កម្មករ​​ធ្វើដំណើរ​មក​ភ្នំពេញ​ដាក់ញត្តិ​ទាមទារឱ្យ​ដោះលែង​មន្ត្រី​សហជីព

កម្មករ​​​ប្រហែល​​​២០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​  ​​​Agile Sweater​​​​​​ ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​មក​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋាភិបាល​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​មន្ត្រី​​​សហជីព​​​ប្រាំនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ដ៏​​​ហិង្សា​​​រវាង​សហជីព​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។

លោក អ៊ូ​​​ សំអាន អភិបាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​​​​មានប្រសាសន៍​​​ថា កម្មករ​​​បាន​​​ដាក់​​​ញត្តិ​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​ និង​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បន្ទាប់​​​​​​ពី​​​ខក​​​ខាន​​​កាលពី​ពេល​ព្រឹក​មិន​​អាច​បញ្ចុះបញ្ចូល​​​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ឲ្យ​​​ដោះ​​​លែង​​​មន្ត្រី​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករបាន​​​​។

កម្មកររោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​មក​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ដាក់​​​ញត្តិ​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​​​​មន្ត្រី​​​សហជីព​​​៥នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ។ រូបថតៈស៊ីវ ចាន់ណា/The Cambodia Daily

កម្មកររោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​មក​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ដាក់​​​ញត្តិ​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​​​​មន្ត្រី​​​សហជីព​​​៥នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ។ រូបថតៈស៊ីវ ចាន់ណា/The Cambodia Daily

លោក អ៊ូ សំអាន បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ប្រហែល​​​៤០០​​​នាក់​​​បាន​​​មក​​​ដល់​​​សាលា​​​ខេត្ត​​​នៅ​​​ម៉ោង​​​៧​​ព្រឹក​​​ដើម្បី​​​បន្ត​​​ការ​​​តវ៉ា​​​ជុំ​​​វិញ​​​ការ​​​ចាប់​​​ខ្លួន​​​មន្ត្រី​ទាំងនេះ​ ដោយ​​​ពួក​​​គេ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ហៅ​​​ឲ្យ​​​ចូលទៅ​​​ក្នុង​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​នេះ។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ហៅ​​​មន្ត្រី​​​សហជីព និង​​​កម្មករ​​​មួយ​​​ចំនួន​​​ឲ្យ​​​មក​​​ជួប​​​ប្រជុំ​​​ផ្អែក​​​តាម​​​ជម្លោះ​​​កើត​​​ឡើង​​ក្នុង​​​​រោង​​​ចក្រ ​​​ប៉ុន្តែ ​​​ពួក​​​គេ​​​បាន​​​ប្រកាស​​​ថា ប្រសិន​​​បើ​​​យើង​​​មិន​​​ដោះ​​​លែង​​មន្ត្រី​​​សហជីព​​​ទាំង​ប្រាំ​​​រូ​​​ប​​​ទេ​​​នោះ ពួក​​​គេ​​​នឹង​​​មិន​​​ពិភាក្សា​​​ឡើយ​​​”។

ប៉ុន្តែ លោក​​​អភិបាល​​​ខេត្ត​​​បាន​​​ថ្លែង​​​ថា ​​​លោក​​​ត្រៀម​​​ខ្លួន​​សម្រប​​​សម្រួល​​​ការ​​​ពិភាក្សា​​​អំពី​​​ការ​​​ទាម​​​ទារ​​​ដំបូង​​​របស់​​​កម្មករ​​​ឲ្យ​​​មាន​​​​​​​​​​​​​​​​លក្ខ​​​ខណ្ឌ​​​ប្រសើ​​​រឡើង​​​​នៅ​​​​រោង​​​ចក្រ​​​នេះ ប៉ុន្តែ លោក​​​មិន​​​មាន​​​អំណាច​​​ក្នុង​​​ការ​​​ពិភាក្សា​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​​​​ថា”ការ​​​ដោះ​​​លែង​​​ពួក​​​គេ​​​ឬ​​​ក៏​​​​​​អត់​​​នោះ វា​​​មិន​​​មែន​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​យើង​​​ទេ។ ពួក​​​គេ​​​បាន​​​ប្រព្រឹត្ត​​​បទ​​ឧក្រិដ្ឋ​​​​  ដូច្នេះ​​​ពួក​​​គេ​​​គួរ​​​តែ​​​ស្នើ​​​ទៅ​​​តុលា​ការ​​​​ ឬព្រះ​​​រាជ​​​អាជ្ញា។ ប្រសិន​​​បើ​​​ពួក​​​គេ​​​បន្ត​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​ យើង​​​នឹង​​​មិន​​​ហៅ​​​ពួក​​​គេ​​​ឲ្យ​​​ចូល​​​រួម​​​ប្រជុំ​​​ ឬ​​​ធ្វើ​​​ការ​​ចរចា​​​​ទៀត​​​ឡើយ​​​”។

