សង្សារ​សុំ​ពិសោធ​ព្រហ្មចារី​មុន​រៀបការ គួរ​គិត​យ៉ាងណា ?

Doliprane TVC

ការស្នើ​របស់គាត់​ធ្វើឱ្យ​នាង​ខ្ញុំ​ភ្ញាក់ផ្អើល និង ភ័យញ័រ​អស់ដៃ​ជើង​ខុសពី​ធម្មតា ។ មិនមែន​ភ័យ​ដោយសារ​ខ្លាច​លទ្ធផល​នោះទេ ព្រោះ​នាង​ខ្ញុំ​ពិតជា​នៅ​បរិសុទ្ធ ១០០ ភាគរយ ។ ក៏ប៉ុន្តែ​ខ្ញុំ​មិន​យល់ថា តើ​ស្នេហា​ក្នុងសម័យ​នេះ​វា​សុទ្ធតែ​តម្រូវឱ្យមាន​ការពិសោធ​ជាមុន ឬ យ៉ាងណា ?

​បច្ចុប្បន្ន​នាង​ខ្ញុំ​ជា​គ្រូបង្រៀន​វ័យក្មេង​ម្នាក់​នៅ​សាលាបឋមសិក្សា​មួយ​នៅ​ក្រុង​កំពង់ឆ្នាំង ។ កាលពី​នៅ​ជា​សិស្ស​នាង​ខ្ញុំ​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​រៀន​ជាមួយគ្នា ។ គាត់​ធ្លាប់​នាំ​នាង​ខ្ញុំ​ដើរ​កម្សាន្ត ធ្លាប់​ថតរូប​ជាមួយគ្នា ប៉ុន្តែ​គាត់​បានត្រឹមតែ​កាន់​ដៃ​នាង​ខ្ញុំ​ដោយ​ភាព​ខ្មាសអៀន​តែប៉ុណ្ណោះ គឺ មិនបាន​ធ្វើ​អ្វី​លើសពីនេះ​ទេ ។ ប្រហែល​មួយឆ្នាំ​ក្រោយមក​គាត់​ត្រូវ​ឪពុកម្តាយ បញ្ជូនទៅ​រៀន​នៅឯ​ភ្នំពេញ ។ ពេលនោះ​យើង​ឃ្លាតឆ្ងាយ​ពីគ្នា ប៉ុន្តែ​នៅតែ​ទាក់ទង​គ្នា ។​

​បន្ទាប់ពី​រៀន​ចប់​បរិ​ញ្ញា​គាត់​ក៏​រកបាន​ការងារ​ធ្វើ​នៅ​ក្រុងភ្នំពេញ ពេល គាត់​ទៅ​កំពង់ឆ្នាំង​យើង​ក៏បាន​ណាត់ជួប​គ្នា និង ជជែក​គ្នា​អំពី​រឿងរ៉ាវ​ជាច្រើន ពី​អតីតកាល​ក៏ដូចជា​បច្ចុប្បន្ន ។ គាត់​នាំ​ខ្ញុំ​ទៅលេង​កន្លែង​អនុស្សាវរីយ៍​កាលពី មុន​របស់​យើង​ទាំងពីរ ធ្វើឱ្យ​នាង​ខ្ញុំ​យល់ថា​គាត់​ជា​បុរស​ល្អជា​អនាគត​ស្វាមី​របស់​នាង​ខ្ញុំ ។ លើក​នេះ​គាត់​មាន​ភាពក្លាហាន​ជាង​មុន ដោយ​គាត់​បាន​កាន់ ដៃ​ហើយ​ថែមទាំង​ហ៊ាន​ថើប​ថ្ពាល់ រួច​ថើប​មាត់​នាង​ខ្ញុំ​ពីរ​បី​ដង ។

​ការ​ថើប​ថ្ពាល់ ឬ ថើប​មាត់​លើក​នោះ​មិនបាន​ធ្វើឱ្យ​នាង​ខ្ញុំ​ភ័យខ្លាច​នោះទេ រហូតដល់​ការ​ណាត់ជួប​លើក​ទី​ពីរ​កាលពី​ប៉ុន្មាន​ខែ​មុន ។ ការ​ណាត់ជួប គ្នា​លើកចុងក្រោយ​នោះបាន​ធ្វើឱ្យ​នាង​ខ្ញុំ​ភ័យខ្លាច និង បាត់បង់​ទំនុកចិត្ត​ទៅ លើ​គាត់​រហូតដល់​ពេលនេះ​។ កាលណោះ​បន្ទាប់ពី​ហូប​ស្លាបមាន់​បំពង​រួច គាត់​ក៏​ដឹក​នាង​ខ្ញុំ​ទៅ​កន្លែង​មួយ ដែល​នៅ​ទីនោះ​យើង​អាច​ជជែក​គ្នា​តាមចិត្ត ដោយ​មិន​ខ្លាច​គេ​ឃើញ​គេ​ឮ ។ គាត់​ឱប​ចង្កេះ​ខ្ញុំ​ហើយ​ថើប​មាត់ និង ហ៊ាន​ថើប​ដល់​ដើមទ្រូង និង ក្បាលពោះ​នាង​ខ្ញុំ ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាង​ខ្ញុំ​មាន​បទពិសោធ​បែបនេះ ។

