ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន​៥​ពាន់​ស្លាក​បន្ថែម​ទៀត ដើម្បី​យក​ទៅ​ដាក់​ពង្រាយ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​បំណង​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ការ​កែ​លម្អ​ប្រព័ន្ធ​ចរាចរណ៍​នេះ នឹង​ត្រូវ​អនុវត្ត​ស្របគ្នា​ជាមួយនឹង​គម្រោង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ​ក្នុង​រាជ​ធានី​ចំនួន​៦០០​គ្រឿង ដើម្បី​សម្រួល​ចរាចរណ៍ និង​គ្រប់គ្រង​បទល្មើស​តាម​ដងផ្លូវ​ផង​ដែរ ។ លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ។

ក្នុង​កិច្ចប្រជុំ​នោះ លោកប៉ា សុ​ជាតិ​វង្ស បាន​ឆ្លើយ​តប និង​បំភ្លឺ​ចំពោះ​មុខ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ជាមួយ​ការងារ​ធំ​ៗ​ជា​ច្រើន​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​នា​ពេល​កន្លង​មក ។ លោក​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៥ កន្លង​មក​យើង​បាន​ស្ថាបនា​ប្រព័ន្ធ​លូ​និង​ផ្លូវ​ទាំង​តូច​ទាំង​ធំ​បាន​ប្រវែង​១១៧​គីឡូម៉ែត្រ ក្នុង​ប្រវែង​សរុប​ជាង​៦០០​គីឡូ​ម៉ែ​ត ហើយ​យើង​ក៏​កំពុង​ខិតខំ​បើកមុខ​ទឹក និង​នាំ​ទឹក​ចេញ​ក្រៅ​ក្រុង ដោយ​សង្ឃឹមថា នឹង​អាច​កាត់​បន្ថយ​ការ​លិចលុង​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ពី​៧០​ទៅ​៨០%​នៃ​តំបន់​ដែល​ធ្លាប់​លិច​កន្លង​មក ។

ហើយ​ជា​ការ​ប្តេជ្ញា​ចិត្ត សាលា​រាជធានី​ភ្នំពេញ ​កំពុង​ខិតខំ​ស្តារ​ប្រឡាយ​ចាប់ពី​ផ្លូវ​ទំនប់​៧០​ដល់​ទំនប់​កប់​ស្រូវ ដើម្បី​ទាញ​ទឹក​ចេញពី​កណ្តាល​រាជធានី ហើយ​នៅស​ប្តា​ហ៍​ក្រោយ​យើង​នឹង​ដំណើរការ​លើក​ទំនប់​២​ជាន់​ធ្វើ​ជា​អាង​ចម្រោះ​ទឹក​ដែល​ការពារ​មិន​ឲ្យ​ប៉ះពាល់​លើ​ផ្នែក​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ដែល​នៅ​ជាប់​និង​អាស្រ័យ ផល​ពី​បឹង​កប់​ស្រូវ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើយ ។​

នៅ​ចុង​ខែមករា​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ដែល​ពេល​នោះ​យើង​នឹង​បើក​ឱ្យ​មាន​បទ​អន្តរាគមន៍​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា ចរាចរណ៍​, ប្រព័ន្ធ​លូ​, ផ្លូវ​, សំរាម និង​បរិស្ថាន​ជាដើម ។លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​សុំ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា ផ្តល់​ការ​អនុម័ត​លើ​ក្រឹត្យ​នៃ​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ឱ្យ​បានជា​គោល​សម្រាប់​រដ្ឋបាល​រាជធានី យក​ទៅ​អនុវត្ត​ផង​ដែរ ៕