គណៈកម្មការ​ចម្រុះ​គណបក្ស​ទាំងពីរ ព្រមព្រៀងគ្នា ៧ ចំណុច បន្ថែមទៀត លើ​សេចក្តីព្រាងច្បាប់​សហជីព​

ភ្នំពេញ: ដូច​អ្វីដែល​បានកំណត់ គឺ​នៅ​រសៀល​ថ្ងៃទី​១៤​មករា​នេះ គណៈកម្មការ​ចម្រុះ​ចំពោះ​កិច្ច រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​ពិភាក្សាគ្នា លើ​សេចក្ដីព្រាងច្បាប់ សហជីព​។ គណៈកម្មការ​ចម្រុះ​នេះ បាន​ព្រមព្រៀងគ្នា ចំនួន ៧ ចំណុច​ថែមទៀត ក្នុង​កិច្ចប្រជុំ លើក​ទី​២ នៅ​រសៀល​ថ្ងៃទី​១៤​មករា​នេះ​។

​បូករួម​ទាំង កិច្ចប្រជុំ​លើក​ទី​១ កាលពី​ថ្ងៃទី​៤​មករា គឺ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា ចំនួន ៩ ចំណុច​ហើយ ក្នុងចំណោម ២១ ចំណុច ដែល​ក្រុម​សហជីព​កម្មករ បានស្នើ​ឲ្យ​រដ្ឋសភា ត្រួតពិនិត្យ កែប្រែ នៅក្នុង​សេចក្ដីព្រាងច្បាប់ ស្ដីពី សហជីព ដែលមាន ១៧ ជំពូក និង ១០០ មាត្រា​។
​    ​
​បន្ទាប់ពី​កិច្ចប្រជុំ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​លើក​ទី​២ នៅ​ថ្ងៃ​១៤​មករា​នេះ គឺ​បាន​ជោគជ័យ​ច្រើន ដោយសារតែ​ក្រុមការងារ​ទាំងពីរ​គណ​បក្ស មានបទពិសោធន៍ ក្នុងការ​ជជែក​លើក​មុន​មក​។​

​លោក សុខ ឥសាន បន្តថា កិច្ចពិភាក្សា នៅ​រសៀល​ថ្ងៃទី​១៤​មករា​នេះ គឺ​ចាប់ផ្ដើម​ពី​មាត្រា ១៣ រហូតដល់​មាត្រា ២៣​។ ចំណែកឯ​ចំណុច ដែល​មិនទាន់​បានសម្រេច​គ្នា​ទាំងស្រុង​នោះ គឺ​មាត្រា​២៤ ដែល​និយាយ​ពី​ការចំណាយ​របស់​សហជីព​។

​ចំណែក លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា ក្រុមការងារ​ទាំងពីរ​គណបក្ស នឹង​ពិភាក្សាគ្នា ដើម្បី​រក​ប្រយោជន៍​រួមមួយ សម្រាប់​កម្មករ ដើម្បី​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ដើម្បី​ឲ្យ​ច្បាប់​នេះ អនុវត្ត​បានល្អ និង​មាន​ប្រសិទ្ធភាព​។
 
​យ៉ាងណាក៏ដោយ គណៈ​កម្មករ​ចម្រុះ​ចំពោះ​កិច្ច​នេះ នឹង​បន្ត​កិច្ចប្រជុំ ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព នៅ​ដើម​សប្ដាហ៍​ក្រោយ​។​

​សូម​រម្លឹកថា សេចក្ដីព្រាងច្បាប់ ស្ដីពី សហជីព មាន ១៧ ជំពូក និង ១០០ មាត្រា មាន​ភាពចម្រូងចម្រាស​ខ្លាំង នៅពេលដែល​រដ្ឋាភិបាល បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ មក​រដ្ឋសភា ជាពិសេស​ក្រុម​អង្គការ​សហជីព​កម្មក​រ និង​អង្គការ​សង្គម​ស៊ីវិល មានប្រតិកម្ម​ខ្លាំង ដោយសារតែ​គេ​យល់ថា ច្បាប់​នេះ​មាន​លក្ខណៈ​រឹតត្បិត​លើ​សេរីភាព​សមាគម​កម្មក​រ គឺ​ការបង្កើត​សហជីព នៅតាម​រោងចក្រ ជាដើម​៕