ចលនា​ភេរវកម្ម​អុកឡុក​អាស៊ីអាគ្នេយ៍​ជាថ្មី​

​ការវាយប្រហារ​ជាថ្មី​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា ក្លាយជា​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​ធំ​មួយ​បន្ទាប់ពី​ការវាយប្រហារ​នៅ​នៅ​ហ្សា​ការ​តា​ឆ្នាំ ២០០៩ និង​នៅ​កោះ​បាលី​ឆ្នាំ ២០០២ ។ ការវាយប្រហារ​សម្លាប់​រង្គាល​ថ្មី​នេះ ក្លាយជា​ក្តីបារម្ភ​ដ៏​ធំ​ផ្នែក​សន្តិសុខសម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ព្រោះ តំបន់​នេះ​ជា​គោលដៅ​នៃ​ក្រុម​ភេរវជន ហើយក៏​តំបន់​សម្បូរ​ចលនា​ផ្តាច់ខ្លួន​និង​ក្រុម​ជ្រុលនិយម​ច្រើន​ផង​ជាពិសេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ហើយ​កន្លងមក​អ្នកជំនាញ​ធ្លាប់​ព្រមាន​ពី​ការបង្កើត​មូលដ្ឋាន​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) នៅ​តំបន់​នេះ​ផងដែរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​


​ឆ្នាំ ២០១៥ ជា​ឆ្នាំ​ដែល​ក្រុម​ភេរវជន ចេញ​អុកឡុក​ស្ទើរ​ពាសពេញ​ពិភពលោក ចេញ​ដល់​អឺរ៉ុប​ដល់​អាមេរិក​។ ជាក់ស្តែង​ការ​ប្រហារ​នៅ​កណ្តាល​ក្រុងប៉ារីស និង​ការវាយប្រហារ​នៅ San Bernardino ជាដើម​។ តែ​មកដល់​ឆ្នាំ ២០១៦ ភា្ល​ម​ក្រុម​ភេ​វជន​ក៏​ចាប់ផ្តើម​អុកឡុក​នៅ​អាស៊ីអាគ្នេយ៍​ដោយ​វាយប្រហារ​ឥណ្ឌូនេស៊ី ភ្លាម​ដែរ​។​

១. មិនទាន់មាន​ក្រុម​ចេញមុខ​ទទួលខុសត្រូវ​ការវាយប្រហា​រ​ឡើយ​
​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បញ្ជាក់​ច្បាស់​ថា ចលនា​ភេរវកម្ម​ចាប់ផ្តើម​កម្រើក​ជាថ្មី ហើយ​តំបន់​អាស៊ីអាគ្នេយ៍​នេះ ជា​ទិសដៅ​សំខាន់​របស់​ក្រុម​ភេរវជន​នេះ​ស្រាប់​ដែរ​។ គេ​នៅ​មិនទាន់​ដឹងថា ក្រុម​ណាមួយ​នៅ​ពីក្រោយ​នោះឡើយ ប៉ុន្តែ​ប៉ូលិស​បង្ហើប​ថា ខ្លួន​ទទួល​សារ​គំរាម​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​មុន​ការវាយប្រហារ​។ ឥណ្ឌូនេស៊ី​ធ្លាប់​រងគ្រោះ​ដោយសារ​ចលនា​ភេរវកម្ម​នេះ​ញឹកញាប់​ដែរ​កន្លងមកនេះ ហើយ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​កើតឡើង​នៅ​ឆ្នាំ ២០០២ នៅ​កោះ​បាលី​ដែល​ស្លាប់​មនុស្ស​ជាង​២០០​នាក់ ដោយ​ក្រុម Jemaah Islamiyah ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។  តែ​មកដល់​បច្ចុប្បន្ននេះ គេ​ដាក់​ការសង្ស័យ​ខ្លាំង​លើ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ឬ​ក្រុម​ដែ​ស្ហ (Daesh) ព្រោះ​ក្រុម​នេះ​ធ្លាប់​បង្ហាញ​មហិច្ឆតា​ពង្រីក​បណ្តាញ​នៅ​អាស៊ីអាគ្នេយ៍ និង​ជ្រើស​រើសយក​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ជា​មូលដ្ឋាន​ជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​និង​បង្កើតជា​រដ្ឋ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​ឥស្លាម​ផង​។ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ រួមទាំង​ម៉ាឡេស៊ី​ផង នាំគ្នា​លួច​រត់ចេញ​ទៅធ្វើ​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ និង​ប្រកាស​ស្ម័គ្រស្មោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ផង​។​

