សហគមន៍​ខេត្តរតនគិរី​រក​ឃើញ​ឈើ​មូល​រាប់​រយ​ដើម​ត្រូវ​គេ​កាប់​លក់​ឆ្លង​ដែន​ទៅ​វៀតណាម

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ឈើ​មូល​រាប់​រយ​ដើម ត្រូវ​គេ​កាប់​នៅ​តំបន់​ព្រៃ​ស្រោង និង​ព្រៃ​សហគមន៍​អភិរក្ស​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ សកម្មភាព​នេះ សហគមន៍​ចោទ​ប្រកាន់​ទៅ​លើ​តម្រួត​ព្រំដែន និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ថា​ជា​អ្នក​កាប់​ឈើ​លក់​ឆ្លង​ដែន​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម។

តំណាង​សហគមន៍​ភូមិ​ភិ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​បន្ទាន់​ករណី​បទល្មើស​កាប់​ឈើ​មូល​រាប់​រយ​ដើម ធ្វើ​ឡើង​ដោយ​តម្រួត​ការពារ​ព្រំដែន​ខ្មែរ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មាន​ទីតាំង​នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧០៩ និង​ប៉ុស្តិ៍​៥០៩ ឋិត​ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ភូមិ​ភិ មាន​គ្នា ៨០​នាក់ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ បាន​រក​ឃើញ​ឈើ​មូល​ដែល​គេ​កាត់​គល់ និង​ចុង ហើយ​អារ​ជា​ឈើ​ជ្រុង ២៥​ដើម ក្នុង​ចំណោម​ឈើ​ច្រើន​ដើម​ផ្សេង​ទៀត ត្រូវ​បាន​គេ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ​មុខ​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧០៩។

តំណាង​សហគមន៍ លោក សេវ លាង បញ្ជាក់​ថា ការ​រក​ឃើញ​ឈើ​ក្នុង​ទឹក​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧០៩ គំរាម​កំហែង​មិន​ឲ្យ​សហគមន៍​រឹប​អូស​ឈើ​នោះ​ទេ ដោយ​សំអាង​ថា សហគមន៍​គ្មាន​សិទ្ធិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ​ឡើយ។ លោក​បន្ត​ថា ឈើ​ក្នុង​ព្រៃ​ការពារ​សហគមន៍ និង​ព្រៃ​ស្រោង​នៅ​តំបន់​ព្រំដែន ត្រូវ​តម្រួត​ព្រំដែន និង​ក្រុមហ៊ុន​សម្បទាន​នៅ​តំបន់​នោះ កាប់​រំលំ ហើយ​អារ​ចុង​គល់ បន្ទាប់​មក​គេ​ដឹក​ជញ្ជូន​តាម​ត្រាក់ទ័រ​យក​ទៅ​ទម្លាក់​នៅ​មាត់​ទន្លេ។ បន្ទាប់​មក ឈ្មួញ​វៀតណាម បាន​ឆ្លង​ដែន​ខ្សែ​បន្ទាត់​ខណ្ឌ​ដែន​សីមា​ប្រទេស​ទាំង​ពីរ មក​ដឹក​ជញ្ជូន​ឈើ​បន្ត​ចូល​ទៅ​ប្រទេស​វៀតណាម៖ «ប៉ូលិស​គេ​ថា​ឈើ​គេ ហើយ​គេ​ទម្លាក់​ក្នុង​ទឹក។ គេ​ថា​អ្នក​ភូមិ​អត់​មាន​សិទ្ធិ​ចាប់ ប៉ូលិស​ថា​បើ​ហ៊ាន​ធ្វើ គេ​ចាប់ គេ​ស្តី​ឲ្យ​ពួក​ខ្ញុំ​ម្សិលមិញ»

ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​នេះ អ្នក​ភូមិ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា ផារី និង​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧០៩ និង​៥០៩។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន និង​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន ដើម្បី​សុំ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ មករា ក៏ប៉ុន្តែ​គេ​ឃើញ​រូបភាព​ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា កន្លង​មក​ដែរ។

កាប់​ឈើ​មូល​ខេត្ត​រតនគិរី ៨៥៥
១៣-មករា-២០១៦៖ ឈើ​មូល​ដែល​គេ​កាប់​រំលំ​នា​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបភាព​សហគមន៍

