អភិបាល​ខេត្ត​ក្រចេះ​បញ្ជា​ឲ្យ​ម្ចាស់​កំពង់ដ​ឈប់​យក​លុយ​ថ្លៃ​ឆ្លង​ដ​ពី​សិស្សានុសិស្ស

តំណាង​ម្ចាស់​កំពង់ដ​ឫស្សីចារ ឃុំ​ថ្មគ្រែ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ មករា ថា នឹង​យក​តម្លៃ​ពី​អ្នក​ដំណើរ​ដោយ​ផ្អែក​តាម​សៀវភៅ​បន្ទុក។ ការ​សន្យា​របស់​តំណាង​ម្ចាស់​កំពង់ដ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អភិបាល​ខេត្ត​ក្រចេះ បាន​កោះ​ហៅ​ម្ចាស់​កំពង់ដ​ទាំងអស់ ចូល​ពិភាក្សា​អំពី​ការ​យក​ប្រាក់​ឆ្លង​សាឡាង និង​ដាក់​បទបញ្ជា​ឲ្យ​យក​ប្រាក់​ពី​អ្នក​ដំណើរ​តាម​សៀវភៅ​បន្ទុក។

អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង អះអាង​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​កំពង់ដ​ណា ដែល​នៅ​បន្ត​ទារ​ប្រាក់​ពី​សិស្សានុសិស្ស​ដែល​ឆ្លង​សាឡាង។ លោក សរ ចំរុង ជំរុញ​ឲ្យ​ម្ចាស់​កំពង់ដ​ទាំងអស់ អនុវត្ត​កាតព្វកិច្ច​យក​ប្រាក់​ឆ្លង​សាឡាង និង​ទូក​ដ​តាម​សៀវភៅ​បន្ទុក ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​ជាក់លាក់។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ បន្ត​តាម​ដាន​ត្រួត​ពិនិត្យ​បញ្ហា​នេះ​បន្ត​ទៀត៖ «បាន​ឯកភាព​គ្នា​រួច​ហើយ បញ្ហា​សិស្ស​និស្សិត​គ្រូ មន្ត្រី​រាជការ កាល​ណា​បង្ហាញ​កាត ឬ​ប័ណ្ណ​ជា​សិស្ស​មិន​ឲ្យ​យក​លុយ​ទេ​ទូទាំង​ខេត្ត។ ប្រការ​១៣ របស់​ក្រសួង​ហិរញ្ញវត្ថុ គេ​រៀបចំ​ឲ្យ ប៉ុន្តែ​យើង​នៅ​តែ​ត្រួត​ពិនិត្យ​ខ្លាច​នៅ​យក»

ចំណែក​អាណាព្យាបាល​សិស្ស​នៅ​ស្រុក​ព្រែកប្រសព្វ សាទរ​ចំពោះ​ចំណាត់​ការ​របស់​អភិបាល​ខេត្ត ថា​ជា​យន្តការ​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​សិស្ស ដែល​ជា​ផ្នែក​មួយ​ចូលរួម​ទប់ស្កាត់​អត្រា​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​ដែរ។

កន្លង​ទៅ អាណាព្យាបាល និង​សិស្ស ធ្លាប់​បាន​ត្អូញត្អែរ​ពី​ការ​យក​ប្រាក់​ពី​ពួក​គាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។