គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើក​កិច្ចប្រជុំ ពិនិត្យ​លើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

ភ្នំពេញ: ​ដូច​ការគ្រោងទុក គឺ​នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការធ្វើវិសោធកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ក្រសួងមហាផ្ទៃ​។​

​សូមជម្រាបថា ក្រុមការងារ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ តែ​មិនមាន​លទ្ធផល​អ្វី ដែល​ត្រូវបាន​ប្រកាស​ចេញ​នោះទេ​។​

​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីសម្រេច បង្កើត​ក្រុមការងារ សម្រាប់​រៀបចំ​វិសោធនកម្ម​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​។​

​ការប្រជុំ​ពិនិត្យ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាង​ដូច្នេះ បានធ្វើ​ឡើង ខណៈដែល​ការអនុវត្ត​ច្បាប់ ចាប់ពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន សម្រេច​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​។ ក្នុងនោះ រួមមាន ការលុបចោល​ប័ណ្ណបើកបរ​ម៉ូតូ កម្រិត ១២៥ CC ចុះក្រោម និង​មិន​តម្រូវ​ឲ្យ​មានការ​កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ម៉ូតូ​ឡាន ដែល​ទិញ​ត​ច្រើន​ដំណ ជាដើម​៕​