ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកលេង​តុងទីន​១​ក្រុម​មាន​គ្នា​ជាង​៥០​នាក់ បាន​ចោទប្រកាន់​ថា ត្រូវ​មេ​​តុងទីន​បោក​យក​ប្រាក់​អស់​ជាង​៦០​ម៉ឺន​ដុល្លារ ហើយ​ពួក​គាត់​បាន​លើកគ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៦ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​លោក​ចៅសង្កាត់ ។

ក្រុម​អ្នកលេង​តុងទីន​បាន​និយាយ​ថា មេ​តុងទីន​បោកប្រាស់​នោះ ប្តី​ឈ្មោះ ម៉ា ចាន់ អាយុ​៥០​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ នាង ស្រី​ណែ​ត អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ក្នុង​បុរី​សឡា​ទី​៣ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៤២២ ផ្ទះ​លេខ​៥២ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ពួក​គាត់​ដែល​ជា​កូនក្រុម​តុងទីន​មិនមែន​មាន​គ្នា​ត្រឹមតែ​៥០​នាក់​នេះ​ប៉ុណ្ណោះ​ទេ គឺ​មាន​រហូត​ដល់​ទៅ​ជាង​៥០០​នាក់​ឯណោះ ដែល​ក្នុង​ម្នាក់​ៗ​មាន​ខ្លះ​លេង​ចាប់ពី​២​ក្បាល​ឡើង​ទៅ ហើយ​ក្នុង​១​ក្បាល​ខ្លះ​២​ម៉ឺន​រៀល ខ្លះ​៥​ម៉ឺន​រៀល ឬ​៥០​ដុល្លារ រហូត​ដល់​៥០០​ដុល្លារ​ក៏​មាន​ដែរ ហើយ​​លុយ​ដែល​ត្រូវ​មេ​បោកប្រាស់​នោះ​មាន​រហូត​ដល់​ទៅ​ជាង​៦០​ម៉ឺន​ដុល្លារ​ឯណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​ខំប្រឹង​រកស៊ី​បែកញើស​ហូរ​ញើស​ប្រមូល​លុយ​យក​មក​សន្សំទុក​នៅ​ក្នុង​ការ​លេង​តុងទីន ដោយ​មិន​បានដឹង​ថា​ត្រូវ​មេ​បោក​បែប​នេះ​ទេ ព្រោះ​លេង​កន្លង​មក​មិន​ដែល​ជួប​បញ្ហា​បែប​នឹង​ឡើយ មិន​នឹក​ស្មានថា​ពេល​នេះ​ត្រូវ​ចាញ់បោក​មេ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​សោះ ។ ការ​លេង​នោះ​ក្បាល​តូច​២​ម៉ឺន​រៀល ឬ​៥​ម៉ឺន​រៀល គឺ​ដេញ​និង​បង់លុយ​រាល់ថ្ងៃ ចំណែក​ក្បាល​ធំ​ចាប់ពី​៥០​ដុល្លារ​ទៅ​៥០០​ដុល្លារ គឺ​ត្រូវ​ដេញ​១​ខែ​ម្ដង ហើយ​មិនដឹង​ថា មេ​តុងទីន​យក​លុយ​ទៅ​ទេ មេ​តុងទីន​រូប​នេះ​តម្លើង​ការ​ប្រាក់​ដេញ​យក​ខ្លួនឯង​រហូត ព្រោះ​មេ​ក៏​លេង​ច្រើន​ក្បាល​ដែរ ។ ក្រោយមក​ទើប​ពួក​គាត់
ដឹង​ថា​ចាញ់បោក​មេ ហើយរ​ត់រក​ឲ្យ​ចៅសង្កាត់​ចោម​ចៅ​ជួយ​អន្តរាគមន៍ ។

លោក​ចៅសង្កាត់​ចោម​ចៅ​បាន​ទទួល​ជួប​ក្រុម​កូន​តុងទីន ដោយ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន រង់ចាំ​ថ្ងៃ​ទី​១៥មករា​ស្អែក​ចាំ​ទៅ​ម្ដងទៀត​ដាក់​ពាក្យបណ្ដឹង ព្រោះ​ថ្ងៃនេះ​យប់​ហើយ​ធ្វើការ​មិន​ទាន់​ឡើយ ៕