រដ្ឋសភា​ចេញ​សេចក្ដី​សម្រេច​ដោយ​កំណត់​ការ​តាំង​សំណួរ​និង​ចម្លើយ

ប្រធាន​រដ្ឋសភា​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ពាក់ព័ន្ធ​នឹង​ការ​តាំង​សំណួរ និង​ការ​ចោទ​ឆ្លើយ​នៅ​ក្នុង​រដ្ឋសភា កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ បញ្ញត្តិ​នេះ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ហៅ​ថា ជា​ការ​តាក់តែង​ឡើង​ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​បក្ស​នយោបាយ​តែ​ម្ខាង និង​បំពេញ​មហិច្ឆតា​របស់​បុគ្គល​ច្រើន​ជាង​ផល​ប្រយោជន៍​សាធារណៈ។

សេចក្ដី​សម្រេច​ដែល​មាន ៩ មាត្រា បាន​កំណត់​ទិសដៅ​ដ៏​តឹងតែង​ចំពោះ​ការ​តាំង​សំណួរ ចម្លើយ និង​កំណត់​ការ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​របស់​អ្នក​តំណាងរាស្ត្រ។

សេចក្ដី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា មាត្រា ៥ កំណត់​ថា តំណាងរាស្ត្រ​ម្ចាស់​សំណួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ក្នុង​រយៈពេល ៥​នាទី​យ៉ាង​យូរ។ មាត្រា ៤ គឺ​ប្រធាន​រដ្ឋសភា​អាច​បញ្ឈប់​តំណាងរាស្ត្រ​មិន​ឲ្យ​មាន​មតិ​បន្ត​ទៀត ក្នុង​ករណី​និយាយ​លើស​ពេល​វេលា​កំណត់ និយាយ​ចាក​ប្រធាន និង​និយាយ​ដោយ​ប្រើ​ពាក់​សម្ដី​បណ្ដាល​ឲ្យ​មាន​បរិយាកាស​អាប់អួ​នៅ​ក្នុង​រដ្ឋសភា។

នេះ​ជា​លើក​ទី​មួយ​ហើយ ក្នុង​រយៈពេល ៥ អាណត្តិ​មក​នេះ ដែល​រដ្ឋសភា​ចាប់​ផ្ដើម​កំណត់​បទបញ្ញត្តិ​ផ្ទៃ​ក្នុង​របស់​ខ្លួន​លើ​បែបបទ​សួរ ឆ្លើយ​នៅ​ក្នុង​រដ្ឋសភា​ជា​ផ្លូវការ។ ថ្វី​បើ​កន្លង​មក​នេះ ពុំ​ទាន់​មាន​នីតិវិធី និង​បញ្ញត្តិ​ដូច​នេះ​ក៏​ដោយ​ចុះ មាន​តំណាងរាស្ត្រ​មួយ​ចំនួន​របស់​គណបក្ស​ជំទាស់ ធ្លាប់​មាន​ពិសោធន៍​រួច​មក​ហើយ ដែល​ត្រូវ​រាំង​ខ្ទប់​ក្នុង​ការ​សួរ​នាំ ឬ​ការ​តាំង​សំណួរ​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ម្តងៗ។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​អះអាង​ថា ធ្លាប់​មាន​ពិសោធន៍​រឿង​ការ​សួរ​ដេញដោល​នៅ​ក្នុង​សម័យ​សភា​ប្រជុំ​ពេញ​អង្គ​អស់​ពេល​ជា​ច្រើន​អាណត្តិ​ណាស់​មក​ហើយ​នោះ ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ប្រធាន​រដ្ឋ​សភា​នៅ​ពេល​នេះ​ថា ជា​ការ​ធ្វើ​ឲ្យ​រួម​តួច​បន្ថែម​ទៀត​នូវ​សិទ្ធិ​សំដែង​មតិ ជាពិសេស​នោះ បញ្ញត្តិ​នេះ​គឺ​ជា​បម្រាម​ថ្មី​មួយ​ទៀត​ទៅ​វិញ​ទេ។ ជាង​នេះ​ទៀត លោក សុន ឆ័យ យល់​ឃើញ​ថា វា​ជា​បញ្ញត្តិ​ដែល​ធ្វើ​ឡើង​បម្រើ​ឲ្យ​ផលប្រយោជន៍​បក្ស​នយោបាយ​ច្រើន​ជាង និង​ជា​សេចក្ដី​សម្រេច​ប្រាស​ចាក​គោលការណ៍​ដែល​គាំពារ​ដោយ​ច្បាប់​ថែម​ទៀត​ផង៖ «»។

