នៅព្រឹកនេះ គ.ជ.ប នឹងប្រជុំសម្រេចផ្តាច់ព្រ័ត នៃការជ្រើសរើសអគ្គលេខាធិការថ្មីរបស់ខ្លួន

ភ្នំពេញ៖ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ នឹងប្រជុំសម្រេចជ្រើសរើសនូវអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃស្ថាប័នឯករាជ្យរបស់ខ្លួន នៅទីស្នាក់ការ គ.ជ.ប ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីនៅថ្ងៃទី៦ ខែ មករា ឆ្នាំ ២០១៦ បានធ្វើការសម្រាំងយកបេក្ខជនចំនួន៣នាក់ សម្រាប់ជ្រើសរើសជាអគ្គលេខាធិការ និង១២នាក់ផ្សេង សម្រាប់ជ្រើសរើសជាអគ្គលេខាធិការរង ក្នុងចំណោមបេក្ខជន ដែលបានបំពេញ បែបបទដាក់ពាក្យត្រឹមត្រូវ តាមលក្ខខណ្ឌ ចំនួន៨៦នាក់។

បេក្ខជន៣នាក់ ដែលនឹងត្រូវធ្វើការ ជម្រុះសម្រាប់តំណែង អគ្គលេខាធិការ គ.ជ.បរួមមាន ទី១. លោក ហេង មណីចិន្តា, ទី២. លោក ទេព នីថា, និងទី៣. លោក យ៉ា ណាវុធ។ ចំណែកបេក្ខជនចំនួន១២នាក់ ដែលត្រូវធ្វើការជម្រុះសម្រាប់ តំណែងជាអគ្គលេខាធិការរងវិញមានដូចជា ទី១. លោក ម៉ៅ សុភារិទ្ធ, ទី២. លោក សំ សុគង់, ទី៣. លោក គឹម ឈន, ទី៤. លោក សូម សូរីដា, ទី៥. លោក ម៉ុក ដារា, ទី៦. លោក នី ចរិយា, ទី៧. លោក តាន់ ប៊ុនវីរៈ, ទី៨. លោក ណេ ហ្សូនី, ទី៩. លោក សុកុលៈ ទីប៉ោ, ទី១០. លោក រស់ សូ, ទី១១. លោក យ៉ត ប៊ុននី, និងទី១២.លោកស្រី លឹម ច័ន្ទលីដា៕