ISIS ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូនេស៊ី

ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលស្គាល់ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ពីការទទួលខុសត្រូវ ក្នុងការវាយ​ប្រហារ ដោយ​ការ​ធ្វើ​អត្តឃាត​ខ្លាំង​ក្លា កណ្ដាលរដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី។
ISIS ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូនេស៊ី
ការប្រហារជីវិតចំណាប់ខ្មាំង ដោយកាត់ក របស់ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានផ្សាយក្នុងវីដេអូ នាពេលកន្លងមក។ (រូបថតផ្តិតពីវីដេអូ)

ការលើកឡើង​ក្នុងពេលកន្លងមក ទាក់ទងនឹងការវាយប្រហារ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ទៅលើប្រទេសឥណ្ឌូនេស៊ី មិន​មែន​ជា​ការ​លើក​ឡើង ដោយគ្មានភាពជាក់លាក់ទេ ជាពិសេសនៅពេល ដែលការលើកឡើងនេះ ធ្លាប់ជាសំដីអះអាង របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) នោះផង។ ប្រទេស​ឥណ្ឌូនេស៊ី​ខ្លួនឯង ក៏ធ្លាប់បានបើកយុទ្ធនាការ វាយបំបែកបណ្ដាញរបស់ក្រុមនេះ កាលពី​ចុង​ឆ្នាំ​២០១៥ នោះ​​ដែរ ដោយ​​ធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ យ៉ាងហោច៥នាក់ រួមនឹងវត្ថុតាងជាច្រើន។

ដូចការប្រមើលមើលនោះមែន ព្រោះក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារ ដាក់បំផ្ទុះគ្រាប់បែកជាច្រើន​គ្រាប់ នៅកណ្ដាលរដ្ឋធានីចាការតា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា បណ្ដាលឲ្យមនុស្ស​ស្លាប់យ៉ាង​ហោច ៧នាក់។ ការវាយប្រហារបានចាប់ផ្ដើមកើតឡើង នៅវេលាម៉ោង១១ព្រឹក (ម៉ោងក្នុងស្រុក) ហើយ​គេ​ត្រូវ​រងចាំ រហូតដល់យប់ថ្ងៃដដែល ទើបក្រុមអង្គការភេរវកម្ម បានចេញប្រកាស មកទទួលស្គាល់ ពីការបំផ្ទុះ​គ្រាប់​បែក​ទាំង​នេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ជាភាសាអារ៉ាប់ ដែលចេញផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋ​អ៊ីស្លាម បានអះអាងថា៖ «គ្រាប់បែកជាច្រើន ត្រូវបានបំផ្ទុះផ្ទួនៗគ្នា ដោយក្រុមយុទ្ធជន នៃរាជា​ណាចក្រ​ព្រះ​ជាម្ចាស់ ជាមួយនឹងអាវុធនធុនស្រាល និងខ្សែក្រវ៉ាត់ផ្ទុកដោយគ្រាប់បែក»។ សេចក្ដីប្រកាសបាន​បន្ថែម​ទៀត​ថា ការវាយប្រហារបានសំដៅ ទៅលើក្រុមពលរដ្ឋ ដែលមានដើមកំណើត ពីប្រទេសសម្ព័ន្ធមិត្តឈើឆ្កាង (ឈើ​ឆ្កាង = និមិត្តរូប នៃសាសនាគ្រឹស្ដ៍ - EDTN) ដឹកនាំដោយសហរដ្ឋអាមេរិក ដែលកំពុងវាយប្រហារ ទៅ​លើ​ក្រុម​រដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊រីរី និងអៀរ៉ាក់ សព្វថ្ងៃ។

កាលពីចុងខែធ្នូ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) បានព្រមានពីការវាយប្រហារ របស់ក្រុមរដ្ឋអ៊ីស្លាម ទៅលើប្រទេសឥណ្ឌូនេស៊ី ប្រាប់សារព័ត៌មាន «The Australian»​ថា៖ «ក្រុមរដ្ឋអ៊ីស្លាម មានមហិច្ចិតា ចង់បង្កើនវត្តមាន និងកម្រិតនៃសកម្មភាពរបស់ខ្លួន នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ទោះជាមហិច្ឆិតានេះ ត្រូវធ្វើដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ»។

លោក ប្រេនឌី បានអះអាងទៀតថា៖ «តើអ្នកបានឮឬទេ ពីទឹកដីព្រះជាម្ចាស់នៅឆ្ងាយសន្លឹម? ក្រុមរដ្ឋអ៊ីស្លាម បាន​ប្រកាសពីបំណងរបស់ខ្លួន ក្នុងការបង្កើតឲ្យមានទឹកដីព្រះជាម្ចាស់ នៅក្រៅពីតំបន់មជ្ឈឹមបូព៌ា ឬនិយាយ​ឲ្យ​ខ្លី បង្កើត​នូវអាណខេត្តមួយទៀត របស់ខ្លួន។ ក្រុមនេះបានកំណត់ យកប្រទេសឥណ្ឌូនេស៊ី ជាទីតាំង បម្រើ​ឲ្យ​មហិច្ឆិតា​លើក​ក្រោយ​របស់ខ្លួន។»

អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ថ្លែងថ្កោលទោសការវាយប្រហារ...

តុល្យភាពផ្លូវការចុងក្រោយ បានឲ្យដឹងថា សកម្មជនធ្វើអត្តឃាត ដែលមានចំនួនសរុបទាំងអស់ ៥នាក់ ត្រូវ​បាន​សម្លាប់ នៅក្នុងប្រតិបត្តិការឆ្លើយតប របស់កងកម្លាំងឥណ្ឌូនេស៊ី នៅក្នុងសង្កាតមួយ ដែល​សម្បូរ​ដោយ​ផ្សារ​ទំនើប អាគារស្ថានទូត និងការិយាល័យរបស់អង្គការសហប្រជាជាតិ។ នៅថ្ងៃដដែលនេះ អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) បានធ្វើការថ្កោលទោស ទៅលើការវាយ​ប្រហារ​នោះ ដោយចាត់ទុកថា ជាទង្វើដែល«គ្មានន័យ»។ លោក គី-មូន បានថ្លែងឡើងថា៖ «គ្មានអ្វីដែល​អាច​ពន្យល់ ពី​ទង្វើ​ភេរវនិយម​ទាំងនេះឡើយ»។

----------------

» វីដេអូរំលឹក ពីការវាយប្រហារ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា ឆ្នាំ២០១៥៖