គ្រប់គ្រង​ឡើង​វិញ។ ខ្ញុំ​គិត​ថា កិច្ចការ​ទាំងអស់​នេះ យើង​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព»

ករណី​នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នានា​ដែល​កំពុង​ធ្វើ​អាជីវកម្ម ឬ​មាន​ចំណែក​ដី​នៅ​តាម​ឆ្នេរ​សមុទ្រ​ទាំង ៤​ខេត្ត ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ជំរុញ​អភិវឌ្ឍ​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព និង​អនាម័យ​ជាមួយ​រាជ​រដ្ឋាភិបាល។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម មាន​ប្រសាសន៍​ថា ទោះ​ជា​មាន​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល ដក​ហូត​ឆ្នេរ​ចំនួន ៥០​ម៉ែត្រ​ពី​ឯកជន និង​ឈ្មួញ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​បែប​ណា​ក្តី ក៏​លោក​សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ​នៅ​មាន​សកម្មភាព​ការដ្ឋាន​សំណង់​ផ្សេងៗ កំពុង​បុក​គ្រឹះ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មាន​ដូចជា ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​សុខា ជាដើម បាន​បន្ត​សកម្មភាព​រាល់​ថ្ងៃ និង​គ្មាន​អាជ្ញាធរ​ហាម​ឃាត់​ទេ។ ជាង​នេះ​ទៀត ដី​ចំណី​មាត់​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន ដែល​បុគ្គល និង​ក្រុមហ៊ុន​មួយ​ចំនួន បាន​ហ៊ុមព័ទ្ធ​របង​ថ្ម ឬ​របង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ហើយ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់ នៅ​តែ​បន្ត​ហ៊ុមព័ទ្ធ​របង​ដដែល គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មករា។

មន្ត្រី​សិទ្ធិ​មនុស្ស លោក សុខ សុខុម បាន​ស្នើ​ដល់​រដ្ឋាភិបាល និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​ជួយ​ពន្លឿន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ទុក​ចោល មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិវឌ្ឍ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព៖ «សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ជួយ​ជំរុញ​ពន្លឿន​ការងារ​ដក​ហូត​ឆ្នេរ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ពី​ឯកជន និង​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​បម្រើ​ឲ្យ​ប្រយោជន៍​រួម​ដល់​សាធារណជន សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ឡើង​វិញ ដោយ​កុំ​បណ្តោយ​ឲ្យ​បុគ្គល និង​ក្រុមហ៊ុន​មួយ​ចំនួន នៅ​បន្ត​ធ្វើ​សកម្មភាព​បុក​គ្រឹះ​ធ្វើ​ជា​កម្មសិទ្ធិ​ដូច​សព្វថ្ងៃ​នេះ​ត​ទៅ​ទៀត។ បច្ចុប្បន្ន​នេះ មាន​ដូចជា គម្រោង​អភិវឌ្ឍន៍​កោះ​រ៉ុង របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) បាន​បន្ត​សង់​ផ្ទះ​នៅ​លើ​ចំណី​ឆ្នេរ​សមុទ្រ​តែ​ម្តង ហើយ​សំណង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ ឬ​ហៅ​ថា​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ក៏​កំពុង​សាងសង់​សំណង់​រឹងមាំ ដោយ​អាជ្ញាធរ​ខេត្ត​នេះ​មិន​បាន​ទប់ស្កាត់​នោះ​ទេ»

បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា រដ្ឋាភិបាល​នឹង​ចាប់​ផ្ដើម​អភិវឌ្ឍ​ឆ្នេរ​ដែល​គ្មាន​អនាម័យ ឬ​ដក​ហូត​ឆ្នេរ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ចាប់​ពី​ខែ​មករា ត​ទៅ។ លោក​អភិបាល​ខេត្ត បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ឲ្យ​ចូលរួម​សហការ​ក្នុង​ការងារ​អភិវឌ្ឍន៍​ឆ្នេរ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ទាំងអស់​គ្នា៖ «ដី​ដែល​ជា​ចំណី​តំបន់​ឆ្នេរ ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​បាន​គង់វង្ស ដើម្បី​រក្សា​ឆ្នេរ​របស់​យើង​ឲ្យ​បាន​ស្រស់​ស្អាត​ឲ្យ​សម​ជា​ឆ្នេរ​ដែល​ជាប់​ជា​ចំណាត់​ថ្នាក់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក។ កន្លង​មក​នេះ ការ​គ្រប់គ្រង​ឆ្នេរ​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះៗ ដោយសារ​មាន​បង​ប្អូន​បាន​ចូល​ទៅ​រស់នៅ​អនាធិបតេយ្យ និង​សង់​សំណង់​ផ្សេងៗ​ខ្វះ​ក្បួន​ខ្នាត​ទៅ​តាម​ការ​ចង់​បាន តាម​នឹក​ឃើញ និង​តាម​ការ​ឃុបឃិត​ជាដើម ដោយ​មិន​បាន​គិតគូរ​ពី​បញ្ហា​បរិស្ថាន និង​អនាម័យ​នោះ​ទេ។ ប៉ុន្តែ​ពេល​នេះ អាជ្ញាធរ​កំពុង​តែ​គិតគូរ​កែលំអ​ឆ្នេរ​ទាំង​នោះ​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​ឡើង​វិញ»

ទោះ​យ៉ាង​នេះ​ក្តី ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​មុខ​របរ ឬ​មាន​តូប​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ ជាដើម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​អភិវឌ្ឍ​ឆ្នេរ​ដែល​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ឲ្យ​បាន​ស្មើ​ភាព​គ្នា​ជាមួយ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ឯកជន ប្រសើរ​ជាង​មក​ផ្អាក​សកម្មភាព​លក់​ដូរ​របស់​ក្រុម​អាជីវករ​នៅ​តាម​ឆ្នេរ​នានា ដែល​មាន​តូប​លក់​ដូរ​មាន​អនាម័យ និង​បរិស្ថាន​ល្អ​ស្រាប់។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤ នេះ បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។