ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ព្រះវិហារ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ តំណាង​ឲ្យ ២៥៣​គ្រួសារ នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា នេះ បាន​លើក​គ្នា​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់​បាន​ទៅ​រស់​នៅ​លើ​ដី​ដែល​មាន​ទំនាស់​នោះ​វិញ។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ តំណាង​ឲ្យ ២៥៣​គ្រួសារ មក​ពី​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​វត្ត​សាមគ្គីរង្សី អះអាង​ថា ធ្លាប់​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជា​ច្រើន​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ។

​តំណាង​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​អ្នក​រស់​នៅ​តំបន់​ស្វាយជ្រំ គឺ​លោក ផាន់ ធឿន បាន​ឲ្យ​ដឹង​ថា បញ្ហា​ទំនាស់​ដីធ្លី​កើត​ឡើង​ចាប់​ពី​ឆ្នាំ​២០១២ មក ដោយសារ​អាជ្ញាធរ​ព្រះវិហារ រួម​នឹង​សាលា​ខេត្ត​នេះ បាន​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្វាយជ្រំ ព្រម​ទាំង​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រុះរើ​លំនៅឋាន ហើយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ឲ្យ​ចាក​ចេញ​ពី​ភូមិ​នេះ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ថា​តើ​យក​ដី​នោះ​ទៅ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នោះ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ទោះ​ជា​ប្រជាពលរដ្ឋ​ធ្លាប់​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ តែ​ហាក់​ដូចជា​គ្មាន​ន័យ និង​គ្មាន​ប្រសិទ្ធភាព។ ម្យ៉ាង​ទៀត ថ្មីៗ​នេះ លោក​ទទួល​ដំណឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​លោក ស ខេង ដោះស្រាយ​ទើប​ប្រជាពលរដ្ឋ​ឆ្ពោះ​មក​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ពន្លឿន​ដោះស្រាយ​​ឲ្យ​ពួកគាត់​ឆាប់​បាន​ត្រឡប់​ទៅ​វិញ៖ «គាត់​មិន​អាច​ដោះដូរ​ទីតាំង​ក្រៅ​ពី​ភូមិ​ចាស់​របស់​គាត់​បាន​ទេ ដូច្នេះ​គាត់​ជឿជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​មិន​ធ្វើ​ឲ្យ​ពួកគាត់​អស់​សង្ឃឹម​ទៀត​ទេ»

តំណាង​អ្នក​ភូមិ និង​ជា​អតីត​មេភូមិ​នៅ​តំបន់​ស្វាយជ្រំ ម្នាក់​ទៀត លោក កាន់ ញឹម បញ្ជាក់​ទៀត​ថា បញ្ហា​ដីធ្លី​នេះ ដំបូង​ឡើយ តំណាងរាស្ត្រ​ខេត្ត​ព្រះវិហារ លោក សួស យ៉ារ៉ា បាន​មក​សុំ​ដី​ប្រជាពលរដ្ឋ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​ប្រវែង ៥០០​ម៉ែត្រ ជម្រៅ​ចូល​ទៅ​ក្នុង ៥០០​ម៉ែត្រ ដែល​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តែ​ដោយសារ​ពលរដ្ឋ​មិន​ព្រម​ទើប​ឈាន​ដល់​ការ​រុះរើ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ។

