ច្រវាក់​កង់


ច្រវាក់​កង់

កាល​ពី​ឆ្នាំ ២០០២ ​ខ្ញុំ​ទើប​តែ អាយុ ៦ ឆ្នាំ​នៅ​ឡើយ​ ហើយ​គ្រួសារ​ខ្ញុំ​រស់​នៅ​ឃុំ​​ព្រែក​ឯង។ ថ្វី​ត្បិត​តែ​កាល​នោះ​ខ្ញុំ​នៅ​តូច​តែ​ខ្ញុំ​នៅ​ចាំ​បាន​សកម្មភាព​នោះ​បាន​យ៉ាង​ច្បាស់។

 

ថ្ងៃ​មួយ​ម៉ោង ប្រហែល ១១ព្រឹក​ ខ្ញុំ​និង​ប៉ា​របស់​ខ្ញុំ​កំពុង​តែ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ ព្រោះ​កាល​នៅ​ខេត្ត​ញ៉ាំ​បាយ​លឿន​ៗ​ណាស់​ ហើយ​ម៉ោង ១២ ប៉ា​ប្រញាប់​បង្រៀន​នៅ​សាលា​ជិត​វត្ត​និរោធ។ ផ្ទះ​ខ្ញុំ​​មិន​ជិត​ថ្នល់​​ប៉ុន្មាន​ទេ គ្រាន់​តែ​មើល​ផ្លូវ​ថ្នល់​ឃើញ​ច្បាស់ ពេល​កំពុង​បាយ​មាន​បង​ប្រុស​ម្នាក់​ ស្លៀក​ពាក់​សិស្ស​ មើល​ទៅ​អាយុ​ប្រហែល​ ១៦-១៧ គាត់​បណ្ដើរ​កង់​មក​ឈប់​មុខ​ផ្ទះ​ខ្ញុំ ហើយ​មើល​កង់​ចុះ​ឡើង​ៗ។

 

ពីរ​នាក់​ប៉ា​កូន​ក៏​មិន​ខ្វល់​ដែរ​គិត​តែ​ហូប​បាយ តែ​មួយ​សន្ទុះ​មក ​មិន​ឃើញ​បង​ហ្នឹង​ទៅ​ណា​ទេ ប៉ា​ក៏​ដើរ​ចេញ​ទៅ​មើល​ ខ្ញុំ​ក៏​រត់​តាម។ ពេល​ទៅ​ដល់ ឃើញ​បង​នោះ​កំពុង​តែ​យំ​ ប៉ា​ក៏​សួរ​ថា​មាន​រឿង​អី​ គាត់​ថា​កង់​ដាច់​ច្រវាក់​ គាត់​ប្រញាប់​ទៅ​រៀន​នៅ​ច្បារ​អំពៅ​ទៀត។

 

ប៉ា​ក៏​ស្រែក​ហៅ​បង​ប្រុស​ខ្ញុំ​ឱ្យ​លើក​កេស​ខ្ចៅ​ខ្យង ទូកណឺវីស​មក ហើយ​គាត់​ជួសជុល​ឱ្យ​។ បង​ប្រុស​នោះ​ក៏​លើក​ដៃ​សំពះ​អរគុណ​ប៉ា​ខ្ញុំ​ ហើយ​ប្រាប់​ថា​ផ្ទះ​គាត់​នៅ​ឆ្ងាយ ទម្រាំ​ទៅ​ដល់​សាលា​យូរ​ណាស់​ គាត់​ត្រូវ​ធាក់​កង់​តាំង​ពី​ម៉ោង ១១ ដើម្បី​ទៅ​រៀន តែ​ដោយ​សារ​ជិះ​កាត់​ផ្លូវ​រលាក់​ហើយ​ប្រឹង​ធាក់​ក៏​ដាច់​ច្រវាក់​ទៅ។

 

ច្រវាក់​កង់

(រូបតំណាង)

 

ប៉ា​ខ្ញុំ​ក៏​សួរ​ថា​ គាត់​ហូប​បាយ​នៅ? គាត់​ថា​នៅ​ទេ ដូច្នេះ​ប៉ា​ក៏​ឱ្យ​ខ្ញុំ​រត់​ទៅ​ប្រាប់​ម៉ែ​ ឱ្យ​ដួស​បាយ​ដាក់​ថង់​ឱ្យ។ តែ​បាយ​ដាំ​ថ្ងៃ​នោះ​អស់​ហើយ មាន​តែ​នំ​ដូច្នេះ​ម៉ែ​ក៏​បាន​យក​នំ​ច្រក​ថង់​ ហើយ​ខ្ញុំ​រត់​យក​ទៅ​ឱ្យ​គាត់។

 

គាត់​ទទួល​យក​ហើយ​លើក​ដៃ​សំពះ​អរគុណ​ប៉ា​ខ្ញុំ គាត់​និយាយ​ដោយ​យំ​បណ្ដើរ ហើយ​គាត់​ក៏​ធាក់​កង់​ចេញ​ទៅ​ផ្លូវ​​ជាតិ​។ ប៉ា​ បង​ប្រុស​ និង ខ្ញុំ​ក៏​មក​ហូប​បាយ​បន្ត។

 

កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន​ គ្រួសារ​ខ្ញុំ​រំឭក​ដល់​រឿង​ចាស់ៗ​ ហើយ​ក៏​នឹក​ឃើញ​ដល់​រឿង​ទាំង​នោះ​ ប៉ា​និយាយ​ថា «ស្ដាយ​ណាស់ បើ​កាល​នោះ​មាន​លុយ​ឱ្យ​លុយ​វា​ខ្លះ​ហើយ តែ​យើង​វា​អត់​ដែរ!»។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​ នេះ​ជា​អំពើ​ល្អ និង កក់​ក្ដៅ​មួយ​ហើយ​ ព្រោះ​ផ្លូវ​ស្ងាត់​ឈឹង​បង​ប្រុស​នោះ​ ដាច់​ច្រវាក់​កង់​អត់​មាន​អ្នក​ជួយ ផ្ទះ​ក៏​ឆ្ងាយ​ សាលា​ក៏​ឆ្ងាយ បាយ​ក៏​អត់​ទាន់​ហូប ហើយ​​ឱ្យ​តែ​នឹក​ឃើញ​ដល់​មុខ​បង​ហ្នឹង​យំ ខ្ញុំ​មាន​អារម្មណ៍​ថា​អាណោចអាធ័ម​ខ្លោច​ចិត្ត​ថា​មិន​ត្រូវ។

 

ខ្ញុំ​ចង់​ដឹង​ថា បង​នោះ​នៅ​ទុក​កង់​នោះ​ទៀត​ឬ​អត់? តាម​ខ្ញុំ​គិត​គាត់​ប្រហែល​ជា​ទុក ព្រោះ​កង់​ហ្នឹង​មាន​អនុស្សាវរីយ៍​ជាមួយ​គាត់ ហើយ​ពេល​នេះ​ប្រហែល​ជា​​បង​នោះ កូន​ប្រាំ​បាត់​ហើយ​ក៏​មិន​ដឹង ស្រួល​មិន​ស្រួល​គាត់​ឱ្យ​កង់​ទៅ​កូន​គាត់​ជិះ​បាត់​ហើយ​មើល​ទៅ!

 

ចុចអាន៖​ សារភាព​ស្នេហ៍​​ចាស់​គំរឹល ​តែ​នៅ​តែ​ខក​ចិត្ត

ចុចអាន៖ តើ​គួរ​បែក​ឬ ក៏​តស៊ូ?

អានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់

 

អត្ថបទ៖ ណាឡាង

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ
​​​​