ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពត ៖ រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក​មួយ​គ្រឿង​បាន​ជួប​ហេតុការណ៍​ក្រឡាប់​ធ្លាក់ទឹក​ព្រែក​ត្នោត​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ នៅ​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ មក​រា ។ ប៉ុន្តែ​ក្នុង​ករណី​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់ធ្ងរ​ទេ​គ្រាន់​ឈ្លក់ទឹក​បន្តិចបន្តួច ។

តាម​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ឃុំ​ព្រែក​ត្នោត​បាន​ឲ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​សណ្តោង​រឺ​ុ​ម៉ក​ដែល​ក្រឡាប់​ធ្លាក់ទឹក​ព្រែក​នេះ​ម៉ាក​ហ្វុ​យ​សូ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A- 0745 បើកបរ​ដោយ​ឈ្មោះ ណៃ ណែ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​(​ជិត​គល់​ស្ពាន​ព្រែក​ត្នោត​) ស្រាប់តែ​រេ​ចង្កូត​បុក​រះ​បង្គោល​សុវត្ថិភាព​បាក់​អស់​បី​ដើម រួច​ក្រឡាប់​ធ្លាក់​ក្នុង​ទឹក​ព្រែក​ក្បែរ​ស្ពាន​នោះ​តែ​ម្តង ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង​ផង ហើយ​អ្នកបើកបរ​អាច​ងងុយដេក​ងោក​មួយភាំង​ទើប​បណ្តាល​ឲ្យ​រថយន្ត​រត់​ខុសផ្លូវ​យ៉ាង​ដូច្នេះ ។ ប៉ុន្តែ​បើ​តាម​អ្នកបើកបរ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​មក​ដល់​ចំណុច​នេះ​រូបគេ​ហាក់ដូចជា​ឃើញ​ពំនូក​ថ្ម​ធំ​ៗ​បី​ដុំ​នៅ​ពីមុខ​ពេល​នោះ​ក៏​បាន​បួង​ចង្កូត​គេច​ពី​ពំនូក​ថ្ម​ទាំងនោះ​ធ្លាក់ទឹក​ប្រូង​តែ​ម្តង ។ ទុក​រំលង​មួយ​យប់​រហូត​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​មក​រា ទើប​គេ​ឃើញ​ម្ចាស់​ក្រុមហ៊ុន​យក​រថយន្ត​មក​ស្ទូច​រថយន្ត​កុងតឺន័រ​នោះ​ចេញពី​ក្នុង​ទឹក​ព្រែក ៕