ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ មក​រា ថា ប្រទេស​ហុង​គ្រី​មិន​ជ្រៀតជ្រែក​លើ​ការ​សម្រេចចិត្ត​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។ ហុង​គ្រី​គាំទ្រ​រាល់​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​កម្ពុជា និង​មិន​រិះគន់​លើ​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។

រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ២០១៦ បាន​ប្រកាស​ពី​ការ​បើក​ការិយាល័យ​ពាណិ្ជ​កម្ម​របស់​ប្រទេស​ហុង​គ្រី នៅ​ក្នុង​កម្ពុជា​ជា​ផ្លូវការ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ការពារ​វិនិយោគទុន​ទៅ​វិញ​ទៅ​មក និង​បាន​សន្យា​ផ្ដល់​ប្រាក់​កម្ចី​២៧​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។ នេះ​បើ​តាម​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ហុង​គ្រី លោក​ពិ​ទ័​រ​ហ្ស៊ី​ហ្សរ​តូ បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​រួម​គ្នា​មួយ​ក្រោយ​ជួប​លោក​ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា​នៅ​ទី​ស្ដី​ក្រសួងការបរទេស​កម្ពុជា​។