ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖ បុរស​ល្មោភកាម​ម្នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា​បាន​​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

លោក​វរសេនីយ៍ឯក គង់ សុ​ខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឈឹ​ត សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​វរសេនីយឯក គង់ សុ​ខន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បញ្ជូន​ជនសង្ស័យ​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​នគរបាល​ជំនាញ​បាន​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចដែល​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ចោទប្រកាន់​ពិតមែន ។

លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា កាលពី​វេលា​ម៉ោង​១២ ដល់​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខណៈ​ជិះ​កង់​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​បាន​ជួប​ជនសង្ស័យ​ឈប់​ម៉ូតូ​នៅ​ទីនោះ ហើយ​ក៏​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ចូល​ព្រៃ​ជាមួយ​ខ្លួន​ដើម្បី​ជួយ​បោច​វ​ល្លិ៍​ជា​ផ្នូរ​និង​ថ្លៃ​លុយ​៥​ពាន់​រៀល រួច​ហើយ​ជនសង្ស័យ​ក៏​បាន​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ខ្លួន ចំណែក​មិត្តភក្តិ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ជិះ​កង់​របស់​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផ្ទះ ។

នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​សរសេរ​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ព្រែក រួច​ក៏​ចាប់​ក្មេង​ស្រី​​រង​គ្រោះ​ឲ្យ​ដេក​ក្បែរ​មាត់​ព្រែក​បម្រុង​រំលោភ ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​កុហក​ជនសង្ស័យ​ថា ខ្លួន​ឈឺពោះ​បត់ជើងធំ ឮ​កុមារី​រង​គ្រោះ​និយាយ​ដូច្នេះ​ជនសង្ស័យ​ក៏​បាន​បី​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ​កាន់តែ​ជ្រៅ​ដើម្បី​រំលោភ ប៉ុន្តែ​ពេល​កំពុង​តែ​ធ្វើ​សកម្មភាព​បម្រុង​រំលោភ​ក៏​មាន​សំឡេង​ម៉ូតូ​ហាក់ដូចជា​បើក​មក​ក្បែរ​កន្លែង​កើតហេតុ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​នឹក​ស្មានថា​មាន​អ្នក​តាម​រក​ក្មេង​ស្រី​រង​គ្រោះ ក៏​លែង​ធ្វើ​សកម្មភាព រួច​ហើយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​រត់​ចេញ​មក​ក្រៅ ហើយរ​ត់ទៅ​ជួប​ឪពុក​ដើម្បី​ឲ្យ​ឪពុក​ជួយ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៤​មក​រា​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ស្អែក​នេះ ៕