ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៤ ខែមក​រា ឆ្នាំ​២០១៦ ដោយសារ​តែ​គេ​​​ប្រទះ​ឃើញ​​សព​បុរស​ម្នាក់​​​អណ្តែត​ទឹកស្រះ​​ នៅចំណុច​​ចម្ការ​​ស្នោ ស្ថិត​នៅ​​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​។​

​មន្ត្រីសមត្ថកិច្ច​នគរបាលក្រុង​កំពង់ឆ្នាំង​ បានឱ្យ​​ដឹង​ថា បុរស​រង​គ្រោះ​រូប​នេះ ​ឈ្មោះ សុខ អង្គា ហៅអ៊ាំ​ង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​មនុស្ស​សរ​សៃប្រសាទ ​​ជា​រឿយ​ៗ​​គាត់​តែងតែទៅ​ស្ទូចត្រី​នៅ​ស្រះ​ខាងលើ​ជា​ញឹកញាប់ ​ហើយ​​នៅ​ថ្ងៃ​កើតហេតុ​ ពុំ​មាន​អ្នក​ណា​បាន​ចាប់​អារ​ម្ម​ណ៍នោះ​​ឡើយ ស្រាប់តែ​នៅ​ម៉ោងជាង​១០ព្រឹក​​​មាន​ប្រជាពលរដ្ឋ​ដែល​ដើរទៅ​បេះ​ផ្កាស្នោនៅ​ជិត​មាត់​ស្រះ​ខាងលើ​ បាន​ប្រទះ​ឃើញ​សព​ជន​រងគ្រោះ​អណ្តែត​ទើ​រលើ​ត្រកួន ហើយ​ក៏​បាន​​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​នគរបាលឱ្យ​​ចុះ​ទៅ​ពិនិត្យ​មើល ។

​តាម​ការឱ្យ​​ដឹង​ពី​ក្រុម​គ្រួសារ​ថា បុរស​ខាងលើជា​មនុស្ស​សរ​សៃ​ប្រសាទ យូ​រៗ​គាត់​​ប្រកាច់​ម្តង​ ​មុន​ថ្ងៃ​កើត​ហេតុ​នោះ នៅ​វេលា​ម៉ោងជាង​៤​រសៀលថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ​គាត់​បាន​ចេញ​ទៅ​ស្ទូចត្រី​ តែ​នៅ​យប់​នោះ​មិន​ឃើញ​វិល​​ត្រឡប់​មក​វិញ​ទេ ​ហើយ​ក៏​មិន​ចាប់​អារ​ម្ម​ណ៏ដែរ ​ស្រាប់តែ​ទទួល​​ដំណឹង​ថា ​គាត់​​លង់ទឹក​ស្លាប់​បាន​ទៅ​ហើយ ។

មន្ត្រី​នគរបាល​បាន​បន្ត​ថា នៅ​មាត់​ស្រះ​​​​​កើត​ហេតុ​ខាង​លើ​ សមត្ថកិច្ច​​​រក​ឃើញដងសន្ទូច​១ និង​នុយ​កំ​ពឹស​១​ថង់ ​ក្រោយ​ពី​ពិនិត្យ​​និង​ធ្វើ​​កោសល​វិច័យ​​លើ​ស​ព​រួចមក​​សមត្ថកិច្ច​បានសន្និដ្ឋាន​ថា បុរស​ខាងលើ​ដោយ​សារ​តែ​​ជំងឺ​​ចាស់​រើ​ឡើង​វិញនោះ​ ​ទើប​បណ្តាល​ឱ្យ​​ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​បែប​នេះ និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ ទៅ​ក្រុម​​គ្រួសារយក​ទៅ​រៀប​ចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​