ប៉ូលិស​ខេត្ត​ព្រៃវែង​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​ចោទ​អធិការ​ស្រុក​ថា​បាញ់​សម្លាប់​បុរស​ម្នាក់

សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មិន​ទាន់​សន្និដ្ឋាន​បាន​លើ​ករណី​ស្លាប់​បុរស​ម្នាក់ ដែល​សាក្សី​អះអាង​ថា បង្ក​ឡើង​ដោយ​អធិការ​ស្រុក​ស្វាយអន្ទរ នៅ​ឡើយ​ទេ។ មន្ត្រី​សមាគម​អាដហុក ឲ្យ​ដឹង​ថា ពេល​ចុះ​អង្កេត​បឋម​មាន​សាក្សី​ជាច្រើន​បង្ហាញ​ថា អធិការ​ស្រុក​ស្វាយអន្ទរ ជា​អ្នក​បង្ក​ហេតុ។

ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ថា ជន​សង្ស័យ​ដែល​ជា​អធិការ​កំពុង​ឃាត់​ខ្លួន​នៅ​ស្នងការដ្ឋាន ហើយ​បាន​សាកសួរ​យក​ចម្លើយ​ខ្លះៗ​ហើយ ក្រោយ​ហេតុការណ៍​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។

ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ស្រេង ជា បញ្ជាក់​ថា ក្រុម​ជំនាញ​កំពុង​ស៊ើប​អង្កេត ហើយ​អាច​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ក្នុង​រយៈពេល ៤៨​ម៉ោង ក្រោយ​ហេតុការណ៍​កើត​ឡើង៖ «រឿង​នេះ​ជំនាញ ហើយ​ការ​ឃាត់​ខ្លួន ខ្ញុំ​ទុក​ឲ្យ​ជំនាញ​ធ្វើ​ហើយ បាន​មូល​រឿង ហើយ​បាន​យើង​សន្និដ្ឋាន​បាន។ ខ្ញុំ​អត់​ទាន់​បាន​ច្បាស់​ទេ​រឿង​ហ្នឹង ចាំ​មើល​បង​ប្អូន​របស់​ជន​រងគ្រោះ តើ​គាត់​មាន​អារម្មណ៍​ថា​ម៉េច?»

បុរស​វ័យ ៣៥​ឆ្នាំ​ឈ្មោះ កិ អ៊ីម នៅ​ភូមិ​តងឡងទី៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយអន្ទរ បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ធ្លុះ​ក្បាល ក្នុង​ហេតុការណ៍​សមត្ថកិច្ច​ប៉ូលិស​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់ និង​លេង​បៀ។ លោក កិ អ៊ីម ដែល​មាន​ប្រពន្ធ​លក់​ភេសជ្ជៈ និង​ទឹក​សុទ្ធ​នៅ​កន្លែង​លេង​ល្បែង​នោះ ត្រូវ​សាក្សី​ខ្លះ​អះអាង​ថា លោក កិ អ៊ីម កំពុង​បី​កូន​អាយុ ៦​ខែ​មើល​គេ​ភ្នាល់​ជល់​មាន់​ក្បែរ​ផ្ទះ ក៏​ត្រូវ​គ្រាប់​តែ​ម្ដង។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី អ៊ាង គឹមលី មាន​ប្រសាសន៍​ថា សមាគម​នឹង​ផ្ដល់​មេធាវី​ដល់​គ្រួសារ​ជន​រងគ្រោះ នៅ​ពេល​សំណុំ​រឿង​នេះ​បញ្ជូន​ដល់​តុលាការ។ អ្នកស្រី​ថា នឹង​ចុះ​អង្កេត​ករណី​នេះ​បន្ថែម​ទៀត ក្រោយ​ពេល​ក្រុម​គ្រួសារ​សព​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួច​រាល់ ប៉ុន្តែ​ការ​ចុះ​អង្កេត​បឋម មាន​សាក្សី​មិន​តិច​ជាង ១០​នាក់​ទេ​ដែល​បញ្ជាក់​ថា លោក​អធិការ​ស្រុក​ស្វាយអន្ទរ លោក ពុំ កាន់ បាន​ដើរ​សំដៅ​ចូល​វង់​ជល់​មាន់​បណ្ដើរ និង​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​បណ្ដើរ៖ «កាល​ពី​មុន យើង​មិន​ដឹង​ច្បាស់​ថា​ជា​នរណា? តែ​ឥឡូវ​សម្ដី​សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​ទាំងអស់ ដោយសារ​កន្លែង​ហ្នឹង​គេ​ទៅ​បញ្ជល់​មាន់​ជុំ​គ្នា គេ​ស្គាល់​ច្បាស់​ថា​ជា​អធិការ​ស្រុក​ស្វាយអន្ទរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភរិយា​ជន​រងគ្រោះ គឺ​លោកស្រី ស៊ឹម ម៉េង ដើម្បី​បញ្ជាក់​បន្ថែម​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ខាង​មុខ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា។

នៅ​ក្នុង​មាត្រា​២០៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​របស់​កម្ពុជា ចែង​ថា បទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ ជន​ល្មើស​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ទៅ ៣០​ឆ្នាំ កាល​បើ​អំពើ​នេះ​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។