២.​អូស្ត្រាលី​ធ្លាប់​ព្រមាន​ឥណ្ឌូនេស៊ី​រឿង​ចលនា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​
​ចុងឆ្នាំ ២០១៥ ក្នុង​វេទិកា​កំពូល​ផ្នែក​សន្តិសុខ​រវាង​ឥណ្ឌូនេស៊ី​និង​អូស្ត្រាលី ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា អគ្គព្រះរាជអាជ្ញា អូស្ត្រាលី​លោក George Brandis  បាន​ប្រាប់​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ថា ឥណ្ឌូនេស៊ី​អាច​ក្លាយជា​ទីតាំង​ភូម​សាស្ត្រ​ដ៏​ទាក់ទាញ​សម្រាប់​ក្រុម​ភេរវជន​ដែ​ស្ហ​ក្នុងការ​បង្កើត​រដ្ឋ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​សាសនា​ឥស្លាម​។ លោក​បាន​សង្កត់ធ្ងន់ថា បើ​ក្រុម​នេះ​ជ្រើសរើស​ឥណ្ឌូនេស៊ី​មែន មិនមែន​តែ​ឥណ្ឌូនេស៊ី​ទេ ដែល​រង​ទុក្ខ អូស្ត្រាលី​ក៏​នឹង​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ដូចគ្នា​ដែរ​។​

​ជាធម្មតា ឥណ្ឌូនេស៊ី​នៅតែ​ប្រឈម​បញ្ហា​ច្រើន ជុំវិញ​ការកើនឡើង​នៃ​ចលនា​ជ្រុលនិយម​និង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​ក្រុម​ភេរវជន​នេះ​។ បច្ចុប្បន្ន​ឥណ្ឌូនេស៊ី​មាន​អ្នកទោស​រាប់រយ​នាក់​ដែលជា​ជន​ជ្រុលនិយម​និង​មាន​ពាក់ព័ន្ធ​បញ្ហា​ក្រុម​ភេរវជន​អន្តរជាតិ ហើយ​មាន​ខ្លះទៀត​ធ្លាប់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​រួចទៅហើយ​។ បញ្ហា​កើតឡើង​នៅពេល​ពួកគេ​ចេញពី​ពន្ធនាគារ ព្រោះ​ជាធម្មតា ត្រឹម​ចាប់​ពួកគេ​ឃុំឃាំង​មិន​ជួយ​កែប្រែ​ផ្នត់គំនិត និង​មិន​អាចជួយ​ដុសខាត់​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដែល​ដក់​ជាប់​ក្នុង​ខួរក្បាល​របស់គេ​នោះឡើយ​។​

២. អ្នកជំនាញ​បញ្ជាក់​ពី​គម្រោង​ក្រុម​ដែ​ស្ហ​ប៉ង​បង្កើត​សាខា​ខ្លួន​នៅ​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន
​កន្លងមក ក្រុម​អ្នកជំនាញ​និង​មេដឹកនាំ​អាស៊ីអាគ្នេយ៍​បាន​ព្រមាន​ផងដែរ​ពី​ការបង្កើត​សាខា​ថ្មី​របស់​ក្រុម​នេះ ហើយ​ជា​រឿង​ពិបាក​ទប់ស្កាត់​ដែរ​ព្រោះ​តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​សម្បូរ​ចលនា​ឧទ្ទាម និង​ក្រុម​ជ្រុលនិយម​ស្រាប់​។​

