ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ ដើម្បី​អភិវឌ្ឍន៍​តំបន់​រដ្ឋបាល​ស្រុក​ចិត្រ​បុរី ដែល​ជា​ស្រុក​មួយ​ទើបនឹង​កកើត​ក្រោយ​គេ ក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​៦​ក្នុង​ខេត្ត ឲ្យ​ក្លាយជា​ទីប្រជុំជន​ស្រុក​ក្នុង​ភាព​រីក​ចម្រើន ទាំង​សំណង់​ហេ​ដ្ឋ​រចនា​សម្ព័​ន​គ្រប់​ប្រភេទ អាជ្ញាធរ​ស្រុក​រួម​ជាមួយ​ដៃគូ​បាន​វិនិយោគ​បង្កើត​ផ្សារ​«​ចិត្រ​បុរី​» ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្លាស់​ប្តូ​មុខទំនិញ និង​ចរាចរណ៍​ផលិតផល​នានា​របស់​ពលរដ្ឋ និង​ក្នុង​បំណង​ចង់​រំកិល​ទីផ្សារ​ឲ្យ​កាន់តែ​កៀក​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ប៉ែន លី​ណាត អភិ​បា​រង​ខេត្តក្រចេះ ។ 

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ និង​មន្ត្រីរាជការ​ក្នុងស្រុក​ចិត្រ​បុរី នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែមករា ក្នុង​ពិធី​បើក​សម្ពោធ​ការ​សាង​សង់​ផ្សារ​ចិត្រ​បុរី លោក​អភិបាលរង​ខេត្ត ប៉ែន លី​ណាត បាន​ថ្លែង​ទៀត​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ស្រុក​ចិត្រ​បុរី ជា​ស្រុក​ដែល​ទើបនឹង​កកើត​ថ្មី​ក្រោយ​គេ ដែល​មាន​១០​ឃុំ មក​ទល់​នឹង​ពេល​នេះ ស្រុក​មួយ​នេះ នៅ​មិន​ទាន់​មាន​ផ្សារ ឬ​ទីប្រជុំជន​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ។ បន្ទាប់​ពី​មើលឃើញ​ភាព​លំបាក​របស់​ពលរដ្ឋ​លើ​ការ​ដោះ​ដូរ​មុខទំនិញ ទិញ​លក់​សម្ភារ​នានា​ឲ្យ​បាន​សម​រម្យ អាជ្ញាធរ​បាន​រក​ដៃគូ​អភិវឌ្ឍន៍​បង្កើត​ផ្សារ​មួយ​នេះ​ឡើង​ដែល​មា​នទី​តាំងនៅ​ភូមិ​ខ្សា​រ ឃុំ​ដារ ក្បែរ​តំបន់​រដ្ឋបាល​របស់​សាលាស្រុក ។

បើ​តាម​លោក អ៊ូ គី​ហួត ជា​អ្នក​វិនិយោគ​ផ្សារ​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ថា នៅ​ចុងឆ្នាំ​២០១៤ ដោយ​ទទួល​បាន​គោលការណ៍​ពី​លោក​អភិ​បាលខេត្ត ក្រុមការងារ​វិនិយោគ​បាន​រៀបចំ​ដី​ឡូត៍​ផ្ទះល្វែង​ចំនួន​២០០​ឡូត៍ ក្នុង​នោះ​ក៏​មាន​ដី​ឡូត៍​សម្រាប់​សាងសង់​ផ្សា​រលើ​ផ្ទៃដី​ទំហំ​៣០​ម៉ែត្រ​គុណ​៦៥​ម៉ែត្រ និង​មាន​គម្រោង​បន្ត​អភិវឌ្ឍន៍​ប្រ​ព័​ន្ឋ​លូ អគ្គិសនី ទឹក​ស្អាត ហេ​ដ្ឋា​រចនា​សម្ព័​ន សួនច្បារ និង​ភោជនីយដ្ឋាន ក្នុង​គម្រោង​សាងសង់​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ ។

លោក ប៉ែន លី​ណាត បាន​សម្តែង​ក្តី​រំពឹង​ថា ក្រោយ​ពី​មានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់ មាន​ផ្សារ និង​ផ្ទះល្វែង  ក្រោម​ការ​រៀបចំ​កែ​លំអ​យ៉ាង​យកចិត្តទុកដាក់​រវាង​អាជ្ញាធរ និង​អ្នក​វិនិយោគ នឹង​កែប្រែ​តំបន់​នេះ​ឲ្យ​មានការ​អភិវឌ្ឍ និង​ស័​ក្កិ​សម​ដូច​ផ្សារ​នៅ​តាម​បណ្តា​ទីប្រជុំជន​ស្រុក​ដែល​កំពុង​តែ​អភិវឌ្ឍន៍​នានា​ដែរ ៕