ធ្លាយ​រឿង​បុរស​ខ្លាំង​បញ្ជា​ចាយ​លុយ​ជិត​៣០​លាន​ដុល្លារ​ ខណៈ​ពេល​ឋិត​នៅ​ជា​”​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​”

​អាច​និយាយ​បាន​ថា​ ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែរ​ ដែល​មាត្រា​៧​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ បាន​ចែង​ថា​ "​នៅ​ពេល​ផុត​នីតិកាល​របស់​រដ្ឋសភា​ ឬ​ពេល​ផ្លាស់​ប្តូរ​រាជរដ្ឋាភិបាល​ រាជរដ្ឋាភិបាល​ដែល​ត្រូវ​ចេញពី​តំណែង​ មាន​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ រហូត​ដល់​ដល់​មាន​រាជរដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង​ ។​ "​ ប៉ុន្តែ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​វិញ​ ក្នុង​ខណៈ​ពេល​ឋិត​នៅ​ជា​ "​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​"​ ដែល​ត្រូវ​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​រង់ចាំ​មាន​រាជរដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង​នោះ​ បែរជា​អាច​ប្រើប្រាស់​សិទ្ធិ​បញ្ជា​ចាយ​លុយ​ជិត​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ ឲ្យ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជានា​យក​ក្រុមហ៊ុន​ ចុះ​កិច្ចសន្យា​ទិញ​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២៧៩​គ្រឿង​ ពី​ប្រទេស​រុ​ស្ស៊ី​ ផ្គត់ផ្គង់​ជូន​រាជរដ្ឋាភិបាល​ទៅ​វិញ​ ។​

​ដំណើររឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ មាន​ដូច​តទៅ​ ៖​ នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​១៩៩៨​ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២​ (១៩៩៨-២០០៣)​ ខណៈ​សម្តេច​ ហ៊ុន​ សែន​ កាល​ណោះ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២(​ឯកឧត្តម​ អ៊ឹ​ង​ ហួត​ អតីត​ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ ជំនួស​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​)​ ។​ មាន​ន័យ​ថា​ សម្តេច​ ហ៊ុន​ សែន​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ គឺ​ត្រឹម​មាន​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​ ឬ​ហៅ​ថា​ "​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​"​ ចាប់តាំងពី​ខែមិថុនា​ ឆ្នាំ​១៩៩៨​ ដែល​ជា​រយៈពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មក​ម្ល៉េះ​ ។​ ក្រោយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាស​ដោយ​ចម្រូងចម្រាស​រួច​មក​ រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​២​នៃ​រដ្ឋសភា​ បាន​បង្កើត​ឡើង​នា​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៨​ ដែល​មាន​សម្តេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ម្នាក់ឯង​ ។​

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ពាក់ព័ន្ធ​នឹង​ដំណើររឿង​ខាងលើ​នេះ​ គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​១៩៩៨​ (​រយៈពេល​០១​ខែ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២​ ដែល​មិន​ទាន់​បាន​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​)​ ស្រាប់តែ​សម្តេច​ ហ៊ុន​ សែន​ ក្នុង​ឋានៈ​ជា​ "​នាយក​រដ្ឋមន្ត្រី​ទី​២​ចាំផ្ទះ​"​ បាន​ធ្វើ​ចំណារ​ឯកភាព​ និង​សម្រេច​ឲ្យ​ក្រសួងការពារជាតិ​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ស្តី​ពី​ការ​ផ្គត់ផ្គង់​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២៧៩​គ្រឿង​ ជូន​ក្រសួងការពារជាតិ​ មាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​២៨.៧៦៤.០០០​ដុល្លារ​អា​មេ​រិ​ក​ តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៣៣​សសរ​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៨​ ។​

​កិច្ចសន្យា​ស្តី​ពី​ការ​ផ្គត់ផ្គង់​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២៧៩​គ្រឿង​ ជូន​ក្រសួងការពារជាតិ​ រវាង​ក្រសួងការពារជាតិ​តំណាង​ដោយ​លោកនាយ​ឧត្តមសេនីយ៍​ ចៅ​ ភិ​រុណ​ (​អតីត​ឧត្តមសេនីយ៍ត្រី​ នាយក​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួងការពារជាតិ​)​ និង​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ (​បច្ចុប្បន្ន​គេ​ស្គាល់​ថា​ ជា​ថៅកែ​ក្រុមហ៊ុន​យក​លុយ​ផ្លូវជាតិ​លេខ​៤​ ដែល​ទើប​លុប​កុងត្រា​)​ ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​២៨.៧៦៤.០០០​ដុល្លារ​អា​មេ​រិ​ក​ បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​១៩៩៨​ (​ទទួល​បានការ​ឯកភាព​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ នា​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​១៩៩៨​ និង​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៨)​ ។​ មាន​ន័យ​ថា​ ទាំង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ លេខ​៣៣​សសរ​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៨​ ទាំង​កិច្ចសន្យា​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ រវាង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ និង​ក្រសួងការពារជាតិ​ សុទ្ធតែ​បាន​កើតឡើង​ក្នុង​រយៈពេល​ដែល​រាជរដ្ឋាភិបាល​ថ្មី​មិន​ទាន់​ចូល​កាន់​តំណែង​ ពោល​គឺ​ក្នុង​ដំណាក់កាល​ "​រាជរដ្ឋាភិបាល​ចាំផ្ទះ​"​ (Sic!)​ ។​

​សរុបសេចក្តី​មក​ ទោះបីជា​អំពើ​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ គឺ​ក្នុង​ឋានៈ​ជា​ "​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​"​ ក៏​ដោយ​ ក៏​បុរស​ខ្លាំង​អាច​បញ្ជា​ខ្ទង់​ចាយ​លុយ​ជិត​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ បាន​យ៉ាង​ងាយ​ដែរ​ ហើយ​ទំនងជា​បុរស​ខ្លាំង​ "​ញាណ​ដឹង​មុន​"​ ថា​ គង់​បាន​ជាប់​ឆ្នោត​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ដដែល​ សម្រេច​តាំងពី​នៅ​ "​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​"​ ឲ្យ​ហើយ​តែ​ម្តង​ទៅ​ សោះនឹង​យប់យន់​សុបិន​យូរ​ (Resic!)​ ៕​

ធ្លាយ​រឿង​បុរស​ខ្លាំង​បញ្ជា​ចាយ​លុយ​ជិត​៣០​លាន​ដុល្លារ​ ខណៈ​ពេល​ឋិត​នៅ​ជា​”​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​”

Related