ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ​៖ រថយន្ត​កូ​រ៉ូ​ឡា​​បើកបរ​មិន​គោរព​ច្បាប់​ក្នុង​ល្បឿន​លឿន​ ហើយ​ប្រជែងគ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ធ្វើ​ឱ្យ​ជ្រុល​​ទៅ​បុក​រនាំង​ដែក​ចែកផ្លូវ​ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារកង់​ឡើង​លើ​ តែ​មិន​បង្ក​ឱ្យ​បាត់​បង់​​ជីវិត​មនុស្សនោះទេ ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​១០នាទីយប់​ថ្ងៃ​ទី​១៥ ​មករា ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ រុ​ស្ស៊ី ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា ​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូ​រ៉ូ​ឡា ពណ៌.​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-4306 បើក​ដោយ​បុរស​ម្នាក់​បាន​បើក​ប្រជែង​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចយ៉ាង​លឿន​ ធ្វើ​ឱ្យ​​រថយន្ត​កូ​រ៉ូ​ឡា​
រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ដាក់ចែក​ទ្រូងផ្លូវ​ បណ្តាល​ឱ្យ​​ទ្រេត​អស់​ចំនួន​៥​ផ្ទាំង ហើយ​រថយន្ត​បាន​ហោះ​ទៅ​ក្រឡាប់​ផ្ងារ​កង់​ឡើង​លើ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ តែ​មិន​បណ្តាល​​ឱ្យ​​អ្នកបើកបរ​រង​គ្រោះ​ទេ ​។  អ្នកបើកបរ​ដែល​ពុំ​មាន​រង​របួស​នោះ ​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​គេច​ចេញពីកន្លែង​កើតហេតុ​បាត់​ ។

បន្ទាប់​មក​រថយន្ត​ដែល​ក្រឡាប់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ស្ទូច​យក​ទៅរក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួនទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ​។