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ ស្នងការ​រង​នគរបាល ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ខេត្ត​រតនគិរី លោក ហេង រតនា អះអាង​ថា លោក​បាន​ឃើញ​រូបភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នោះ​ហើយ។ លោក​ថា កំពុង​កោះ​ហៅ​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​មក​ឆ្លើយ​បំភ្លឺ ចំពោះ​ករណី​ចោទ​ប្រកាន់​នេះ។ ទន្ទឹម​នេះ លោក​បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​អង្កេត​នៅ​ទីតាំង​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា នេះ៖ «ខ្ញុំ​ឲ្យ​កម្លាំង ៦​នាក់​ចុះ​ទៅ​ស្រាវជ្រាវ​រឿង​ហ្នឹង​ហើយ។ ឲ្យ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដែល​គេ​បង្ហោះ​នោះ តើ​មាន​មែន​អត់? ខ្ញុំ​ឲ្យ​យក​ភស្តុតាង​ឲ្យ​ច្បាស់»

រីឯ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​អូរយ៉ាដាវ នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ឡេង យុគ បញ្ជាក់​ដែរ​ថា លោក​ក៏​បាន​ឃើញ​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដូច​គ្នា។ ករណី​នេះ លោក​ក៏​បាន​ចាត់​មន្ត្រី​ចុះ​អង្កេត​នៅ​ទីតាំង​ជាក់ស្តែង​រួច​ហើយ៖ «ខ្ញុំ​បាន​មើល​ដែរ​ព័ត៌មាន​ហ្នឹង។ ខ្ញុំ​កំពុង​ឲ្យ​នាយ​សង្កាត់​ព្រៃ​ឈើ​ចុះ​ទៅ​មើល​ហើយ។ ខ្ញុំ​ឆ្ងល់​ដែរ រដ្ឋបាល​ព្រៃ​ឈើ​នៅ​ក្បែរៗ​គាត់​មិន​មក​ប្ដឹង»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​រតនគិរី លោក សុវណ្ណ ប៊ុនថៃ អះអាង​ថា លោក​បាន​ចុះ​អង្កេត​ករណី​កាប់​ឈើ​នៅ​តំបន់​នោះ​កាល​ពី​ខែ​ធ្នូ និង​បាន​ឃើញ​ថា ឈើ​មូល​រាប់​រយ​ដើម​ពិត​ជា​ត្រូវ​បាន​គេ​កាប់​លក់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។ លោក​ចាត់​ទុក​ថា នេះ​ជា​បទល្មើស​ព្រៃ​ឈើ​ធ្ងន់ធ្ងរ។ ហេតុ​នេះ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​បង្ក្រាប​បន្ទាន់៖ «៥០៩ គាត់​តាម​ពួក​ខ្ញុំ​ពី​ក្រោយ គាត់​ថា​ពួក​នេះ​មក​ពី​ណា គាត់​គំរាម​ពួក​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ហ៊ាន​ថត​ឈើ​គេ។ ខ្ញុំ​ជិះ​តាម​មាត់​ទន្លេ​ហ្នឹង​ប៉ុស្តិ៍​៧០៩ ហ្នឹង កំពុង​លើក​ឈើ។ តាម​ដង​ទន្លេ​ក៏​កាប់​អស់ ក្នុង​ព្រៃ​ក៏​កាប់​អស់ គេ​កាប់​ចុង​កាប់​គល់ ហើយ​យប់​ឡើង​ខាង​វៀតណាម គេ​មក​ដឹក​ឆ្លង​ទន្លេ»

កាល​ពី​ឆ្នាំ​២០១៣ សហគមន៍​ភូមិ​ភិ ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម បី​នាក់​បាន​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​ជាប់​ព្រំដែន ដោយ​មាន​ការ​ការពារ​ពី​តម្រួត​ព្រំដែន​ខ្មែរ។ ករណី​នេះ អ្នក​ភូមិ​ចាប់​បាន​ជនជាតិ​វៀតណាម បី​នាក់ និង​បាន​ពិន័យ​ជា​ប្រាក់ ២​ពាន់​ដុល្លារ ជា​សំណង​សែន​ព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។