លោក សុន ឆ័យ បន្ត​ថា កំហិត​សំណួរ និង​ពេល​វេលា​នៃ​ការ​និយាយ​របស់​អ្នក​តំណាង​បក្ស​ជំទាស់ គឺ​ជា​​ការ​រំលោភ​ទៅ​លើ​សិទ្ធ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត ដែល​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត ឬ​ធ្វើ​ជា​តំណាង​នៅ​ក្នុង​សភា។

កាល​ពី​អាណត្តិ​ទី​៤ រដ្ឋសភា​ធ្លាប់​បាន​កំណត់​គោលការណ៍​នៃ​បទបញ្ជា​ផ្ទៃក្នុង​ម្ដង​រួច​មក​ហើយ​ដែរ។បម្រាម​នៅ​ពេល​នោះ គឺ​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​នៅ​ក្នុង​សភា​មុន​នឹង​ចង់​បញ្ចេញ​មតិ ឬ​តតាំង​ទៅ​លើ​អ្វី​មួយ គឺ​ត្រូវ​មាន​សមាជិក​ប្រមាណ ១០​នាក់​ក្នុង​មួយ​ក្រុម។

យ៉ាង​នេះ​ក្ដី រដ្ឋធម្មនុញ្ញ មាត្រា ៩៦ ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។សំណួរ​នេះ ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ប្រគល់​ជូន​តាមរយៈ​ប្រធាន​រដ្ឋសភា។

បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បញ្ញត្តិ​ដែល​ចេញ​ដោយ​រដ្ឋសភា​នៅ​ពេល​នេះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​អ្វី​ដែល​ធានា​ដោយ​ច្បាប់។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត មាន​ប្រសាសន៍​ថា ការ​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​កំហិត​ដូច​នេះ ប្រឆាំង​អ្នក​និយាយ​ច្រើន វា​ជា​ហេតុផល​មិន​ល្អ​ទៅ​វិញ​សម្រាប់​គណបក្ស​មាន​សំឡេង​ភាគ​ច្រើន។ លោក អ៊ូ វីរៈ យល់​ថា រដ្ឋសភា​គួរ​បើក​សិទ្ធិ​ឲ្យ​បាន​ទូលាយ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រក​ខុស​រក​ត្រូវ​វិញ​ល្អ​ជាង។ ម្យ៉ាង​ទៀត ការ​បិទ​ខ្ទប់​សិទ្ធិ​បែប​នេះ នឹង​អាច​ប៉ះពាល់​ដល់​បរិយាកាស​ផ្នែក​នយោបាយ​ទៅ​វិញ​ទេ ដោយ​ហេតុ​ថា ពួក​គេ​បាត់បង់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ឋានៈ​ជា​តំណាងរាស្ត្រ​ដែល​មិន​អាច​បញ្ចេញ​មតិ​នៅ​ក្នុង​សភា​បាន៖ «»។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ជំទាស់​បញ្ជាក់​ថា ក្នុង​រយៈពេល ៣​អាណត្តិ​ចុង​ក្រោយ​នេះ ស្ថានភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​រដ្ឋសភា កាន់​តែ​ត្រូវ​បាន​រឹត​ត្បិត​ទៅៗ ហើយ​ការ​ស្នើ​សុំ​កែ​អ្វី​មួយ​លែង​មាន​ប្រសិទ្ធភាព​ដូច​ក្នុង​អាណត្តិ​ទី​មួយ​ទៀត​ហើយ។

ឧទាហរណ៍​មួយ​ក្នុង​ករណី​នេះ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ក្រោយ​កិច្ច​ប្រជុំ​សភាព​ពេញ​អង្គ កាល​ពី​ថ្ងៃ​ទី​១៣ មករា ថា លោក​បាន​ព្យាយាម​ស្នើ​សុំ​លោក ហេង សំរិន ចំនួន ២​ដង ដើម្បី​បញ្ចេញ​មតិ ក៏​ប៉ុន្តែ​មិន​ត្រូវ​បាន​ប្រធាន​រដ្ឋសភា​ផ្ដល់​ឱកាស​ឲ្យ​ណា​មួយ​នោះ​ទេ។

មាត្រា ៤ នៃ​សេចក្ដី​សម្រេច​របស់​រដ្ឋសភា​កំណត់​ថា ចំពោះ​ចម្លើយ​ផ្ទាល់​មាត់ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឲ្យ​មាន ឬ​មិន​ឲ្យ​មាន​ការ​ជជែក​ដេញដោល​បាន។ បន្ថែម​ពី​លើ​នេះ​ទៀត បើ​ពុំ​បើក​ឲ្យ​ជជែក​ដេញដោល​ទេ នោះ​ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​នឹង​បញ្ចប់​សំណួរ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។