Real និង Atletico រងពិន័យព្យួរមិនឲ្យទិញចូលកីឡាករក្នុងពេលបើកទីផ្សារពីរលើក

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានដាក់ពិន័យព្យួរលើក្លិប Real Madrid និង Atletico Madrid មិនឲ្យចុះហត្ថលេខាជាមួយនឹងកីឡាករថ្មីក្នុងពេលបើកទីផ្សារដោះដូរកីឡាករពីរលើកខាងមុខទៀត។ ការដាក់ពិន័យព្យួរនេះ នឹងត្រូវចូលជាធរមានសម្រាប់រដូវក្តៅឆ្នាំ២០១៦ និងទីផ្សារដោះដូរកីឡាករនៅខែមករា ឆ្នាំ២០១៧។
1
ក្លិបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដទាំងពីរនេះ បានជាប់បម្រាមនេះពីបទ «ប្រព្រឹតល្មើសទាក់ទងនឹងទីផ្សារកីឡាករកីឡាករអន្តរជាតិ និងការចុះហត្ថលេខាជាមួយនឹងកីឡាករមានអាយុក្រោម១៨ឆ្នាំ»។ ក្លិប Atletico ក៏បានរងពិន័យជាទឹកប្រាក់ចំនួន៩០ម៉ឺនដុល្លារអាមេរិក ផងដែរ ហើយក្លិប Real បានរងពិន័យជាទឹកប្រាក៣៦ម៉ឺនដុល្លារអាមេរិក។ ព័ត៌មាននេះនឹងក្លាយជារឿងដ៏គួរឲ្យខកចិត្តដ៏ធំមួយសម្រាប់ក្លិបទាំងពីរ ជាពិសេសសម្រាប់ក្លិប Real ខណៈដែលពួកគេត្រូវបានរំពឹងទុកថា នឹងព្យាយាមធ្វើការចុះហត្ថលេខាជាមួយនឹងកីឡាករជាច្រើននៅរដូវក្តៅនេះ ស្របពេលអ្នកចាំទី David de Gea របស់ក្លិប Manchester United គឺជាគោលដៅមួយក្នុងចំណោមគោលដៅទិញចូលដ៏សំខាន់របស់ពួកគេ។

អ្នកចាំទីរូបនេះ ស្ទើរតែបានចូលរួមជាមួយនឹង Real ទៅហើយកាលពីរដូវក្តៅមុន ប៉ុន្តែ ទីបំផុត ឯកសារផ្ទេរមិនត្រូវបានបំពេញឲ្យទាន់ពេលវេលាឡើយ។ ក្លិប Real ក៏បានទាក់ទងការផ្ទេរមួយសម្រាប់ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើម Eden Hazard របស់ក្លិប Chelsea ផងដែរ ខណៈដែលក្លិប Atletico ប្រហែលជាមិនលក់ចេញកីឡាករសំខាន់ៗដូចជាខ្សែប្រយុទ្ធ Antoine Griezmann ឡើយ ប្រសិនបើពួកគេមិនអាចរកអ្នកជំនួសបានទេនោះ។ ក្លិបទាំងពីរត្រូវបានរំពឹងទុកថា នឹងធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់ FIFA។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្លិប Barcelona ដែលបានរងនូវការដាក់ទណ្ឌកម្មដូចគ្នានេះកាលីខែមេសា ឆ្នាំ២០១៤ បានចាញ់ការប្តឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងនឹងសេចក្តីសម្រេចរបស់ FIFA ហើយក្រោយមកចាញ់ តុលាការអាជ្ញាកណ្តាលកីឡា និងមិនអាចចុះហត្ថលេខាជាមួយនឹងកីឡាករសម្រាប់ការបើកទីផ្សារដោះដូរកីឡាករពីរលើក៕
ប្រភពព័ត៌មាន៖ The Guardian