ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូដូ វីដូដូ (Joko Widodo) បានប្រកាស បានការបំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ កណ្ដាល​រដ្ឋធានី​ចាការតា នៅថ្ងៃព្រហស្បត្តិ៍ ដែលបង្កឲ្យមានមនុស្សស្លាប់ យ៉ាងហោច៦នាក់នោះ គឺជា​«ទង្វើ​ភេរវកម្ម»។
ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»
ការបំផ្ទុះគ្រាប់បែក នៅក្បែរប៉ុស្ដ៍នគរបាល បណ្ដាលឲ្យមានមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែង។ (រូបថតទ្វីសធើរ)

«ប្រជាជាតិ និងប្រជាជនរបស់យើង មិនមានភាពតក់ស្លុតទេ។ យើងនឹងមិនចុះចាញ់ នូវទង្វើភេរវកម្ម​ទាំង​នេះ​ឡើយ។» នេះជាការប្រកាសរបស់លោក ចូដូ វីដូដូ (Joko Widodo) នៅតាមកញ្ចក់ទូរទស្សន៍ «Metro TV» ដោយ​បានបន្ថែមថា អាជ្ញាធរឥណ្ឌូនេស៊ី សូមធ្វើការថ្កោលទោស នូវសកម្មភាពបំផ្ទុះគ្រាប់បែក ដែល​បាន​បង្ក​ឲ្យ​ខូច​ដល់​សណ្ដាប់ធ្នាប់ និងការភ័យភិត ដល់ប្រជាពលរដ្ឋ។

របាយការណ៍ចុងក្រោយ បានអះអាងថា យ៉ាងហោចមនុស្ស៧នាក់ ក្នុងនោះ៥នាក់ ជាជនខ្មាន់កាំភ្លើង បាន​ស្លាប់​​នៅក្នុងព្រឹត្តិការណ៍ បំផ្ទុះគ្រាប់បែក ជាច្រើនគ្រាប់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅពីមុខហាងកាហ្វេ «Starbucks» កណ្ដាលរដ្ឋធានីចាការតា។ រីឯជនរងគ្រោះពីរនាក់ទៀត មានម្នាក់ជាជនជាតិហូឡង់ និងជា​មន្ត្រី​របស់​អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសហូឡង់ ទើបនឹងធ្វើការទទួលស្គាល់ ពីដំណឹងនេះ នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយរ របស់ខ្លួន។

បើតាមការអះអាងផ្សេងទៀត របស់មន្ត្រីនគរបាល និងរបស់សាក្សីនៅក្នុងហេតុការណ៍ បានអះអាងថា មាន​មនុស្ស​៦នាក់ បានស្លាប់នៅនឹងកន្លែង មាន៣នាក់ ជាជនស៊ីវិល និង៣នាក់ជានគរបាល។

» វីដេអូ បង្ហាញពីការបំផ្ទុះមួយ នៅពីមុខអាគារពាណិជ្ជកម្ម នៃរដ្ឋធានី ចាការតា៖

នៅក្នុងរូបភាព ដែលផ្សាយតៗគ្នា នៅតាមបណ្ដាញសង្គម និងនៅតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញ ពីរូបរាង​ស្ដូកស្ដឹងរបស់ជនរងគ្រោះ នៅលើផ្លូវថ្នល់។ សម្លេងផ្ទុះ ចំនួន៦ដង ត្រូវបានឮ និងផ្ទុះឡើងជាបន្តបន្ទាប់គ្នា មុន​នឹង​ការផ្ទុះអាវុធជាច្រើនគ្រាប់ បានកើតឡើងតាមក្រោយ។ អ្នកនាំពាក្យនគរបាល លោក «Anton Charliyan» បានអះអាងថា៖ «នៅពេលនេះ ការផ្ទុះអាវុធបានបញ្ចប់ទៅហើយ។ យើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (...) តែយើងនៅសង្ស័យ ថានឹងអាចមានការផ្ទុះអាវុធជាថ្មីទៀត»។

ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»

អ្នកយកព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) បាននិយាយថា ក្រុមកងកម្លាំងប្រដាប់ឲ្យអាវុធ បាន​ប្រាប់​ឲ្យ​បណ្ដាជន​ចេញឲ្យឆ្ងាយ និងបានជម្លៀសជនរងគ្រោះ ដែលស្ថិតនៅលើដងផ្លូវចេញ ហើយឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង បានហោះ ពីលើតំបន់ដែលកើតហេតុ។

ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»

នៅមិនទាន់ មានការប្រកាសទទួលស្គាល់...

រហូតមកដល់ម៉ោងនេះ នៅមិនទានមានការអះអាង ឬការប្រកាសទទួលស្គាល់ ពីការវាយប្រហារនេះ នៅ​ឡើយ។ អាជ្ញាធរបានឲ្យដឹងថា នគរបាលឥណ្ឌូនេស៊ី ត្រូវបានប្រកាស ឲ្យស្ថិតក្នុងសភាពត្រៀមជើងការ នៅ​ក្នុង​បុណ្យ​ឆ្លងឆ្នាំសកល កន្លងមកនេះ បន្ទាប់ពីបានបំបែក នូវគម្រោងធ្វើភេរវកម្មមួយ របស់ក្រុមអ៊ីស្លាមនិយជ្រុល ដែល​ត្រៀម​វាយ​ប្រហារ នៅរដ្ឋធានីចាការតា នៅចំថ្ងៃបុណ្យចូលឆ្នាំតែម្ដង។

កាលពីខែធ្នូកន្លងទៅ អាជ្ញាធរក៏បានឃាត់ខ្លួន ជាមួយនឹងវត្ថុតាងជាច្រើន  នូវមនុស្សចំនួន៥នាក់ ដែលត្រូវ​បាន​សង្ស័យ ថា​បានចូលរួម​នៅក្នុងបណ្ដាញមួយ ដែលស្និតនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) និងជាប់ពាក់ព័ន្ធ នឹងបណ្ដាញអ៊ីស្លាមជ្រុលនិយម «Jemaah Islamiyah» ដែលជាបណ្ដាញ ធ្លាប់ធ្វើភេរវកម្មដ៏រង្គាល នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចហើយ នៅក្នុងយុទ្ធនាការ ប្រឆាំងនឹងភេរវកម្ម រាប់​ចាប់​តាំងពីភេរវកម្ម នៅលើ​កោះបាលី នាឆ្នាំ២០០២ ដែលបានសម្លាប់មនុស្ស២០២នាក់។ តាំងពីពេល​នោះ​មក ប្រទេសនេះមិន​បាន​ស្គាល់​ភេរវកម្ម អ្វីធំដុំទៀតឡើយ ក្រៅតែពីភេរវកម្មកាលពីឆ្នាំ២០០៩ ដែលធ្វើ​ឡើង​ប្រឆាំង នឹងសណ្ឋាគារ​ទំនើប​មួយ នៅ​រដ្ឋធានី​ចាការតា បង្កឲ្យមានមនុស្សស្លាប់៩នាក់៕

---------

» តើការបំផ្ទុះគ្រាប់បែក នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កើតឡើងនៅទីណា នៃរដ្ឋធានីចាការតា?

ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»