ចាប់ពី​ថ្ងៃទី​១៥​មីនា ប៉ូលិស​ត្រួតពិនិត្យរ​កឯក​សារស​ម្គា​ល់​យានយន្ត​ឡើងវិញ តែ​ឆាប់ៗ​នេះ ពិនិត្យ​ល្បឿន និង​គ្រឿង​ស្រវឹង​

ភ្នំពេញ: ​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រលប់​ថ្ងៃទី​១៤​មករា​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​លើ​ការកែប្រែ​មាត្រាមួយ​ចំនួន ក្នុង​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ក្នុងនោះ  គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​សម្រេច​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​ខាងមុខនេះ​តទៅ ប៉ូលិស​ចរាចរណ៍ នឹង​ត្រួតពិនិត្យរ​កឯក​សារស​ម្គា​ល់​យានយន្ត ដូចជា ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត និង​ឈៀក ជាដើម​។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​នគរបាលជាតិ បានបញ្ជាក់​នៅក្រោយ​កិច្ចប្រជុំ​ថា នៅពេល​ឆាប់ៗ​ខាងមុខនេះ ប៉ូលិស​ចរាចរណ៍ នឹង​ចុះ​ត្រួតពិនិត្យ​ល្បឿន​យានយន្ត តាម​ដងផ្លូវ ព្រមទាំង​ការពង្រាយ​កម្លាំង​ប៉ូលិស​ចរាចរណ៍ នៅពេល​យប់ៗ ដើម្បី​ត្រួតពិនិត្យ​ករណី​អ្នកបើកបរ​សេព​គ្រឿង​ស្រវឹង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា ក្នុង​រយៈពេល ១៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១​មករា ដល់​ថ្ងៃទី​១៣​មករា ឆ្នាំ​២០១៦ ដែលជា​ការត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺ​ប៉ូលិស បាន​ផាកពិន័យ​លើ​អ្នកបើកបរ​យានយន្ត​ល្មើសច្បាប់ ដោយ​ទទួលបាន​ទឹកប្រាក់​សរុប ចំនួន​ជាង ៨០០ លាន​រៀល​៕​