កម្មករ​រោងចក្រ​វ៉ីបូ​បេស្ដ​ប្រូដាក់សិន​បិទ​ច្រក​ចូល​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ទាមទារ​ដំណោះស្រាយ

ក្រុម​កម្មករ​រោងចក្រ វ៉ីបូ បេស្ត ប្រូដាក់សិន ខេមបូឌា (Weibo Best Production Cambodia) ប្រមាណ ២០០​នាក់ តវ៉ា​បិទ​ច្រក​ចេញ​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទក់ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​ក្នុង​តំបន់ ដាក់​សម្ពាធ​ទៅ​ថៅកែ​រោងចក្រ ឲ្យ​បើក​ប្រាក់​ខែ​ឲ្យ​គ្រប់​ចំនួន។

តំណាង​កម្មករ​ម្នាក់​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ វ៉ីបូ បេស្ដ ប្រូដាក់សិន បាន​បិទ​ទ្វារ​រោងចក្រ ហើយ​មិន​បាន​បើក​ប្រាក់​ខែ​ក្នុង​ខែ​១២ ជូន​ពួក​គាត់​ឡើយ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់៖ «គេ​ទារ​ថ្លៃ​ផ្ទះ​ជួល ហើយ​អ្នក​ខ្លះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់ ជំពាក់​លុយ​ធនាគារ អ៊ីចឹង​បង​ប្អូន​កម្មករ​អត់​បាយ​បី​បួន​ថ្ងៃ​ហើយ។ សូម​ឲ្យ​សម្ដេច​តេជោ​ជួយ​អន្តរាគមន៍​ផង»

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ក្នុង​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់​ខែ​រយៈពេល ៥​ថ្ងៃ​នេះ គឺ​ខាង​ក្រុមហ៊ុន ព្រម​ផ្តល់​ឲ្យ​តែ ៥០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គាត់​មិន​អាច​ទទួល​យក​ឡើយ ដោយ​នៅ​តែ​ទន្ទឹង​រង់ចាំ​រហូត​គ្រប់​ចំនួន។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ប្រធាន​ប្រតិបត្តិការ​នៃ​សហជីព​ពលកម្ម​កម្ពុជា លោក ឆែ សំអាត លើក​ឡើង​ថា ការ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​កម្មករ ហើយ​មិន​បើក​ប្រាក់​ខែ​ជូន​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​និង​រំលោភ​ច្បាប់​របស់​កម្ពុជា ទៀត​ផង។ លោក​ស្នើ​ឲ្យ​ក្រសួង​ការងារ វាយ​តម្លៃ​លើ​អចលនវត្ថុ​របស់​ក្រុមហ៊ុន ដើម្បី​លក់​យក​លុយ​មក​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន​គ្រប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។