អាមេរិកមិនគាំទ្រ គណបក្ស នយោបាយណា មួយនៅកម្ពុជានោះទេ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា លោក Willian Heidt បានលើកឡើងថា រដា្ឋភិបាលអាមេរិក មិនបានគាំទ្រ គណបក្សនយោបាយណាមួយ នៅកម្ពុជានោះទេ ប៉ុន្តែសំខាន់ធ្វើយ៉ាង ណាឲ្យគណបក្សធំៗទាំងពីរ ផ្តល់លទ្ធភាពឲ្យគ្នាទៅវិញទៅមក ក្នុងការមានសំឡេង និងបញេ្ចញ សំឡេងរបស់ខ្លួនសម្រាប់ដំណើរការការងារប្រកបដោយសិទ្ធិសេរីភាពពេញលេញ។

យោងតាមគេទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង លោក Willian Heidt បានឲ្យដឹងថា ក្នុងអាណត្តិដែលលោក បំពេញបេសកកម្មកាទូតនៅកម្ពុជា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជា ពិសេសពង្រឹងការកសាងអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការងារមួយចំនួនទៀត។

ក្នុងជំនួបនោះ សម្តេច ស ខេង បានមានប្រសាសន៍ថា បច្ចប្បន្នកម្ពុជា បានកំពុងខិតខំបំពេញការងារ នេះតាមរយៈជំរុញឲ្យមានវប្បធម៌សន្ទនាគ្នា រវាងគណបក្សទាំងពីរកាន់តែល្អប្រសើរឡើង ហើយសម្តេច ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិក ដែលតែងគិតគូរដល់ការងារនេះនិងបានជួយកម្ពុជា ក្នុងដំណើរការកសាងសុខសន្តិភាព នៅកម្ពុជានាពេលកន្លងមក ។

សម្តេច ក៏បានស្នើឲ្យស្ថានទូតអាមេរិក ជួយពិនិត្យលទ្ធភាពផ្តល់ការគាំទ្រកម្ពុជា នៅលើផ្នែកសង្គម កិច្ចមួយចំនួនទៀតដូចជាការងារវិស័យអប់រំ សុខាភិបាល ខណៈបច្ចុប្បន្នកម្ពុជា កំពុងដំណើរការកែទំរង់ របបវិមជ្ឈការ វិសហមជ្ឈការ  ការផ្ទេរមុខងារ និងធនធាននានាទៅឲ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដែលបញ្ហាការផ្ទេរអំណាចនោះ មានវិស័យមួយចំនួនអនុវត្តបានជោគជ័យ និងវិស័យសំខាន់ៗមួយចំនួន ទៀតនៅមិនទាន់ជោគជ័យ។

លោក Willian Heidt បានថ្លែងបញ្ជាក់ថា ការងារទាំងនោះស្ថានទូតអាមេរិកនឹងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងនោះការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន និងអំពើជួញដូរមនុស្សក៏ត្រូវសហការ បង្រ្កាបផងដែរ៕

អាមេរិកមិនគាំទ្រ គណបក្ស នយោបាយណា មួយនៅកម្ពុជានោះទេ