​លោក​បន្ត​ថា ចាប់​ពី​អាជ្ញាធរ​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ ពួកគាត់​មិន​មាន​ដី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ៖ «ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ រស់​នៅ​លំបាក​ខ្លាំង ខ្លះ​ទៅ​ចំណាក​ស្រុក​នៅ​ថៃ ខ្លះ​ធ្វើការ​ឲ្យ​គេ ខ្លះ​ឈឺ​ធ្ងន់ ខ្លះ​ស្លាប់ អ៊ីចឹង​លំបាក​ណាស់ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ឆាប់​ដោះស្រាយ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញ​ការ​ដាក់​ញត្តិ​ទាមទារ​របស់​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា។ ប៉ុន្តែ​បើ​តាម​តំណាង​ប្រជាពលរដ្ឋ លោក ផាន់ ធឿន ដែល​បាន​យក​ញត្តិ​ទៅ​ដាក់​ អះអាង​ថា តំណាង​មន្ត្រី​នៃ​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​មក​ទទួល​ញត្តិ ដោយ​អះអាង​ថា នឹង​ធ្វើ​សំណុំរឿង​ដីធ្លី​នេះ​បញ្ចប់ រួច​ផ្ដល់​ចម្លើយ​មក​ប្រជាពលរដ្ឋ​វិញ​នៅ​សន្តាប​ក្រោយ។ ចំណែក​ឯ តំណាងរាស្ត្រ​ខេត្ត​ព្រះវិហារ លោក សួស យ៉ារ៉ា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បាន​នៅ​ឡើយ​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា វិបត្តិ​ដីធ្លី​កាន់​តែ​មាន​ភាព​តានតឹង​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​ការ​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ និង​ផ្ដល់​សំណង​មិន​តាម​តម្លៃ​ទីផ្សារ ទើប​ការ​តវ៉ា​ចេះ​តែ​បន្ត​មាន​ជា​បន្តបន្ទាប់។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ​តំបន់​នោះ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ស្ថានភាព​នោះ​យ៉ាង​ណា​ខ្លះ៖ «គួរ​តែ​ចុះ​ទៅ​ពិនិត្យ​មើល​ឡើង​វិញ​ទីតាំង​ទំនាស់ ហើយ​ប្រសិនបើ​ពិនិត្យ​ឃើញ​ថា ដូច​ការ​តវ៉ា​មែន គួរតែ​ដោះស្រាយ​ជូន​ពលរដ្ឋ»

​ពលរដ្ឋ​ដែល​មាន​វិវាទ​រស់នៅ​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត មាន​ជាង ២៥០​គ្រួសារ ពាក់ព័ន្ធ​ដី​លំនៅឋាន​ដីស្រែ និង​ដីចម្ការ​សរុប​ជិត ៦០០​ហិកតារ។ ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​រស់​នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៩៩ ក្នុង​ភូមិ​ចាស់​ឈ្មោះ​ភូមិ​ឫស្សី ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឈ្នះក្ដី​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២។ នៅ​ឆ្នាំ​២០១០ អាជ្ញាធរ​ខេត្ត​បាន​បណ្ដេញ​អ្នក​ភូមិ​ដោយ​ចោទ​ថា រស់​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ ហើយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២ អាជ្ញាធរ​ខេត្ត​បាន​ប្រើ​កម្លាំង​ទាហាន និង​កម្លាំង​អាជ្ញាធរ ឈូស​ឆាយ និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​រុះរើ​វត្ត​គិរីស្វារៈឫស្សីវ័ន្ត ហៅ​វត្ត​ស្វាយជ្រំ ចាប់​ព្រះសង្ឃ​នៅ​វត្ត​ផ្សឹក ព្រម​ទាំង​រុះរើ​សាលារៀន​ទៀត​ផង។

​ពលរដ្ឋ​មួយ​ចំនួន​បាន​ទទួល​យក​គោលនយោបាយ​ពី​អាជ្ញាធរ​ខេត្ត ដែល​ឲ្យ​ដី​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ១០០​ម៉ែត្រ ក្នុង​មួយ​គ្រួសារ ពី​ទីតាំង​ចាស់​ជិត ១០​គីឡូម៉ែត្រ។ ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​ថា ទីកន្លែង​នោះ​ជា​តំបន់​ព្រៃ និង​ចម្ការ​មីន ហើយ​គ្មាន​ហេដ្ឋារចនាសម្ពន្ធ។

តំណាង​ពលរដ្ឋ​ទាំង​អស់​អះអាង​ថា នឹង​មិន​ត្រឡប់​ទៅ​វិញ​ឡើយ លុះ​ណា​មាន​ដំណោះស្រាយ​ជាក់លាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ​នឹង​នាំ​គ្នា​ហែ​ញត្តិ​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។