​បើ​យោងតាម​សារព័ត៌មាន The Straits Times  ចុះ​ថ្ងៃ​អង្គារ អ្នកជំនាញ​ផ្នែក​ភេរវកម្ម​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ S. Rajaratnam នៃ​សាកលវិទ្យាល័យ Nanyang បាន​លើកឡើងថា សញ្ញា​អាក្រក់​បំផុត​សម្រាប់​តំបន់​ទាំងមូល​គឺ ក្រុម​ភេរវជន​ដែ​ស្ហ ទំនងជា​នឹង​បង្កើត​សាខា​ខ្លួន​យ៉ាងតិចណាស់​ក៏​មួយ​ដែរ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ ២០១៦ នេះហើយ​ទីតាំង​អាច​នៅ​ឥណ្ឌូនេស៊ី ឬ​នៅ​ហ្វីលីពីន​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ វាយតម្លៃថា ក្រុម​នេះ​នឹង​ជ្រើស​រើសយក​ហ្វីលីពីន​ជាទី​តាំង​ស្នូល ព្រោះ​ហ្វីលីពីន​ធ្លាប់ជា​មូលដ្ឋាន​បណ្តាញ​ក្រុម​ភេរវជន​ជាច្រើន​ក្រុម រួមទាំង​បណ្តាញ​ក្រុម​អាល់​កៃ​ដា Jemaah Islamiyah​។ ហើយ​អ្វីដែល​សំខាន់​ក្រុម​ប្រដាប់អាវុធ​នៅ​ហ្វីលីពីន​បានប្រកាស​ភក្តីភាព​ចំពោះ​មេក្រុម​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ហើយក៏​មានការ​តែងតាំង មេដឹកនាំ​ក្រុម​ភេរវជន Abu Sayyaf  លោក  Isnilon Hapilon ឲ្យ​គ្រប់គ្រង​តំបន់​ថ្មី ដែលមាន​ឈ្មោះថា​រដ្ឋ​ឥស្លាម​នៅ​ហ្វីលីពីន​ថែមទៀត (Islamic State in the Philippines) ។ បើសិន​មាន​គម្រោង​បង្កើត​សាខា​បែបនេះ​មែន វា​ក៏​ពិបាក​សន្និដ្ឋាន​ដែរ​ថា​តើ​ក្រុម​នេះ​អាចមាន​ជុំរំ​ប្រមូល​កម្លាំង​និង​ហ្វឹកហ្វឺន​ឬ​អត់​ឡើយ​។ 

​ចំណែក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ក៏​ធ្លាប់​ព្រមាន​ដែរ ក្នុង​វេទិកា​សន្តិសុខ Shangri-La ឆ្នាំ ២០១៥ ដែរ​ថា ក្រុម​ភេរវជន​ដែ​ស្ហ​អាច​នឹង​ជ្រើសរើស​តំបន់​ណាមួយ​នៅ​អាស៊ីអាគ្នេយ៍​ជា​មូលដ្ឋាន​របស់ខ្លួន ហើយ​ពួកគេ​យក​លំនាំ​នៃ​ការគ្រប់គ្រង​ដូចគ្នា​នឹង​ការគ្រប់គ្រង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ដូច្នេះ​ដែរ​។​

​វា​មិនមែនជា​សាមញ្ញ​ទេ ព្រោះ អាស៊ាន​មាន​សន្តិសុខ​ផុយស្រួយ​រួចទៅហើយ ហើយ​ការសហការ​សន្តិសុខរ​វាង​រដ្ឋ​និង​រដ្ឋ​សមាជិក​អាស៊ាន​ក៏​នៅ​ខ្សត់ខ្សោយ​ដូចគ្នា​។ ឧទាហរណ៍​ជាក់ស្តែង ការវាយប្រហារ​នៅ​ទីសក្ការៈ​ហិណ្ឌូ Erawan សម្លាប់​មនុស្ស​ច្រើនជាង ២០​នាក់​កណ្តាល​ក្រុង​បាងកក​កាលពី​ខែសីហា​ឆ្នាំមុន​។ ជនបង្ក​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន បាន​ឆ្លើយ ខ្លួន​ឆ្លងដែន​ពី​វៀតណាម ចូល​ឡាវ បន្ត​មក​កម្ពុជា និង​ឆ្លងទៅ​ទឹកដី​ថៃ​យ៉ាង​ងាយស្រួល​ដោយ​សូកលុយ​មន្ត្រី​ព្រំដែន​ព្រោះ​ខ្លួន​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​។ រឿង​បែបនេះ​អាច​ថា​មិនមែនជា​រឿង​ថ្មី​ឡើយ ហើយ​បើ​គ្មាន​ចំណាត់ការ​រឹងមាំ​ដោះស្រាយ​និង​ទប់ស្កាត់​ករណីបែបនេះ​ទេ បញ្ហា​សន្តិសុខ​នៅ​អាស៊ាន​អាច​ប្រឈម​គ្រោះថ្នាក់​ធំ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​