លោក ហ៊ុន សែន ណែនាំ​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ដាក់​ខ្លួន​បម្រើ​ពលរដ្ឋ​ពេល​មាន​ឋានៈ​ខ្ពស់

លោក ហ៊ុន សែន រំលឹក​ថា នៅ​ឆ្នាំ​១៩៨៥ កាល​ណោះ​លោក​​ទើបតែ​មាន​អាយុ ៣២​ឆ្នាំ​នៅ​ឡើយ។ លោក​ត្រូវ​បាន​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម ជ្រើសរើស​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា។

បើ​ទោះ​ជា​យ៉ាង​ណា តំណែង​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ខិតខំ​ថែរក្សា​តាំង​ពី​ពេល​នោះ​មក រហូត​មក​ទល់​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​លោក​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​លើ​ពិភពលោក​ក្ដី ក៏​លោក​បន្ត​ប្ដេជ្ញា​ថា នឹង​ថែរក្សា​តំណែង​នេះ​រហូត​ដល់​ពេល​មួយ​ដែល​លោក​ថា ពលរដ្ឋ​ឈប់​បោះ​ឆ្នោត​ឲ្យ​លោក។

នៅ​ចំ​ថ្ងៃ​ខួប ៣១​ឆ្នាំ នៃ​ការ​លើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន លោក​នាយករដ្ឋមន្ត្រី​ចាស់​វស្សា​រូប​នេះ​បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​រម្លឹក​ពី​ប្រវត្តិ​ដែល​លោក​ត្រូវ​បាន​បក្ស​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស។ លោក​ថា លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​គ្មាន​សំឡេង​ប្រឆាំង សូម្បី​មួយ​សំឡេង​ឡើយ។ ប្រការ​នេះ លោក​ថា គឺ​ខុស​ពី​នាយករដ្ឋមន្ត្រី ២​រូប​មុន​លោក គឺ​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដែល​ទទួល​បាន​សំឡេង​ប្រឆាំង​មិន​តិច​ជាង ៥​សំឡេង​​នោះ​ឡើយ​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន ក៏​មិន​ភ្លេច​លើក​ឡើង​នូវ​ទ្រឹស្ដី​របស់​លោក​ដែល​ថា មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ដោយ​រដ្ឋាភិបាល​មិន​បាន​ដឹង មិន​បាន​ដោះស្រាយ​នោះ​ឡើយ។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ដែល​ពេល​នេះ​មាន​អាយុ ៦៣​ឆ្នាំ​ទៅ​ហើយ​នោះ បាន​រៀបរាប់​ច្រើន​ពី​ជីវិត​គ្រួសារ និង​ការ​លំបាក​របស់​លោក​ក្នុង​ពេល​លោក​ដឹកនាំ​ប្រទេស​ផង និង​មើល​ថែទាំ​កូន​ចៅ​តូចៗ​ក្នុង​បន្ទុក​ផង​នោះ។ នៅ​ចុង​បញ្ចប់​នៃ​សារ​របស់​លោក ហ៊ុន សែន បាន​ផ្ដាំផ្ញើ​មនុស្ស​ជំនាន់​ក្រោយ​ត្រូវ​ដាក់​ខ្លួន​បម្រើ​ប្រជាជន​ពេល​មាន​ឋានៈ​ខ្ពស់ និង​មិន​ត្រូវ​វាយឫក​ខុស​របៀប​ឡើយ។

ទាក់ទង​នឹង​ការណែនាំ​របស់​លោក ហ៊ុន សែន នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មេដឹកនាំ​ខ្មែរ​ហាក់​និយាយ​ផ្សេង​តែ​ធ្វើ​ផ្សិង​ទៅ​វិញ។ លោក​ថា កន្លង​មក​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ពី​លោក ហ៊ុន សែន គឺ​មាន​តែ​ការ​គំរាម​អំពី​សង្គ្រាម ការ​ចោទ​ប្រកាន់​អ្នក​ប្រឆាំង ឬ​ចាប់​អ្នក​តវ៉ា​ដាក់​គុក​ជាដើម ដែល​វា​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​ថា ដាក់​ខ្លួន​បម្រើ​ប្រជាជន​នោះ។

ជុំវិញ​ការ​កាន់​អំណាច​យូរ​របស់​លោក ហ៊ុន សែន វិញ លោក​បណ្ឌិត មាស នី កត់សម្គាល់​ថា នៅ​ប្រទេស​ដទៃ​ដូចជា​សិង្ហបុរី (Singapore) ជាដើម ក៏​មាន​ការ​កាន់​អំណាច​យូរ​ត​ពី​ឪពុក​ដល់​កូន​ដែរ ប៉ុន្តែ​គេ​អាច​អភិវឌ្ឍ​ប្រទេស​គេ​ឲ្យ​រីកចម្រើន​ក្លាយ​ជា​ប្រទេស​ខ្លាំង​មួយ​ក្នុង​តំបន់ ដែល​វា​ផ្ទុយ​ពី​នៅ​កម្ពុជា៖ «សម្រាប់​ប្រទេស​ខ្មែរ​យើង​ឃើញ​ថា ក្រោម​ការ​ដឹកនាំ​ជាង ៣០​ឆ្នាំ​នេះ អ្នកដឹកនាំ​ខ្មែរ​នៅ​ថ្នាក់​កំពូលៗ គឺ​ឃើញ​តែ​នាំគ្នា​មូល​ផ្ដុំ​តែ​គ្រួសារ​ខ្លួន​ឯង លើក​បន្តុប​គ្រួសារ​ខ្លួនឯង​ឲ្យ​កាន់​តំណែង​នានា ស្ទើរតែ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់ ហើយ​បើសិនជា​យើង​មើល​រដ្ឋមន្ត្រី​វិញ នៅ​ក្នុង​ក្រសួង​នីមួយៗ ក៏​គេ​ដាក់​កូនចៅ កូន​ក្មួយ​របស់​គេ​ជា​បន្តបន្ទាប់។ ការ​កាន់​អំណាច​នៅ​ស្រុក​យើង​នេះ វា​ខុស​ពី​ការ​កាន់​អំណាច​យូរ​នៅ​សិង្ហបុរី»

ទាក់ទង​នឹង​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន នេះ​ដែរ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ឆ្នាំ​២០១៥ បាន​ចេញ​របាយការណ៍​កម្រាស់​ជាង ៧០​ទំព័រ រៀបរាប់​ពី​ប្រវត្តិ និង​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល ៣​ទសវត្សរ៍។

របាយការណ៍​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៦ ក្នុង​ចំណោម​អ្នកដឹកនាំ​កាន់​តំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ ពួកគេ​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​យូរ​បាន​រហូត​មក​ទល់​សព្វថ្ងៃ ដោយសារ​តែ​ការ​ប្រើ​អំពើ​ហិង្សា ការ​ក្ដោបក្ដាប់​លើ​កងកម្លាំង​ប្រដាប់​អាវុធ ការ​បន្លំ​សន្លឹកឆ្នោត ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​តុលាការ ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ដោយសារ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បរទេស​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។