​តេស្ត​នេះ​អាច​ទាយ​ដឹង​អំពី​ការ​ប្រឈម​នឹង​ជំងឺ​ត្រៀម​ក្រឡាភ្លើង​បាន​

​តេស្ត​នេះ​អាច​ទាយ​ដឹង​អំពី​ការ​ប្រឈម​នឹង​ជំងឺ​ត្រៀម​ក្រឡាភ្លើង​បាន​

​អ្នកស្រាវជ្រាវ​បាន​បង្កើត​នូវ​ការ​ធ្វើ​តេស្ត​ឈាម​ថ្មី​មួយ​ដែល​អាច​ទាយ​ដឹង​អំពី​ការ​កើត​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​បាន​។ តេស្ត​នេះ​គឺ​ធ្វើ​ការកំណត់​ទៅលើ​មធ្យមភាគ​របស់ sFlt-1 និង PlGF ដែល​ជា​ប្រូតេអ៊ីន​ចេញពី​សុក​។ វា​ទាំងពីរ​នេះ​អាច​ប្រើ​ដើម្បី​ទាយ​ឱ្យដឹងថា​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​នឹង​កើតមាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង ឬ​ផលវិបាក​ដែល​ទាក់ទង​នឹង​ជំងឺ​នេះ​ឬ​អត់​។ អ្នកស្រាវជ្រាវ​អាច​កំណត់​ដឹង​អំពី​តម្លៃ​កំណត់​មួយ​សម្រាប់​មធ្យមភាគ​នៃ​សេរ៉ូម sFlt-1 និង PlGF ដែល​អាច​ឱ្យ​ពួកគេ​ធ្វើការ​ទាត់​ចោល​ជំងឺ​នេះ​បាន​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។

​ប្រធាន​នៃ​ការស្រាវជ្រាវ Verlohren មកពី​សាកលវិទ្យាល័យ​ពេទ្យ Charite University Medicine Berlin ប្រទេស​អាឡឺម៉ង​បាន​បញ្ជាក់ថា “​មធ្យមភាគ​នៃ​សេរ៉ូម sFlt-1 និង PlGF អាច​ជួយ​ឱ្យ​ធ្វើការ​ទាយ​ដឹង​កាន់តែ​ល្អ​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺ​ត្រៀម​ក្រឡាភ្លើង ឬ​ដំណើរការ​របស់​វា​បាន​”​។ ការរកឃើញ​ថ្មី​នេះ​ប្រហែលជា​ជួយ​ចៀសផុត​ពី​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​ពន្យា​ការព្យាបាល​ទៅលើ​អ្នកជំងឺ​ត្រៀម​ក្រឡាភ្លើង​បាន​។ ជំងឺ​នេះ​មាន​ការប៉ៈពាល់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ពី ២ ទៅ​៥​ភាគរយ​ដែរ ហើយក៏​ជា​ផលវិបាក​ដ៏​សំខាន់​មួយ​ក្នុងពេល​មាន​ផ្ទៃពោះ​លើក​ទី​ពីរ​។ ជំងឺ​នេះ​ច្រើន​តែ​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​យឺត​ពេល ហើយ​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ទាំង​ម្តាយ និង​កូន​។

ក្នុង​ការសិក្សា​នេះ​មាន​ស្ត្រី​ដែល​គេ​សង្ស័យថា​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ប្រមាណ ១២៧៣​នាក់ ដែល​មកពី​ប្រទេស​ចំនួន ១៤​ខុសៗ​គ្នា​។ ស្ត្រី​ចូលរួម​ទាំងអស់​តម្រូវ​ឱ្យ​ធ្វើតេស្ត​ឈាម​ដើម្បី​កំណត់​ទៅ​លើ​មធ្យមភាគ​របស់​សេរ៉ូម sFlt-1 និង PlGF​។ ករណី​មធ្យមភាគ​នេះ​មាន​ចាប់ពី ៣៨​ចុះក្រោម មានន័យថា​មិន​អាច​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​រហូតដល់ ១០០​ភាគរយ​ឯ​ឯណោះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ការរកឃើញ​មួយ​នេះ​ត្រូវ​បាន​បកស្រាយ យ៉ាង​លំអិត​ក្នុង​សារព័ត៌មាន New England of Medicine៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។