វិចារណាកថាៈ ពលរដ្ឋខ្មែរនៅ តែប្រឈមបញ្ហាជាច្រើន

 រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរ នៅតែប្រឈមនឹង បញ្ហាជាច្រើន ជាពិសេសបញ្ហា អសន្តិសុខ ក្នុងសង្គម ដែលធ្វើឲ្យពួក គាត់ព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ដោយហេតុថា អំពើចោរកម្មប្លន់ប្រដាប់អាវុធ ចោរឆក់ ចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ គ្រឿងញៀន និងល្បែងស៊ីសងជាដើម បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុនេះហើយ ទើបប្រជា ពលរដ្ឋទូទៅប្រទេសបានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់យកចិត្តទុកដាក់ ថែមទៀត ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ។ សេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅពេលនេះ គឺសន្តិសុខសង្គម ដែលអាចជួយឲ្យ ពួកគាត់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្ត គ្មានការភ័យខ្លាច។ លើសនេះទៅទៀត ការពង្រឹង សន្តិសុខសង្គមអាចធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿទុកចិត្តលើមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច។

 នៅមានបញ្ហាជាច្រើនទៀត ដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងការលំបាក គួរឲ្យព្រួយបារម្ភ ហើយសូម្បីតែ ជនជាតិដើមភាគតិច ដែលធ្លាប់ រស់នៅសុខសាន្តលើដីកេរ្តិ៍ដូនតារបស់ខ្លួន ច្រើនតំណក៏ប្រឈមនឹង ទុកលំបាកដែរ។ ជាការពិតជនជាតិដើមភាគតិចកួយ រស់នៅក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈមនឹងការលំបាក ដោយសារតែក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រើអំណាចបំផ្លាញព្រៃសហគមន៍ និងបំពានលើដីធ្លីពួកគាត់ច្រើនឆ្នាំមកហើយ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងស្ថាប័នពាក់ ព័ន្ធមិន យកចិត្តទុកដាក់ ចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋរង គ្រោះដោយសារក្រុមហ៊ុនចិន បំពានលើដីធ្លី និងបំផ្លាញព្រៃសហគមន៍ នៅខេត្តព្រះវិហារ ធ្លាប់នាំគ្នាទៅតវ៉ាដល់ មុខសាលាខេត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរខេត្តនៅតែមិនយកចិត្តទុកដាក់ផ្តល់ដំណោះស្រាយសម ស្របដល់ប្រជាពលរដ្ឋរងគ្រោះ។ ប្រការនេះ ធ្វើឲ្យក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុន រួយហ្វេង កាន់តែបានចិត្ត ក្នុង ការបំពានលើដីធ្លីជនជាតិ ដើមភាគតិចកួយ យ៉ាងគឃ្លើន។

 នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ ដើមឈើច្បោះ ជ័រ ដែលជាមុខរបរប្រពៃណី តាំងពីដូនតាមករបស់ប្រជាពលរដ្ឋខ្មែរ និងជនជាតិដើមភាគតិចត្រូវប្រឈមនឹង ការកាប់រំលំ ស្ទើរវិនាសសាបសូន្យអស់ទៅហើយ ។ រហូតមកដល់ពេលនេះ ជំនាញរដ្ឋបាលព្រៃឈើ មន្ត្រី បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពនោះទេ ហើយក្រុមជន ល្មើសដែលមានថឈ្មួញធំៗនៅពីក្រោយខ្នង បន្តបំផ្លាញដើមឈើច្បោះជ័រយ៉ាងមហន្តរាយ។ បញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ជាពិសេសបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពី បណ្តាខេត្តដូចរៀបរាប់ឈ្មោះខាងលើ ទៅលក់នៅប្រទេសវៀតណាម នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង។ លើសនេះទៅទៀត ការបើកដៃឲ្យជនជាតិវៀតណាម ចូលមកកាប់ឈើ នៅតាមតំបន់ព្រំដែន ក្នុងស្រុកអណ្តូង មាស ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងស្រុកពេជ្រដា ខេត្តមណ្ឌលគិរី នៅតែបន្តកើតមានឥតឈប់ឈរ ។

 បញ្ហាដែលកើតឡើងថ្មីៗនេះ គឺករណីអធិការនគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ប្រើកាំភ្លើងបាញ់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ កំពុងតែធ្វើឲ្យ ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះអាយុជីវិតរបស់ខ្លួន។ អំពើឃាតកម្មមួយនេះ គឺជារឿងដែលក្រសួង និងស្ថាប័នពាក់ព័ន្ធមិន ត្រូវមើលរំលងនោះទេ ហើយត្រូវតែ ផ្តន្ទាទោសអ្នកប្រព្រឹត្តបទល្មើសតាមច្បាប់ ជាធរមាន។ ទន្ទឹមនឹងនេះ ករណីសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលប្រើពាក្យសំដីអសុរោះ ឬប្រើអំពើហិង្សាលើប្រជាពលរដ្ឋ នៅពេលអនុវត្តន៍ច្បាប់ចរាចរណ៍ ត្រូវបានយក មកផ្សព្វផ្សាយជាបន្តបន្ទាប់ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ។ វិធានការទៅ លើក្រុមមន្ត្រី ឬសមត្ថកិច្ចដែលប្រព្រឹត្តខុសច្បាប់ គឺជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងសន្តិសុខសង្គម និងផ្តល់ភាព កក់ក្តៅដល់ប្រជាពលរដ្ឋ។

 សរុបសេចក្តីមក បច្ចុប្បន្ននេះប្រជាពលរដ្ឋ កំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា បញ្ហាអសន្តិសុខសង្គម ចោរប្លន់ប្រដាប់អាវុធ ចោរឆក់ ចោរគាស់ផ្ទះ ល្បែងស៊ីសង គ្រឿងញៀន និងអំពើឃាតកម្មជាដើម ។ លើសនេះទៅទៀត បញ្ហាជម្លោះដីធ្លី ដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំ ការធ្លាក់ចុះសីលធម៌សង្គម កុងត្រូលជជុះ ដែលនៅតែកើតមានយ៉ាងអនាធិបតេយ្យ សុទ្ធតែជាប្រភពនៃទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ កសិផលដូចជា ស្រូវ ពោត សណ្តែក និងដំឡូងមីជាដើម បានធ្លាក់តម្លៃយ៉ាងគំហុក ធ្វើឲ្យប្រជាកសិករប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយសូម្បីតែជ័រកៅស៊ូ ក៏មានការធ្លាក់ចុះមិននឹកស្មានដល់ផងដែរ។ បញ្ហាដែលរៀបរាប់ ត្រួសៗខាងលើនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយជាបន្ទាន់ ដើម្បីជីវភាពធូរធារ និងសេចក្តីសុខសាន្ត សម្រាប់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស៕