​ហេតុការណ៍​ខាងលើនេះ​នាំឱ្យ​នាង​ខ្ញុំ​ខ្មាស​ខ្លួនឯង​ខ្លាំងណាស់ ប៉ុន្តែ​នាង​ខ្ញុំ​អាច​ទទួលយកបាន ព្រោះ​យើង​ទាំងពីរ​បាន​ស្រឡាញ់គ្នា​ជា​យូរ​មកហើយ ម្យ៉ាងទៀត​គាត់​ធ្លាប់​ប្រាប់ថា នឹង​ចូល​ស្តី​នាង​ខ្ញុំ​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។ ក៏ប៉ុន្តែ​ការ​ថ្នាក់ថ្នម​របស់គាត់​បាន​ដើរ​ហួស​ព្រំដែន​ហួស​ពី​ការ​ស្មាន​របស់​នាង​ខ្ញុំ គាត់​បាន​សួរ​ខ្ញុំ​ថា​«​នៅ​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ឆ្នាំ​មកនេះ តើ​អូន​ធ្លាប់បាន​ប្រគល់​ភាពបរិសុទ្ធ​ទៅឱ្យ​ប្រុស​ណា​ផ្សេង​ឬទេ ?» ។ ពេលនោះ​នាង​ខ្ញុំ​ក៏​ឆ្លើយ​តាម​សម្រួល «​អូន​ទុក​សម្រាប់តែ​បង​ម្នាក់​គត់​» ។ ចម្លើយ​របស់​នាង​ខ្ញុំ​ប្រហែល​បណ្តាលឱ្យ គាត់​ចង់​សាកល្បង «​បង​ចង់ដឹងថា​សម្តី​អូន​ជាការ​ពិត ឬ កុហក ? យើង​គេងសាកល្បង​ជាមួយគ្នា​យប់​នេះ​ណា៎​» ។

នាង​ខ្ញុំ​ពិតជា​ខឹង​ខ្លាំងណាស់ ពេល​គាត់​និយាយ​ដាក់ ប៉ុន្តែ​ពេលនោះ​នាង​ខ្ញុំ​ប្រាប់​គាត់​ថា​ចាំ​លើក​ក្រោយ ។នាង​ខ្ញុំ​ចង់​សួរថា​តើ​គាត់​ជា​មនុស្ស​ប្រភេទ​ណា ? ហើយ​ស្នេហា​ក្នុងសម័យនេះ​វា​តម្រូវឱ្យមាន​ការសាកល្បង​ជាមុន​ទើប​អាច​រស់នៅ​ជាមួយគ្នាឬ​បែបណា ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ
​តាម​ការរៀបរាប់​«​ប្រជាប្រិយ​»​យល់ថា​នាង​ប្រាកដជា​នារី​ទន់ភ្លន់ ស្មោះត្រង់ និង ចេះ​ការពារ​ខ្លួន​បានល្អ​នៅ​ចំពោះមុខ​ស្ថានភាព​ស្រើបស្រាល​បែបនេះ ។ បុរស​ណា​បាន​នាង​ធ្វើជា​ភរិយា​ពិតជា​មនុស្ស​មានសំណាង ។យោបល់​របស់​«​ប្រជាប្រិយ​»​គឺថា​ចូរ​នាង​កុំ​ធ្វើជា​មនុស្ស​ល្ងង់​សម្រាប់​បុរស​ម្នាក់នេះ ព្រោះ​សម័យ​បច្ចុប្បន្ន​បុរស​ដែល​ចេះតែ​សួរ​អំពី​ភាព​បរិសុទ្ធ​របស់​ដៃគូ​ស្នេហា ឬ ចង់​ពិសោធ​ព្រហ្មចារី ពួកគេ​ជា​ព្រាននារី ជា​មនុស្ស​មិនគួរ​ឱ្យ​រាប់អាន ។