លោក​ ប៉ាវ​ ស៊ីណា ប្រធាន​សម្ព័ន្ធសហជីព​ចលនា​កម្មករ​​បាន​ពន្យល់ថា បន្ទាប់មក កម្មករ​​​ពាក់​​​កណ្តាល​​​បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានីភ្នំពេញ​​​ ដោយ​​​មក​​​ដល់​​​រាជ​​​ធានី​​​នៅ​​​ម៉ោង​​​ប្រហែល​​​១​​​រសៀល​​​ ឈប់​​​ពិសា​​​អាហារ​​​ ​​​ថ្ងៃ​​​ត្រង់យ៉ាង​​​​​​ប្រញាប់​ប្រញាល់​​​​​​មុន​​​ពេល​​​ធ្វើ​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី ​​​ដែល​​​​​​​​​នៅ​​​ទី​​​នោះ​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​មក​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ពួក​​​គាត់​​​​​​។

បន្ទាប់​​​មក​​​ កម្មករ​​​បាន​​​ហែ​​​ក្បួន​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ដោយ​​​ព្យាយាម​​​បត់​​​​តាម​​​តីរវិថី​​​ព្រះ​សីុសុវត្ថិ​​​ឆ្ពោះ​​​ទៅ​​​ភូមិ​​​គ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ទីដែល​​​មន្ត្រី​​​មួយ​​​រូប​​​ទៀត​បាន​​​មក​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​ដែរ​​​។

ក្រៅ​​​ពី​​​ការ​​​ស្វះ​​​ស្វែង​​​ឲ្យ​​​ដោះ​​​លែង​​​មន្ត្រី​​​សហជីព​​​ ញត្តិ​​​នេះ​​​បាន​​​ចោទ​​​លោក ​​​សុខ ​​​រ៉ាវុធ ​​​​​​មេដឹក​​​នាំ​​​សហជីព​​​ជាគូប្រជែង​ដែល​​​​​​គាំទ្រ​​​រោង​​​ចក្រ​​​ថា បាន​​​ញុះញង់​​​ឲ្យ​​​មាន​​​ការ​​​ប្រើ​​​អំពើ​​​​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ។

លោក​​​ ប៉ាវ ស៊ីណា​​​ បាន​​​មាន​​​ប្រសាសន៍ ​​​ថា ​​​”យើង​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​នឹង​​​គិត​​​អំពី​​​​ពួក​​​​​​យើង​​​ ហើយ​​​ដោះ​​​លែង​​​ [មន្ត្រី​​​សហជីព]​​​និង​​​​​​ចាត់​​​វិធានការប្រឆាំងលោក​​​ សុខ រ៉ាវុធ ​​​ដែល​​​បាន​ដឹក​​​នាំ​​​មនុស្ស​​​មួយ​​​ក្រុម​​​ឲ្យ​​​វាយ​​​​​មន្ត្រី​​​របស់​​​យើង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “គឺ​​​លោក សុខ ​​​រ៉ាវុធ ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​អំពើ​​​ហិង្សានេះ…ដូច្នេះ​​​គាត​​​់​​​គួរ​​​ត្រូវ​​​ទទួល​​​ទោស​​​ទណ្ឌ​​​តាម​​​ច្បាប់​​​។ ​​​យើង​​​​​​ ចង់​​​ឲ្យ​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ឃើញ​​​ពី​​​របៀប​​ធ្វើការ​ងារ​របស់​​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​។ពួក​​​គេ​​​​​​ចាប់​​​ខ្លួន​​​មនុស្ស​​​ដោយ​គ្មាន​ព្យាយាម​ស្វែង​​​រក​​​ការ​​​ពិត​​​ឡើយ​​​”៕សារុន

The post កម្មករ​​ធ្វើដំណើរ​មក​ភ្នំពេញ​ដាក់ញត្តិ​ទាមទារឱ្យ​ដោះលែង​មន្ត្រី​សហជីព appeared first on ខេមបូឌា ដេលី.