​ជម្រើស​ជាតិ​កម្ពុជា ហាល​អាវ​នៅ​បង់​ក្លាដេស ​ក្រោយ​បន្ត​ចាញ់​ក្រុម​បារ៉ែន

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្លាក់ចេញ​​ពី​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ Bang-​abandhu Gold Cup 2016 នៅ​ប្រទេស​បង់​ក្លាដេស ដោយ​ស្វ័យ​ប្រវត្តិ ​បន្ទាប់​ពី​ក្រុម​ដ៏​កម្សត់​មួយ​នេះ នៅ​តែ​បន្ត​ជួប​ការ​ខក​ចិត្ត ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី​២ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារ៉ែន កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​នោះ។

u23-camសម្រាប់​​ការ​ប្រកួត ដែល​​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន Bangabandhu National Stadium កាល​ពី​ម្សិល​មិញ​នេះ ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​បារ៉ែន ក្នុង​លទ្ធផល ១-០ ដ៏​គួរ​ឲ្យ​សោក​ស្តាយ​បំផុត ហើយ​គ្រាប់បាល់​ជ័យ​ជម្នះ​នេះ​រកបាន​ដោយ​ខ្សែ​បម្រើ Abdula ziz Alshaikh ​តាម​រយៈ​ការ​តែត​បញ្ចូល​ទី​នៅ​នាទីទី​១២។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​តែ​មាន​បច្ចេក​ទេស និង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ ហើយ​ក៏​បាន​បង្កើត​ឱកាស​នៅ​មុខ​ទី​របស់​ក្រុម​បារ៉ែន ជា​​ច្រើន​ផង​ដែរ។ ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​មួយ​នេះ មិន​មាន​ភាព​មុត​ស្រួច​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​​នោះ​ទេ គឺ​វា​ស្រដៀង​គ្នា​ទៅ​​​ការ​ប្រកួត​បើក​ឆាក ពេល​កម្ពុជា បាន​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ម៉ាល់​ឌីវ ៣-២ កន្លង​មក​នេះអ៊ីចឹង​ដែរ។

​ក្រុម​កម្ពុជា នៅ​សល់​ការ​ប្រកួត​មួយ​លើក​ទៀត​ជាមួយ​ក្រុម U23បង់​ក្លាដេស ដែលនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ប៉ុន្តែ​នេះ​​គ្រាន់តែ​ជា​ការ​​ប្រកួត​បង្រ្គប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ការ​ចាញ់​២​លើក​ជាប់ៗ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ហើយ។ ប៉ុន្តែ​អ្នក​គាំ​ទ្រ​វិស័យ​បាល់​ទាត់ ដែល​បាន​តាម​ដាន​ការ​ប្រកួត​២​លើក​កន្លង​មក​នេះ នៅ​តែ​សម្តែង​ការ​កោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ក្រុម​កម្ពុជា ជាមួយនឹង​ទម្រង់លេង​ដ៏​រីក​ចម្រើន​របស់​ពួក​គេ ពិសេស​ក្រុម​កីឡាករ​ក្មេងៗ ដែលជា​ថ្នាល់​ជំនាន់​ក្រោយ​របស់​កម្ពុជា តែ​ម្តង។

​ដោយ​ឡែក លទ្ធ​ផល​ប្រកួត​រវាង​ក្រោម​ទាំង​៤ ដែល​​ឈរ​នៅ​ពូល​Aវិញ គឺ​ពេល​នេះ​ក្រុម​ម្ចាស់​ផ្ទះ​បង់​ក្លាដេស កំពុង​ឈរ​នៅ​លើ​កំពូតារាង​ជា​បណ្តុះ​អាសន្ន ដោយ​មាន​៤ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​នេប៉ាល់ រីឯ​ក្រុម Felda United ០-០ ដែល​មក​លេង​តំណាង​ឲ្យ​ប្រទេស​​ម៉ាឡេស៊ី​នោះ មាន​២​ពិន្ទុ​ព្រោះ​បាន​ស្មើ​ទាំង​២​ប្រកួត​គឺ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បង់​ក្លា​ដេស និង​ក្រុម​នេប៉ាល់ ខណៈ​ក្រុម​ជម្រើស​ជាតិ​ស្រី​លង្កា មាន​វាសនា​​ដូច​គ្នា​ទៅ​នឹង​ក្រុម​កម្ពុជា​ដែរ គឺ​ត្រូវ​ធ្លាក់​មុន​គេ ជាមួយ​ការ​ចាញ់​ទាំង​២​ប្រកួត​ដូចៗ​គ្នា៕