មន្ត្រី៖ ករណី​កម្មករ​សន្លប់​នៅ​តាម​រោងចក្រ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៥

ក្នុង​ចំណោម​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ជាច្រើន​របស់​កម្មករ​នៅ​កម្ពុជា ការ​ដួល​សន្លប់​ក៏​ជា​ករណី​កើត​មាន​ជា​រឿយៗ​ពេល​បំពេញ​ការងារ​នៅ​ក្នុង​រោងចក្រ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​តួលេខ​ថា ករណី​រោងចក្រ​ដែល​មាន​កម្មករ​សន្លប់​នេះ​បាន​ថយ​ចុះ។

ក្រុម​ការងារ​ទប់ស្កាត់​ករណី​កម្មករ​និយោជិត​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ឲ្យ​ដឹង​ថា តួលេខ​ករណី​កម្មករ​សន្លប់​នៅ​ឆ្នាំ​២០១៥ បាន​ថយ​ចុះ​ជិត ៦% ស្មើ​នឹង​ថយ ២​ករណី ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ លោក សេង សក្ដា ថ្លែង​ថា ករណី​កម្មករ​សន្លប់​ថយ​ចុះ​ពី ៣៤​រោងចក្រ​ឆ្នាំ​២០១៤ មក​នៅ ៣២​រោងចក្រ​នៅ​ឆ្នាំ​២០១៥៖ «បាតុភាព​កម្មករ​សន្លប់​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន ៣២​រោងចក្រ កម្មករ​និយោជិត​មាន ១.៨០៦​នាក់។ ក្រុម​ការងារ​បាន​ចុះ​អង្កេត​រក​មូលហេតុ​រោងចក្រ​ជួប​ឧប្បត្តិហេតុ និង​កម្មករ​រង​ការ​សន្លប់ ជាទូទៅ​រក​ឃើញ​ថា លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ»

នាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម លោក អ៊ុក សមវិទ្យា បញ្ជាក់​បន្ថែម​ថា ថ្វី​បើ​ចំនួន​រោងចក្រ​មាន​កម្មករ​សន្លប់​ថយ​ចុះ ២​រោងចក្រ ប៉ុន្តែ​ចំនួន​កម្មករ​សន្លប់​នៅ​ប្រហែល​គ្នា​នឹង​ឆ្នាំ​២០១៤ ដដែល។ លោក​ថា មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​កម្មករ​សន្លប់ គឺ​មក​ពី​ការ​ប៉ះពាល់​សារធាតុ​គីមី និង​ការ​ភាយ​ក្លិន​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​កសិករ​បាញ់​ស្រូវ​នៅ​ជិត​រោងចក្រ និង​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការពារ​ក្រណាត់​ខាង​ក្នុង​រោងចក្រ គួប​ផ្សំ​នឹង​សុខភាព​កម្មករ​ខ្សោយ៖ «នៅ​ក្នុង​ការ​អនុវត្ត​របស់​គាត់ យើង​សង្កេត​ឃើញ​ថា គាត់​មិន​បាញ់​ចំ​ថ្ងៃ​ធ្វើ​ការ​ទេ ប៉ុន្តែ​ចំណុច​ខ្សោយ គឺ​គាត់​មិន​បាន​បើក​ចំហ​អគារ​ធ្វើ​ការ អគារ​ផលិតកម្ម​ឲ្យ​មុន​ពេល​កម្មករ​ចូល​ធ្វើ​ការ​ឲ្យ​បាន​យូរ ព្រោះ​គាត់​បើក​ភ្លាម គាត់​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាម អត់​បើក​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់ ១៥​នាទី ក្លិន​នៅ​តែ​មាន កម្មករ​មាន​អារម្មណ៍​អត់​ស្រួល ធ្វើ​ឲ្យ​ទន់​ដៃ​ជើង​សន្លប់»

លោក អ៊ុក សមវិទ្យា បន្ត​ថា តួលេខ​សន្លប់​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៥ អាច​មក​ពី​ការ​ផ្សព្វផ្សាយ និង​យន្តការ​ត្រួត​ពិនិត្យ​បច្ចេកទេស​នៅ​តាម​រោងចក្រ។ លោក​ថា រោងចក្រ​ដែល​មាន​កម្មករ​សន្លប់​ធ្ងន់ធ្ងរ មន្ត្រី​អធិការកិច្ច​ចាត់​វិធានការ​ឲ្យ​ផ្អាក​ផលិតកម្ម​ក៏​មាន។

ទាក់ទង​នឹង​បញ្ហា​សន្លប់​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា យន្តការ​របស់​រដ្ឋ​នៅ​ពេល​បច្ចុប្បន្ន​នេះ នឹង​មិន​អាច​កាត់​បន្ថយ​ករណី​សន្លប់​បាន​ទេ ប្រសិន​បើ​មិន​លើក​កម្ពស់​ជីវភាព​កម្មករ៖ «»។

បច្ចុប្បន្ន​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កំពុង​ផ្ដល់​ការ​ធានា​រ៉ាប់រង​លើ​ហានិភ័យ ឬ​ហៅ​ថា គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​ការងារ ដល់​កម្មករ​ចំនួន​ជា ១​លាន​នាក់ នៅ​តាម​រោងចក្រ​សហគ្រាស​ជិត ៨​ពាន់​នៅ​ទូទាំង​ប្រទេស។

នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) លោក អ៊ុក សមវិទ្យា ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ប.ស.ស បាន​ចំណាយ​ថវិកា​លើ​ការ​ធានា​សម្រាប់​សុខភាព​កម្មករ​ដែល​មាន​គ្រោះថ្នាក់ និង​ស្លាប់​ពាក់ព័ន្ធ​នឹង​ការងារ​ជាង ៣​ម៉ឺន​នាក់ អស់​ទឹក​ប្រាក់​ជាង ៣​លាន​ដុល្លារ។ ដើម្បី​បង្ការ​ការ​សន្លប់​របស់​កម្មករ លោក​នឹង​ណែនាំ​ឲ្យ​មាន​វិធានការ​មួយ​ចំនួន​សម្រាប់​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

ទន្ទឹម​គ្នា​នេះ លោក​ថ្លែង​ថា ជីវភាព​កម្មករ​នឹង​រឹត​តែ​ប្រសើរ​នៅ​ឆ្នាំ​២០១៦ ពេល​ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ផ្ដល់​គម្រោង​ធានា​រ៉ាប់រង​ប្រភេទ​ទី​២ គឺ​ការ​ធានា​រ៉ាប់រង​លើ​សុខភាព។ ចំពោះ​ករណី​កម្មករ​សន្លប់​ដោយសារ​បញ្ហា​សុខភាព​ខ្សោយ លោក អ៊ុក សមវិទ្យា រំពឹង​ថា អាច​នឹង​ថយ​ចុះ ព្រោះ​ពេល​មាន​ការ​ធានា​រ៉ាប់រង​លើ​សុខភាព កម្មករ​និយោជិត​នឹង​មាន​សុខភាព​រឹងមាំ​ជាង​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។