រយៈពេល ១៣ថ្ងៃ នគរបាលចរាចរណ៍ ផ្លូវគោកផាកយានយន្ត បើកបរល្មើសច្បាប់ បានជាង ៨៥៣លានរៀល

ភ្នំពេញ៖ នគរបាលចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស ក្នុងរយៈពេល ១៣ថ្ងៃ ក្នុងខែមករា ឆ្នាំ២០១៦កន្លងទៅនេះ បានធ្វើការផាកពិន័យ យានយន្តគ្រប់ប្រភេទ ដែលបាន បើកបរល្មើសច្បាប់ បានចំនួនជាង ៨៥៣ លានរៀល។

ថ្លែងប្រាប់អ្នកសារ ព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ពិភាក្សាទៅលើវិសោធនកម្ម ច្បាប់ចរាចរណ៍ថ្មីទៅ លើចំណុចមួយចំនួន ក្រោយពីបានដាក់ឲ្យប្រើប្រាស់ កាលពីដើមខែមករា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល១៣ថ្ងៃ នគរបាលចរាចរណ៍ ផ្លូវគោកបានត្រួតពិនិត្យ យានយន្តបានចំនួន ៣៧៨.០៥០គ្រឿង។ ក្នុងយានយន្ត ទាំងអស់នោះមាន ២៣ភាគរយ ស្មើនឹង ៨៦.៧៤៣គ្រឿង រកឃើញកំហុសថា ល្មើសនឹងច្បាប់ចរាចរណ៍ នៅសល់ ៧៧ភាគរយទៀត ជាយានយន្តដែលត្រឹមត្រូវ។

លោកបានបន្ថែមថា ក្នុងចំណោមយានយន្តបើកបរ ល្មើសច្បាប់ទាំងជាង ៨ម៉ឺនគ្រឿងនោះ នគរបាលមិនបាន ធ្វើការផាកពិន័យ ទាំងអស់នោះទេ គឺបានធ្វើការអប់រំណែនាំចំនួន ៤៤.៤៣៧គ្រឿង ពន្យល់ឲ្យពួកគាត់ យល់ពីកំហុសនេះ កំហុសនោះរួចហើយ នគរបាលមិនធ្វើការ ផាកពិន័យនោះទេ ហើយអនុញ្ញាតឲ្យ ធ្វើដំណើរទៅមុខទៀត ប៉ុន្តែឲ្យពួកគាត់ ដឹងថាមានកំហុស នឹងធ្វើការកែប្រែទៅថ្ងៃក្រោយ។

លោក គៀត ច័ន្ទថារិទ្ធ បានបន្តថា “នៅសល់យានយន្ត និងរថយន្តចំនួន ៤២.៣០៦គ្រឿងប៉ុណ្ណោះ ប្រហែល ៤៨ភាករយប៉ុណ្ណោះ ដែលយើងសរសេរបង្កាន់ ដៃផាកពិន័យជូនគាត់ ដែលគាត់មានកំហុស ហើយក្នុងនោះគាត់ បានទៅបង់ប្រាក់ពិន័យ នៅទីស្នាក់ការដែល យើងបានកំណត់នោះ ៧៦,១៣ភាគរយ នៃចំនួនដែលយើនសរសេរ បង្កាន់ដៃមិញហ្នឹង សរុបទឹកប្រាក់ទាំងអស់ ដែលយើងទទួលបានគឺមាន ៨៥៣.៩៧០.០០០រៀល ការផាកពិន័យប៉ុន្មានថ្ងៃនឹង គឺបានប៉ុណ្ណឹង”។

អ្នកនាំពាក្យអគ្គស្នងការ នគរបាលជាតិរូបនេះ បានបញ្ជាក់ថា ចន្លោះពីសប្តាហ៍មុន មកសប្ដាហ៍នេះ តាមគោលការណ៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុគ្រោះតាម សំណូមពរពីប្រជាពលរដ្ឋ កាលពីសប្តាហ៍មុន នគរបាលចរាចរណ៍ បានឃាត់អត់ស្លាកលេខ បានចំនួន ៧៨៧គ្រឿង និងរថយន្ត ១៣គ្រឿង ដែលគ្មានស្លាកលេខ នគរបាលចរាចរណ៍បានដោះ ស្រាយឲ្យពួកគាត់ត្រឡប់ទៅវិញ ដោយមិនបានផាកពិន័យទេ ដោយគ្រាន់តែ ធ្វើកំណត់ហេតុ ណែនាំអប់រំឲ្យសន្យា ទៅធ្វើស្លាកលេខ មានន័យថាបាន អនុគ្រោះពួកគាត់៕

រយៈពេល ១៣ថ្ងៃ នគរបាលចរាចរណ៍ ផ្លូវគោកផាកយានយន្ត បើកបរល្មើសច្បាប់ បានជាង ៨៥៣លានរៀល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត