ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

វិហារ​រាង​ដូច​ស្បែកជើង​កែង​ចោត ទើប​សាងសង់​រួចរាល់​នៅ​កោះ​តៃវ៉ាន់ កំពុង​ទាក់ទាញ​មហាជន​ទៅ​ទស្សនា​នៅ​មុន​ពេល​បើក​សម្ពោធ ។

វិហារ​ដ៏​ទាន់សម័យ​ស្ថិត​នៅ​តំបន់​ទេសចរណ៍​សមុទ្រ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​កោះ​តៃវ៉ាន់​នេះ គឺជា​សំណង់​មួយ​បែប​សាងសង់​ឡើង​រាង​ដូច ស្បែកជើង​កែង​ចោត កម្ពស់​១៧​ម៉ែត្រ ទំហំ​១១​ម៉ែត្រ និង​ប្រើ​ផ្ទាំង​កញ្ចក់​ជាង​២៣០​ផ្ទាំង ។

នាយកដ្ឋាន​ផ្នែក​ទេសចរណ៍​តំបន់​មាត់សមុទ្រ​ឱ្យ​ដឹង​ថា វិហារ​នេះ ទោះបីជា​មាន​ល​លក្ខណៈ​ទំនើប​ទាន់សម័យ​ក៏​ដោយ ប៉ុន្តែ​ស្រប​តាម​ទំនៀមទម្លាប់​សម័យ​ដើម​ដែល​កូនក្រមុំ​ត្រូវ​ពាក់​ស្បែកជើង​កែង​ចោត​ជាន់ឈ្លី​បន្ទះ​ក្បឿង និង​បោះ​កម្ទេច​បំណែក​ដែល​បែកបាក់​ចោល មុន​ពេល​ឈាន​ទៅ​រក​ក្រុម​គ្រួសារ​កូនកំលោះ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ជម្រុះ​ចោល​រឿង អាក្រក់​ៗ និង​ចាប់ផ្តើម​ឱកាស ល្អ​ៗ​ក្នុង​ជីវិត ។

វិហារ «​ស្បែកជើង​កែង​ចោត​» សាងសង់​ឡើង​ធ្វើ​ជាទី​តាំង​រៀបចំ​ពិធី​មង្គលការ និង​ថតរូប​របស់​កូនកំលោះ​-​ក្រមុំ ដោយ​តួ​នៃ​វិហារ​តុបតែង​លម្អ​ដោយ​គ្រឿងសង្ហារិម និង​ឧបករណ៍​តុបតែង​រួម​មាន​កៅអី កូនកំលោះ​-​ក្រមុំ និង​នំ ។

អ្នក​ប្រចាំការ​នៅ​វិហារ​និយាយ​ថា ចាប់តាំងពី​សាងសង់​រួចរាល់​កាលពី​ចុងឆ្នាំ​២០១៥​កន្លង​មក មាន​អ្នកទេសចរ​ជា​ច្រើន​នាំ​គ្នា​ទៅ​ទស្សនា និង​រំពឹង​ថា​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ចិន ក្រោយ​ពេល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សំណង់​ដើម្បី​គុណភាព និង​សុវត្ថិភាព​រួចរាល់ ៕