អ្នកនយោបាយ មិនជឿជាក់លើការ ប្រកាស របស់CNRP អំពាវនាវដល់អ្នកគាំទ្រ របស់ខ្លួន រក្សានូវភាពថ្លៃថ្នូរ

ភ្នំពេញ៖ មន្រ្តីគណបក្ស នយោបាយ រួមនឹងអ្នកវិភាគ បង្ហាញពីការមិនជឿជាក់ លើការអំពាវនាវរបស់ គណបក្ស សង្រ្គោះជាតិ (CNRP) ដែលបានទទូចឲ្យសមាជិករបស់ខ្លួន រក្សាភាពថ្លៃថ្នូរ ឈប់ជេរប្រមាថ តាមប្រព័ន្ធផ្សព្វ ផ្សាយ ដោយរង់ចាំមើលការអនុវត្ត ជាក់ស្តែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសកម្មជនគាំទ្ររបស់បក្សប្រឆាំងមួយនេះ ជាមុនសិន។

អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បានសម្តែងនូវការស្វាគមន៍ ចំពោះការប្រកាសរបស់ បក្ស ប្រឆាំង ក្នុងការអំពាវនាវ ដល់អ្នក គាំទ្ររបស់ខ្លួន រក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិយោបល់ ឬការរិះគន់តាម ប្រព័ន្ធផ្សព្វផ្សាយនានានេះ គឺជារឿង ល្អប្រសើ និងជាការផ្លាស់ប្តូរនូវឥរិយាបថថ្មីមួយទៀតរបស់បក្សសង្គ្រោះជាតិ។ ជាមួយនឹងការស្វាគមន៍នេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជារូបនេះ នៅតែបង្ហាញពីការមិនជឿជាក់ទាំងស្រុងឡើយ ចំពោះការ លើកឡើងរបស់បក្សប្រឆាំងមួយនេះ ដោយត្រូវរង់ចាំមើលការអនុវត្តជាក់ស្តែង ជាមុនសិន។

លោក បន្តថា “ខ្ញុំយល់ថា នេះគឺជាការយល់ឃើញ ដ៏ត្រឹមត្រូវរបស់បក្សប្រឆាំងថា ការប្រើប្រាស់នូវឥរិយាបថ ចាស់ វាមិនបានផ្តល់ផលវិជ្ជមានអ្វីដល់ខ្លួន អីចឹងហើយបានជាគាត់ផ្លាស់ប្តូរ ដូច្នោះយើងសូមស្វាគមន៍ ចំពោះការផ្លាស់ប្តូរឥរិយាបថថ្មីនេះ ប៉ុន្តែសូមឲ្យការប្តេជ្ញាជាទ្រឹស្តីនេះ ឲ្យទៅជាការអនុវត្តជាក់ស្តែង”។

សម្រាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញ បានចាត់ទុកការប្រកាសរបស់បក្សប្រឆាំងនេះ គឺជាការសារភាពរបស់បក្សប្រឆាំង បើនិយាយតាមផ្លូវច្បាប់។ ប៉ុន្តែឥរិយាបថនេះ បើតាមលោកមើលឃើញថា គ្រាន់តែជាការលួងលោមរបស់គណបក្សសង្គ្រោះជាតិ ចំពោះគូរបក្ខដិបក្ខខ្លួន ដើម្បីជាការបន្ធូរបន្ថយកម្តៅ នយោបាយតែប៉ុណ្ណោះ។ បើសិនជាគណបក្សប្រឆាំងមួយនេះ គឺជាអ្នកស្នេហាជាតិ និងជាអ្នកប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ពិតប្រាកដមែននោះ នោះបក្សប្រឆាំងនេះ នឹងបណ្តុះបណ្តាលថ្នាក់ក្រោមរបស់បក្សនេះ តាំងពីដំបូង មិនមែនទើបតែមកអំពាវនាវ នៅពេលនេះនោះទេ។

តែយ៉ាងណាក៏ដោយលោក នៅតែសម្តែងនូវការស្វាគមន៍ និងគាំទ្រទាំងស្រុងចំពោះការអំពាវនាវនេះ បើទោះបីជាធាតុពិតបក្សនេះ មិនអាចអនុវត្តបានយ៉ាងណាក៏ដោយ។

លោកបានបន្តថា “យើងនៅមិនទាន់ជឿបានទេ ព្រោះកន្លងមកខ្ញុំធ្លាប់តាមដានថ្នាក់ដឹកនាំទាំងពីរ របស់បក្ស ប្រឆាំង ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី យើងឃើញថាក្រោយពីបោះឆ្នោតហើយភ្លាមៗ គាត់មិនបានចូលសភា តែចុងក្រោយបែរជាឃើញបក្សគាត់ ចូលប្រជុំសភា ដូច្នោះគ្រាន់តែសេចក្តីថ្លែង ការណ៍មួយសន្លឹកនេះ យើងមិនអាចជឿជាក់បាន ទាំងស្រុងឡើយ”។

ដោយឡែកលោក អ៊ូ វីរៈអ្នកវិភាគ ប្រធានវេទិកា អនាគតកម្ពុជា ក៏បានសម្តែងនូវការគាំទ្រផងដែរ ប៉ុន្តែលោក បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ គួរអនុវត្តជាក់ស្តែង មិនមែនគ្រាន់តែបង្ហាញនូវគោលជំហរ តែក្នុងសេចក្តីថ្លែង ការណ៍នោះទេ។

លោកបន្តថា “នេះជាការបង្ហាញពីគោលជំហររបស់បក្សប្រឆាំង ហើយបក្សប្រឆាំងមួយនេះ គួរតែបង្ហាញនូវ គោល ជំហរនេះ ជាយូណាស់មកហើយ ហើយសំខាន់មិនអាស្រ័យលើប្រជាពលរដ្ឋទេ តែបើគណបក្សសង្គ្រោះ ជាតិ ប្រកាសមានគោលជំហរហ្នឹងហើយ ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ ឈប់ប្រើពាក្យសម្តីអសីលធម៌ និងមិនត្រឹមត្រូវហើយ នោះវាលែងមានបញ្ហា ហើយគេហ្នឹងមើលឃើញ”។

គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីថ្លែង ការណ៍មួយ ដោយបានអំពាវនាវ ទៅដល់ក្រុមដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិទាំងអស់ រក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិយោបល់ ឬការរិះគន់តាម ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកនូវ ការផ្សះផ្សាជាតិ និងឯកភាពជាតិ៕