លោក ហោ ណាំហុង ស្នើ​ហុងគ្រី​បង្កើន​ការ​ទិញ​អង្ករ​ផ្លែ​ឈើ​និង​ផលិតផល​កាត់​ដេរ

កម្ពុជា និង​ហុងគ្រី (Hungary) ចុះ​កិច្ច​ព្រមព្រៀង​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។ កិច្ច​ព្រមព្រៀង ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ នា​ទីស្ដីការ​ក្រសួង​ការ​បរទេស នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា លោក​ស្នើ​ភាគី​ហុងគ្រី ឲ្យ​ពិចារណា​បង្កើន​ការ​ទិញ​អង្ករ ផលិតផល​កាត់​ដេរ និង​ផ្លែ​ឈើ​ពី​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា អាច​នាំ​បច្ចេកវិទ្យា​ពី​ហុងគ្រី មក​វិញ៖ «ខ្ញុំ​សង្ឃឹម​ថា ហុងគ្រី នឹង​នាំ​ចូល​បន្ថែម​ទៀត​ពី​កម្ពុជា នូវ​អង្ករ​យើង​ដែល​អាច​នាំ​ទៅ​ក្រៅ​បាន​ច្រើន​ទៀត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រៅ​ពី​ហ្នឹង ស្បែក​ជើង សម្លៀកបំពាក់​ផង ក្នុង​នោះ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា នឹង​ពិនិត្យ​ពិចារណា​ពី​អង្ករ និង​ផ្លែ​ឈើ​ដែរ ព្រោះ​ផ្លែ​ស្វាយ​មួយ​ផ្លែ​នៅ​កម្ពុជា មាន​តម្លៃ ១​ពាន់​រៀល ឯ​នៅ​ហុងគ្រី តម្លៃ ១​ដុល្លារ»

កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជា​ប្រពៃណី​ដែល​មាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។