សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រួមរស់​ក្នុង​ទ្រនំ​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​នៅ​អា​មេ​រិ​ក​ជាង​២​ឆ្នាំ​កន្លង​មកនេះ អតីត​តារាចម្រៀង​ក្នុង​ក្រុម​រៃ​មាស​នាង​ឱ​ក សុ​ម៉ា​រី​ម៉ា មានកូន​ស្រី​ម្នាក់​ហើយ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ក្រុម​គ្រួសារ​របស់ ឱ​ក សុ​ម៉ា​រី​ម៉ា បង្ហោះ​រូប​កូនស្រី​របស់​នាង​ដែល​ចាប់កំណើត​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​មួយ ។

«តាម​រយៈ​រូបថត​នោះ​គេ​អាច​សង្កេត​ឃើញ​ថា កូនស្រី​របស់​សុម៉ារី​ម៉ា មាន​សុខភាព​ល្អ ហើយ​នាង​ដាក់​ឈ្មោះ​ថា «Jane Rith Somariya Nin» ។ កំណើត​កូនស្រី​លើក​ដំបូង​របស់​អតីត​តារាចម្រៀង​នាង​ឱ​ក សុ​ម៉ា​រី​ម៉ា នេះ ត្រូវ​បងប្អូន សាច់ញាតិ​នាង និង​ស្វាមី សម្តែង​ការ​អបអរសាទរ ព្រមទាំង​អ្នក​ធ្លាប់​គាំទ្រ​នាង ក៏​សម្តែង​ការ​អបអរសាទរ​ផង​ដែរ ។

វត្តមាន​កូនស្រី​ដែល​ទើប​ចាប់កំណើត​ចេញពី​ផ្ទៃ​របស់​ឱ​ក សុម៉ា​រី​ម៉ា នេះ​នឹង​ក្លាយជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មួយ សម្រាប់​រឹតចំណង​ស្នេហ៍​រវាង​នាង និង​ស្វាមី​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែម​មួយ​កម្រិត​ទៀត ខណៈ​ពេល​ដែល​នាង​ផ្ញើ​វាសនា​លើ​ទឹកដី​អា​មេ​រិ​ក​ជាង​២​ឆ្នាំ​ហើយ ។

អតីត​តារាចម្រៀង​អ្នក​នាង ឱ​ក សុ​ម៉ា​រី​ម៉ា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ច្រៀង​រាំ​កំដរ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​កាលពី​អំឡុង​ដើមឆ្នាំ​២០១៣ ។ តាម​គម្រោង​ឱ​ក សុម៉ា​រី​ម៉ា និង​តារា​ខ្មែរ​មួយ​ចំនួន​ទៀត​សម្តែង​នៅ​ទីនោះ​រយៈពេល​៣​ទៅ​៦​ខែ ។ ទោះ​ជាយ៉ាង​ណា​ក្តី តាំងពី​ពេល​នោះ​មក ឱ​ក សុ​ម៉ា​រី​ម៉ា មិន​ចង់​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ឡើយ ដោយសារ​តែ​នាង​បាន​ជំពប់​ស្នេហ៍​នឹង​បុរស​អាណិកជន​ម្នាក់​។ សាង​ស្នេហ៍​នឹង​បុរស​អាណិកជន​នោះ បន្ទាប់​ពី​នាង​បែកបាក់​ស្នេហា​ជាមួយនឹង​ស្វាមី​លោក​សូត្រ មុន្នី កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។

ចំណង​ស្នេហ៍​ថ្មី​របស់​អតីត​តារាចម្រៀង​ឱ​ក សុម៉ា​រី​ម៉ា នេះ ធ្វើ​ឱ្យ​ជីវិត​របស់​នាង​មាន​ពន្លឺ​ជា​ថ្មី ក្រោយ​ពី​ស្រអាប់ ខណៈ​ពេល​ដែល​ស្វាមី​របស់​នាង​ស្រឡាញ់​ថ្នាក់ថ្នម​រូប​នាង​មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ គឺ​ឱ្យ​នៅ​តែ​ផ្ទះ និង​រៀន​ភាសា​ប៉ុណ្ណោះ ។

មិត្តភក្តិ​ម្នាក់​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឱ​ក សុម៉ារី​ម៉ា មាន​ស្វាមី​នៅ​អា​មេ​រិ​កមក នាង​ទទួល​បាន​សេចក្តីសុខ ហើយ​ជា រឿយ​ៗ​នាង​តែងតែ​បង្ហាញមុខ​នៅ​ពេល​មាន​ពិធី​ជួបជុំ​ជាមួយ​មិត្តភក្តិ និង​មិត្តភក្តិ​សិល្បៈ​ដែល​ទៅ​សម្តែង​នៅ​ទីនោះ ៕