បើ​នាង​អនុញ្ញាត ឬ បណ្តោយ​ខ្លួន​ទៅតាម​ការ​លួងលោម​របស់គាត់ នាង​ប្រាកដជា​ត្រូវ​ជូត​ទឹកភ្នែក​នឹង​ក្បាលជង្គង់​មិន​ខាន​បន្ទាប់ពី​បុរស​នោះ​អស់ចិត្ត និង ធុញទ្រាន់ ព្រោះ​យកបាន​របស់​ពិសេស​ពី​នាង ហើយ​ភាគរយ​នៃ​ការ​ក្លាយជា​គូ​ស្វាមីភរិយា គឺ​ទាប​បំផុត មូលហេតុ​គឺ​នាង​ត្រូវបាន​បុរស​នោះ​ដាក់ចូល​ក្នុង​បញ្ជី​«​ស្រី​ចិត្ត​ងាយ​» ។ ​​ក្រៅពីនេះ​បើ​ក្លាយជា​គូ​ស្វាមីភរិយា​នោះ​គាត់​ប្រាកដជា​នឹងមិន​ផ្តល់​តម្លៃ​ដល់​នាង​ទេ ព្រោះ​គិតថា​នាង​អាច​ឡើង​គ្រែ​ជាមួយ​គាត់​បាន ដូច្នេះ​នាងក៏​អាច​គេង​ជាមួយ​បុរស​ផ្សេង​ដូចគ្នា ពោលគឺ​គាត់​មិន​ទុកចិត្ត​នាង ។

​ជំនាន់​បច្ចេកវិជ្ជា​នេះ ល្អ​បំផុត​នាង​មិនត្រូវ​សម្តែង​ការពេញចិត្ត​ចំពោះបុរស​ណា​ម្នាក់ ហើយ​ការ​ថើប​ដើមទ្រូង​នាង​គួរតែ​ចាត់ទុកថា​ជា​ទង្វើ​កំពូល ចុងក្រោយ​នៃ​ទំនាក់ទំនង​ស្នេហា​មុន​រៀបការ ដោយសារ​ថា​ភាព​ស្រើប ស្រាល​ដែល​កើតឡើង​នៅពេល​ត្រូវគេ​ថើប​សុដន់ អាច​នាំទៅរក​ការរួម​ភេទ​មុនដែល​អាច​បណ្តាលឱ្យមាន​ផលវិបាក​ផ្សេងៗ​កើតឡើង ។ ​និយាយ​រួម​ទំនាក់ទំនង​រវាង​នាង និង បុរស​នោះ​គួរតែ​បញ្ចប់​ជាបន្ទាន់ ប្រសិនបើ​នាង​នៅតែ​បន្ត​នាង​ប្រា​កដា​ជា​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដូច​«​ប្រជាប្រិយ​»​បាន​រៀបរាប់​ខាងលើ ។

គាត់​មាន​លក្ខណៈ​ដោយឡែក​ក្នុងការ​ជ្រើសរើស​ប្រពន្ធ តែ​នាង​ក៏មាន​ដូចគ្នា ។ លើក​ក្រោយ​បើ​គាត់​នៅតែ​ស្នើ​ចង់​រួមភេទ​ជាមួយ​នាង​ទៀត ពេលនោះ​នាង​អាច​និយាយ​ដោយ​ត្រង់ៗ​ប្រាប់​គាត់​ថា «​បង​ត្រូវ​ទៅ​សង្កាត់​ចុះ​អត្រានុកូលដ្ឋាន​ជាមួយ​អូន​សិន​ទើប​មាន​សិទ្ធិ​» ។ បែបនេះ​នឹង​ជួយ​លើក​តម្លៃ​កិត្តិយស​របស់​នាង​បាន​មួយកម្រិត ។ សូម​សាកល្បង​គិត​មើល ប្រសិនបើ​បុរស​គ្រប់គ្នា​តែងតែ​ទាមទារ​ពិសោធ​ព្រហ្មចារី តើ​ក្នុង​លោក​នេះ​មាន​នារី​ឯណា​នៅមាន​ភាព​បរិសុទ្ធ​មុន​ថ្ងៃ​រៀបការ​ទៀត​នោះ ? តើ​មាន​អ្នកណា​ជឿជាក់ថា​បន្ទាប់ពី​ឡើង​គ្រែ​ជាមួយគ្នា​ហើយនឹង​បាន​រៀបការ​ជាមួយគ្នា ? ​សូម​សំណាងល្អ !