ក្រុមកម្មករ ហែ​ក្បួន​ដាក់​ញត្តិ នៅ​គណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋសភា និង​ខុទ្ទកាល័យ​សម្តេច​ហ៊ុនសែន​

ភ្នំពេញ: ​រហូតដល់​រសៀល​ថ្ងៃទី​១៤ ខែមករា​នេះ ក្រុមកម្មករ​កាត់ដេរ នៅ​រោងចក្រ​កាត់ដេរ Agile Sweater ក្នុង​ខេត្តកំពង់ស្ពឺ បាន​ហែ​ក្បួន មកកាន់​រាជធានី​ភ្នំពេញ ហើយ​បានដាក់​ញត្តិ ស្នើសុំ​អន្តរាគមន៍​ពី​គណៈរដ្ឋមន្ត្រី ពី​ក្រសួងមហាផ្ទៃ រដ្ឋសភា និង​ខុទ្ទកាល័យ​សម្តេច​ហ៊ុនសែន ករណី​ប៉ូលិស ចាប់​តំណាង​កម្មករ ៥ នាក់​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​មិញ ក្រោយពី​ការចរចា​ប្រមាណ​កន្លះ​ម៉ោង ចាប់ពី​ម៉ោង ៩ ដល់ ៩ និង ៣០ ព្រឹក​ថ្ងៃទី​១៤​មករា​នេះ មិនបាន​សម្រេច រវាង​ភាគី​តំណាង​កម្មករ តំណាង​សហជីព និង​មន្ត្រី​ក្រសួង​ការងារ ព្រះរាជអាជ្ញា មន្ទីរ​ពាក់ព័ន្ធ និង​តំណាង​សាលាខេត្ត រួចមក គឺ​កម្មករ​ប្រមាណ​ជា ២០០ នាក់ បានសម្រេច​ចិត្ត​ធ្វើដំណើរ ពី​ខេត្តកំពង់ស្ពឺ មកកាន់​រាជធានី​ភ្នំពេញ​។ ក្រុមកម្មករ​កាត់ដេរ​ទាំងនោះ បានទាមទារ​ឲ្យ​តុលាការខេត្ត​កំពង់ស្ពឺ ដោះលែង​តំណាង​កម្មករ ៥ នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​។​

​មជ្ឈមណ្ឌល សង់​ត្រា​ល ដែល​ធ្វើការ​ខាង​កម្មករ​កាត់ដេរ បាន​បញ្ជាក់ថា ការចរចា​មិន​សម្រេច​រវាង​ភាគី​ទាំងសងខាង គឺ​ដោយសារតែ​ភាគី​សាលាខេត្ត ចង់យក​ចំនុច​ទាមទារ​ទាំង ៩​ចំនុច​របស់​កម្មករ​មក​និយាយ​មុន តែ​ភាគី​ខាង​សហ​ជិព និង​កម្មករ ចង់យក​ចំនុច​ការដោះលែង សមាជិក​ទាំង ៥​នាក់​របស់ខ្លួន​មុន​។​

​សូម​រម្លឹកថា ហេតុការណ៍​អំពើហិង្សា នៅមុខ​រោងចក្រ​កាត់ដេរ Agile Sweater នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នាំ​ឲ្យ​របួស​កម្មករ​ជាច្រើន​នាក់ ហើយ​ក្នុងពេលនោះ ប៉ូលិស​បាន​ចាប់ខ្លួន​តំណាង​សហជីព​របស់លោក​ប៉ាវ​ស៊ីណា ៥ នាក់​។ អ្នក​ទាំង ៥ នោះ ត្រូវបាន​តុលាការ ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្តកំពង់ស្ពឺ​។ អ្នក​ទាំង ៥ នាក់​នោះ ត្រូវបាន​ចោទប្រកាន់ បួន បទល្មើស​៖ ទី​១) ញុះញុង​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ទី​២) ធ្វើអោយ​ខូចខាត​ដោយ​ចេតនា ទី​៣) ប្រឆាំង​សេចក្តីសម្រេច​តុលាការ ទី​៤) ហឹ​ង្សា​មាន​ស្ថាន​ទំងន់ទោស​៕

ក្រុមកម្មករ ហែ​ក្បួន​ដាក់​ញត្តិ នៅ​គណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋសភា និង​ខុទ្ទកាល័យ​សម្តេច​ហ៊ុនសែន​

ក្រុមកម្មករ ហែ​ក្បួន​ដាក់​ញត្តិ នៅ​គណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋសភា និង​ខុទ្ទកាល័យ​សម្តេច​ហ៊ុនសែន​