អាជ្ញាធរខេត្ត បើកដៃ ឲ្យកាស៊ីណូអត់ច្បាប់ នៅអូយ៉ាដាវ បើកលេងយ៉ាងអនាធិបតេយ្យ

រតនគិរី៖ កាស៊ីណូគ្មានច្បាប់អនុញ្ញាត ១កន្លែង នៅច្រកអន្តរជាតិអូយ៉ាដាវ ក្នុងខេត្តរតនគិរី កំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ ដែលជាហេតុបណ្ដាល ឲ្យមានការប៉ះពាល់ដល់កាស៊ីណូ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងខាតបង់ចំណូល បង់ពន្ធចូលរដ្ឋថែមទៀតផង។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមាន “កាស៊ីណូខុសច្បាប់ ១កន្លែងនៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរីដែលស្ថិតនៅមិនឆ្ងាយ ពីកាស៊ីណូរបស់ លោក ឧកញ៉ាទ្រី ភាព បានបើកលេង យ៉ាងអនាធិបតេយ្យបំផុត ដោយសារតែមានការបើកដៃ ពីអាជ្ញាធរខេត្ត ដែលធ្វើឲ្យប៉ះពាល់ដល់ កាស៊ីណូដែលមានច្បាប់ត្រឹមត្រូវ និងបណ្ដាលឲ្យបាត់បង់ ចំណូលពន្ធចូលរដ្ឋ ដូច្នេះហើយសូមស្នើ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះចាត់វិធានការ ជាបន្ទាន់លើករណីខាងលើនេះ”។

ប្រភពបន្ថែមថា កាស៊ីណូខុសច្បាប់នេះ បានបង់ឲ្យអាជ្ញាធរខេត្តចំនួន ៥ពាន់ដុល្លារក្នុង១ខែ ក៏ប៉ុន្តែព័ត៌មាននេះ មិនហ៊ានថាពិត ឬមិនពិតនោះទេ ព្រោះមិនអាចសុំការពន្យល់ពីអាជ្ញាធរខេត្តរតនគិរីបានទេ ។

ដោយឡែកបុគ្គលិករបស់ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា កាស៊ីណូស្របច្បាប់របស់ឧកញ៉ា ទ្រី ភាព ដែលរកស៊ីបង់ពន្ធត្រឹមត្រូវបានសម្ដែងការត្អូញត្អែរ ចំពោះអាជ្ញាធរខេត្ត ដែលមិនបានចាត់វិធានការ លើកាស៊ីណូដែលបើកលួចលាក់ ខុសច្បាប់នេះ។

ប្រភពមន្រ្តីខេត្តរតនគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាស៊ីណូនេះ ប្រសិនបើគ្មានការបើកភ្លើងខៀវ ពីថ្នាក់ដឹកនាំខេត្តទេ ពិតជាមិនអាចបើកដំណើរការលេងខុសច្បាប់បានឡើយ ឯភ្ញៀវដែលចូលមកលេង ក្នុងកាស៊ីណូខុសច្បាប់នេះមានខ្មែរ មានវៀតណាម។

ជាមួយនិងការលើកឡើងនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចសុំការបំភ្លឺ ពីអាជ្ញាធរខេត្តជុំវិញនិងការបើកភ្លើងខៀវ ឲ្យកាស៊ីណូអត់ច្បាប់នេះ បើកលេងយ៉ាងអាណាធិបតេយ្យបាននៅឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី កាស៊ីណូដែលមានច្បាប់អនុញ្ញាត ពីក្រសួងត្រឹមត្រូវស្រប តាមច្បាប់មានតែ ១គត់ គឺ កាស៊ីណូរបស់ លោកឧកញ៉ា ទ្រី ភាព ដែលមានឈ្មោះថា សណ្ឋាគារ និងកាស៊ីណូមិត្តភាព ដែលស្ថិតនៅក្បែរច្រកព្រំដែនអន្តរជាតិ អូយ៉ាដាវ-ច្រកឡេថាញ់ ព្រំដែនកម្ពុជា-វៀតណាម៕