ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សហរដ្ឋអាមេរិក ៖ ការ​ឈ្នះ​ឆ្នោត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក បាន​ទៅ​លើ​អ្នក​ឈ្នះ​បី​នាក់​ដែល​បាន​ទិញ​ឆ្នោត គឺ​នៅ​រដ្ឋ California រដ្ឋ Tennessee និង​រដ្ឋ Florida ដែល​មាន​តម្លៃ​១,៦​ពាន់​លាន​ដុល្លារ ។

លេខ​សន្លឹក​ឆ្នោត​ដែល​ឈ្នះ​រួម​មាន លេខ ៤-៨-១៩-២៧-៣៤ ដែល​លេខ​ឆ្នោត​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​ឆ្នោត​ចំណាយពេល​ពីរ​បី​ម៉ោង​ដើម្បី​ពិនិត្យ​ថា តើ​មាន​សន្លឹក​ឆ្នោត​នេះ​លក់​ទៅ​ដល់ អ្នកទិញ ឬ​ក៏​អត់ ។

ក្រុមហ៊ុន​ឆ្នោត​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​ប្រកាស​ថា សន្លឹក​ឆ្នោត​ដែល​បាន​ឈ្នះ ត្រូវ​បាន​ទិញ​ដោយ​អ្នក​រស់នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ប្រហែល ជា​២០​នាទី​មុន​នៃ​ការ​ប្រកាស ខណៈ​​សន្លឹក​ឆ្នោត​ដែល​ឈ្នះ​ពីរ​ទៀត​ត្រូវ​បាន​ទិញ​នៅ​រដ្ឋ​ពីរ​ផ្សេង​ទៀត ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន​ឆ្នោតជាតិ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ។

តូប​លក់​សន្លឹក​ឆ្នោត 7-Eleven ដែល​មា​នទី​តាំងនៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា នឹង​ទទួល​ប្រាក់​លើកទឹកចិត្ត​បន្ថែម​១​លាន​ដុល្លារ​ផង​ដែរ​ក្នុង​ការ​លក់​សន្លឹក​ឆ្នោត​ដែល​បាន​ឈ្នះ ។ លោក Traverso ឲ្យ​ដឹង​ថា ៖ «​អ្នក​ឈ្នះ​ដែល​បាន​ទិញ​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​ទាំង​បី​នេះ មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ  ហើយ​ពួក​គេ​ទាំង​បី​នាក់ គឺ​ក្នុង​ម្នាក់​នឹង​ទទួល​បាន​២៩២,២​លាន​ដុល្លារ ខណៈ​ដែល​ប្រាក់​រង្វាន់​មាន​ចំនួន​១,៥៨៦​ពាន់​លាន​ដុល្លារ » ។

គួរ​បញ្ជាក់​ផង​ដែរ ទឹកប្រាក់​នៃ​ការ​ឈ្នះ​ឆ្នោត​នេះ នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្នុង​រយៈពេល​២៩​ឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ ឬ​អ្នក​ឈ្នះ​អាច​យក​ប្រាក់​រង្វាន់​សរុប​ក្នុង​ម្នាក់​ចំនួន​៩៣០​លាន​ដុល្លារ​តែ​ម្តង ។ ក្នុង​នោះ​ដែរ អ្នក​ឈ្នះ​នឹង​ត្រូវ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ជូន​រដ្ឋ​ចំនួន​៣៩,៦% ទៅ​តាម​លក្ខខណ្ឌ​របស់​រដ្ឋ​ទាំង​បី ។

ការ​ព្យាករ​តម្លៃ​ឆ្នោត​បាន​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ថ្ងៃ​ទី​៤ វិច្ឆិកា រហូត​ដល់​តម្លៃ​ឆ្នោត​ត្រូវ​បាន​កំណត់​នៅ​ត្រឹម​៤០​លាន​ដុល្លារ ។  ក្នុង​នោះ​ដែរ សន្លឹក​ឆ្នោត​ត្រូវ​បាន​លក់​នៅ​តាម​៤៤​រដ្ឋ​ផ្សេង​គ្នា​នៅ​ក្នុង​សហរដ្ឋអាមេរិក ៕