ពលរដ្ឋ​ខេត្ត​ប៉ៃលិន​ជាង​៣០​នាក់​ដុត​កង់​ឡាន​ប្រឆាំង​នឹង​ការ​អនុវត្ត​សាលក្រម​របស់​តុលាការ

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ៃលិន ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា នាំ​គ្នា​ទៅ​ជួយ​តវ៉ា​ដុត​កង់​ឡាន​ប្រឆាំង​នឹង​ការ​អនុវត្ត​សាលក្រម​របស់​តុលាការ ដើម្បី​ឲ្យ​បញ្ឈប់​រុះរើ​ផ្ទះ និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ជា ឆេន។ ពលរដ្ឋ​លើក​ឡើង​ថា ការ​អនុវត្ត​សាលក្រម​នេះ ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ និង​បណ្ដេញ​គ្រួសារ​គាត់​ចេញ​ពី​ផ្ទះ​ទាំង​បង្ខំ។

លោក ជា ឆេន ថ្លែង​ពី​កន្លែង​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលក្រម​នៅ​ថ្ងៃ​ទី​១៤ មករា ថា ផ្ទះ និង​ដី​របស់​លោក​ទំហំ ៦០​ម៉ែត្រ​គុណ​នឹង ១០០​ម៉ែត្រ នៅ​ភូមិ​អូរតាពុកលើ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ត្រូវ​បាន​អ្នក​មាន​ទ្រព្យ​ធន​នៅ​ខេត្ត​បន្ទាយមានជ័យ ម្នាក់​ឈ្មោះ លោក សុខ រ៉ាថន ណែនាំ​យក​ទៅ​ដាក់​ខ្ចី​ប្រាក់​រួម​គ្នា​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ ចំនួន ១៥​ម៉ឺន​ដុល្លារ ដោយ​ប្រើ​ឈ្មោះ​តែ​មួយ ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ អេ.អិន.ហ្សិត (ANZ ROYAL) សាខា​ខេត្ត​បាត់ដំបង ប៉ុន្តែ​លោក​ថា លោក សុខ រ៉ាថន បាន​លួច​ក្លែង​ឯកសារ​ខ្ចី​ប្រាក់ ១​លាន​ដុល្លារ ដោយ​លោក​ពុំ​បាន​ដឹង​នោះ​ទេ៖ «ខ្ញុំ​សុំ​ប្ដឹង​តវ៉ា​រឿង​សើរើ​ឡើង​វិញ​ឲ្យ​អស់​ចិត្ត បើ​សិន​ជា​ប្ដឹង​ទៅ​ខ្ញុំ​ចាញ់​ក្ដី គឺ​ខ្ញុំ​មិន​ជំទាស់​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក សុខ រ៉ាថន អះអាង​ថា ការ​ខ្ចី​ប្រាក់​នោះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ទាំង​សង​ខាង គឺ​លោក​ពុំ​បាន​ក្លែង​ឯកសារ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «រឿង​នេះ ដោយសារ​គាត់​មាន​បញ្ហា​សេដ្ឋកិច្ច​គ្មាន​ប្រាក់​បង់​ទៅ​ឲ្យ​ធនាគារ​ទាន់​ពេល​ទេ គឺ​ពុំ​មែន​ជា​កំហុស​របស់​ខ្ញុំ ឬ​ក៏​ធនាគារ​ឡើយ»

រីឯ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន លោក ជុំ សែនសុទ្ធា មាន​ប្រសាសន៍​ថា រឿង​ក្ដី​នោះ សាលា​ដំបូង​ខេត្ត​បាត់ដំបង សាលា​ឧទ្ធរណ៍ និង​សាលា​កំពូល បាន​សម្រេច​ឲ្យ​ធនាគារ​ឈ្នះ​ក្ដី គឺ​ពុំ​មែន​តុលាការ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​ដី​ដូច​ការ​លើក​ឡើង​នោះ​ទេ៖ «អ៊ីចឹង​ថ្ងៃ​នេះ​ត្រូវ​តែ​អនុវត្ត​សាលក្រម​របស់​តុលាការ ហើយ​ខ្ញុំ​អនុវត្ត​ដូចជា​បី​ដង​ហើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ប៉ៃលិន អ្នកស្រី ប្រាក់ ភីម៉ា ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទី​កន្លែង​នោះ មាន​ប្រសាសន៍​ថា រឿង​ក្ដី​នេះ​មាន​ភាព​អយុត្តិធម៌​មក​លើ​ភាគី​ម្ចាស់​ផ្ទះ ពីព្រោះ​រូប​គាត់​ស្ថិត​ក្នុង​ដំណើរ​ការ​ប្ដឹង​ឲ្យ​តុលាការ​ជួយ​សើរើ​នៅ​ឡើយ៖ «ភាគី​ខាង​គាត់​ហ្នឹង គឺ​ជា​ជន​រងគ្រោះ​តែ​ម្តង ដោយសារ​តែ​គាត់​មិន​បាន​ខ្ចី​លុយ​ធនាគារ​ទេ គឺ​គាត់​ចាញ់​បោក​ម្នាក់​ឈ្មោះ សុខ រ៉ាថន ហ្នឹង​ទេ។ ហើយ​ពាក់ព័ន្ធ​រឿង​ហ្នឹង តុលាការ​គួរ​ពិចារណា»

អ្នកស្រី​បន្ត​ថា ការ​តវ៉ា​នេះ​សមត្ថកិច្ច​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត និង​អង្គការ​សង្គម​ស៊ីវិល ចូល​ឃ្លាំ​មើល និង​យក​ព័ត៌មាន​នោះ​ទេ។ បន្ទាប់​ពី​សមត្ថកិច្ច​រុះរើ​ផ្ទះ​សម្បែង ក្រុម​គ្រួសារ​របស់ លោក ជា ឆេន មិន​អាច​ចូល​ទៅ​ស្នាក់នៅ​លើ​ដី​នោះ​បាន​ទេ គឺ​ពួក​គាត់​នឹង​បោះ​តង់​ស្នាក់នៅ​ខាង​មុខ​ដី​នោះ​បណ្ដោះអាសន្ន​មួយ​រយៈ ដោយ​ពុំ​ដឹង​ថា រក​ទីតាំង​ថ្មី​បាន​នៅ​ពេល​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។