មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​សម្លាប់​​ដោយ​ប្រើ​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក

មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​សម្លាប់​​ដោយ​ប្រើ​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក

លោក Hafiz Saeed Khan ជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​សហរដ្ឋ​អាមេរិក។​

ក្រុម​មន្រ្តី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ប៉ែក​ខាង​កើត​បាន​ថ្លែង​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​ដោយ​ប្រើ​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក (drone) បាន​សម្លាប់​មេដឹកនាំ​កំពូល​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​ដែល​ក្រុម​សកម្មប្រយុទ្ធ​ហៅ​ថា Khorasan កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​យ៉ាង​ហោច​ណាស់ក្រុម​បះបោរ​ចំនួន១១​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ។

ការ​ទម្លាក់​គ្រាប់​មីស៊ីល​ដោយ​ប្រើយន្តហោះ​ដែល​គ្មាន​មនុស្ស​បើក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ Achin ដែល​ជា​សង្កាត់​មួយ​ដែល​មិន​មាន​ស្ថិរភាព ស្ថិត​ក្នុង​ខេត្ត Nangarhar ដែល​គេ​ជឿថា ជា​តំបន់​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​យក​ធ្វើ​ជា​ទីស្នាក់ការ​របស់​ខ្លួន។

ក្រុម​មន្រ្តី​យោធា​របស់​អាមេរិក​ក្នុង​ទីក្រុង​កាប៊ុល​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ពួកគេ​មិន​អាច​កំណត់​បាន​នៅឡើយ​ទេ​ ថា​តើ​មេដឹកនាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​តំបន់​នោះ ដែល​មាន​ឈ្មោះ​ថា Hafiz Saeed Khan គឺ​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ដទៃ​ទៀត​ដែល​ត្រូវ​បាន​សម្លាប់​ ឬ​យ៉ាង​ណា​នោះ​ទេ។ ​

អ្នក​នាំ​ពាក្យ​របស់​អភិបាល​ខេត្ត Nangarhar គឺ​លោក Attaullah Khogyani បាន​ថ្លែង​ប្រាប់ VOA ថា ខ្លួន​បាន​កំណត់​ជា​ផ្លូវការ​ថា ឈ្មោះ Hafiz Saeed Khan ដែល​ជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​តំបន់ Khorasan នេះ​ និង​សមាជិក​របស់​គេ​ ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល ដែល​បាន​បណ្តាល​ឲ្យ​មាន​ការផ្ទុះ​ដ៏​ធំ​មួយ​នៅ​តំបន់​ Bandar នៃ​តំបន់ Achin នៅ​វេលា​ម៉ោង​ប្រហែល​៤ល្ងាច ម៉ោង​ក្នុង​តំបន់​នោះ។ នេះ​បើ​យោង​តាម​អ្នកភូមិ​ដែល​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន៕