រថយន្ត​ដាច់​ហ្វ្រាំង​កិន​ម៉ូតូ និង​កៀរ​រថយន្ត​សេរី​ទំនើប​

​ខេត្ត​ព្រះសីហនុ​៖ ម៉ូតូ​ចំនួន​១​គ្រឿង​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង រួមជាមួយ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ទៀត​រង​ការខូចខាត​បន្តិចបន្តួច បន្ទាប់ពី​រថយន្ត​ធន់​ធ្ងន់​ដឹកទំនិញ​មួយគ្រឿង​រអិល​កិន និង​បុក​រះ​កាលពី​វេលា​ម៉ោង ១៣ និង​១៥​នាទី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទ​យីហោ ហោ​ប៊ុន​ហុង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​ក្បែរ​ផ្សារលើ​ក្រុងព្រះសីហនុ​)​។​

​យោងតាម​សមត្ថកិច្ច​បាន​អះអាងថា រថយន្ត​កុង​តៃ​នឺ មួយគ្រឿង​ម៉ាក​កា​មាស់ ពាក់​ស្លាក លេខ​ភព 3A B3550 បើកបរ​ដោយ​ឈ្មោះ សៀវ សុ​ឆាយ ភេទ ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ML បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឆ​ង ឆី​ភេទ ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រួច​បន្ត​ទៅបុក​គៀ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ម៉ាក រ៉ង់​រ៉ូ​វែ ពណ៌​ស ជាក​ម្មសិ​ទ្ឋ​របស់​ឈ្មោះ ចាន់ រតនៈ មាន​ទីលំនៅ​ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

ដោយឡែក​ប្រភព​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយ នៅមុន​កើតហេតុ​គេ​បានឃើញ​ម៉ូតូ និង​រថយន្ត​ដែល​រង​ការខូចខាត​នេះ បាន​ឈប់​នៅមុខ​ហាង​ទូរស័ព្ទ ដើម្បី​ចូលក្នុង​ហាង ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​មួយគ្រឿង​បាន​រអិល​ចុះ​ចំណោទ​មក​បុក​ម៉ូតូ រួច​បន្ត​ទៅបុក​រថយន្ត​នៅក្បែ​នោះ​ទើប​អស់​ល្បឿន​បង្កអោយមាន​ការភ្ញាក់ផ្អើល និង​រត់​ចែក​ជើង​គ្នា ពេញមុខ​ផ្សារលើ​ក្រុងព្រះសីហនុ​។​

​ក្រោយពី​កើតហេតុ​ការ​ណ៏​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់ថា សំរាប់​ក្រុងព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់ ប៉ុន្តែ​បែ​ជា​អាជ្ញាធរ​ដែនដី បណ្តោយអោយ​រថយន្ត​ធន់​ធំ​បើក​ចូល​ក្រុង​តាម​អំពើ​ចិត្ត​បណ្តាល​ស្ទះចរាចរណ៍ បង្ករ​អោយមាន​ក្តៅក្រហាយ​ជា​ញឹក​ញ៉ាប់​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាពលរដ្ឋ​ជាក់ស្តែង​ដូចជា​ហេតុ​ការ​ណ៏​ថ្ងៃនេះ​ជាដើម នេះ សំណាង​ហើយ​មិន​បណ្តាលអោយ​រងគ្រោះ​ដល់​មនុស្ស​នៅតាម​ផ្លូវ​។ ក្រោយ​កើតហេតុ រថយន្ត​បង្ក និង ម៉ូតូ​រថយន្ត រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​៕ សមុទ្រ​ខៀវ​ ​

KA-14-01-2016-30 KA-14-01-2016-31 KA-14-01-2016-32