បក្ស​ប្រឆាំង​ស្នើ​ឲ្យ​មន្ត្រី​និង​សកម្មជន​កុំ​បញ្ចេញ​មតិ​ជេរ​ប្រមាថ​លើ​បណ្ដាញ​សង្គម

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ក្រុម​ដឹក​នាំ មន្ត្រី សកម្មជន និង​អ្នក​គាំទ្រ​ខ្លួន កុំ​ឲ្យ​បញ្ចេញ​មតិ​ជេរ​ប្រមាថ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

លិខិត​អំពាវនាវ​របស់​បក្ស​ប្រឆាំង ចុះ​ថ្ងៃ​ទី​១៣ មករា លើក​ឡើង​ថា ដោយ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន ការ​បញ្ចេញ​មតិ​យោបល់ ឬ​ការ​រិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​មាន​លក្ខណៈ​អសីលធម៌ អសុរោះ ជេរ​ប្រមាថ ប្រើ​រូបភាព​ប្រមាថ ដែល​នាំ​ឲ្យ​សង្គម​ខ្មែរ​មាន​ការ​បែក​បាក់ ធ្លាក់​ចុះ​នូវ​ភាព​ថ្លៃថ្នូរ និង​បាត់បង់​កិត្យានុភាព​ជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​មន្ត្រី សកម្មជន និង​អ្នក​គាំទ្រ​ទាំងអស់ រក្សា​នូវ​ភាព​ថ្លៃថ្នូរ ដោយ​មិន​ជេរ​ប្រមាថ មិន​ប្រើ​រូបភាព​ប្រមាថ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ ឬ​រិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ស្វែងរក​នូវ​ការ​ផ្សះផ្សា និង​ឯកភាព​ជាតិ។

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដែល​រូបថត​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថត​នៅ​មាត់​សមុទ្រ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាត់​ត​ឲ្យ​ឈរ​កន្ធែក​ជើង ដែល​បង្ហាញ​លក្ខណៈ​មិន​សម​ជា​នារី​ខ្មែរ​នោះ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា ការ​កាត់​ត​រូបភាព​នោះ ជា​ទង្វើ​របស់​បក្ស​ប្រឆាំង ប៉ុន្តែ​បក្ស​ប្រឆាំង​លើក​ឡើង​ថា ពួក​គេ​តែង​ណែនាំ​សកម្មជន​ខ្លួន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។