ប្រធានាធិបតី ឥណ្តូណេស៊ី ប្រកាសថ្កោលទោស ការវាយប្រហារនៅហ្សាការតា

ហ្សាការតា៖ លោកប្រធានាធិបតី ឥណ្តូណេស៊ី ចូកូ វីដូដូ បានប្រកាសថ្កោលទោស ចំពោះ ការវាយប្រហារ នៅក្នុងរដ្ឋធានី ហ្សាការតា ដែលបានបណ្តាលឲ្យប៉ូលិសម្នាក់ និង ជនស៊ីវិល ៣នាក់បាត់បង់ជីវិត ហើយលោក ក៏បានបញ្ជាថែមទៀត ឲ្យមានការចាត់ការជាបន្ទាន់ លើរឿងនេះ ដើម្បីចាប់ខ្លួនជន ឬក្រុមបណ្តាញពាក់ព័ន្ធ មកកាត់ទោស ឲ្យខាងតែបាន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០១៦ នេះ ដោយលើកឡើង នូវសេចក្តីថ្លែងការណ៍ របស់លោក ចូកូ ដូច្នេះថា “ប្រទេស និង ប្រជាជន យើង មិនត្រូវភ័យខ្លាចជាដាច់ខាត ហើយក៏មិនត្រូវចុះចាញ់ ចំពោះការវាយប្រហារ ដ៏គួរឲ្យ ស្អប់ខ្ពើមបំផុតនោះដែរ។ ខ្ញុំសុំឲ្យប្រជាជនទាំងអស់ មានភាពអត់ធ្មត់ ព្រោះអ្វីៗគ្រប់យ៉ាង កំពុងស្ថិតនៅក្នុងការគ្រប់គ្រង ទាំងស្រុង។”

ការវាយប្រហារដោយបំផ្ទុះ គ្រាប់បែក ដែលបង្កឡើងដោយពួកសកម្មប្រយុទ្ធ សង្ស័យជាក្រុម ជីហាដ និង ISIS បានកើតឡើងចំនួន ៦ កន្លែងក្បែរៗគ្នា នៅទីក្រុងហ្សាការតា កាលពី ម៉ោង ១០ និង ៤០ ព្រឹកថ្ងៃនេះ បានបណ្តាលឲ្យពួកសកម្មប្រយុទ្ធ ៣នាក់ស្លាប់ និង ប៉ូលិស ១នាក់ ព្រមទាំងជនស៊ីវិល ៣ នាក់ស្លាប់។ ដោយឡែកមន្ត្រីប៉ូលិស ៣នាក់ទៀត រងរបួស៕

ប្រធានាធិបតី ឥណ្តូណេស៊ី ប្រកាសថ្កោលទោស ការវាយប្រហារនៅហ្សាការតា