ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប (ECtHR) ទើបតែ​ចេញ​សាលដីកា​បញ្ជាក់​ថា ទស្សនាវដ្តី Paris Match អត់​បាន​ជ្រៀតជ្រែក​សិទ្ធិ​បុគ្គល​ផ្ទាល់ខ្លួន​របស់​ព្រះរាជា​នៃ​ប្រទេស​ម៉ូ​ណា​កូ ព្រះ​នាម អាល់​ប៊ែ​រ​ទី​២ (Albert II) ទេ ។ ជាមួយ​គ្នា​នេះ តុលាការ​ថែម​ទាំង​បដិសេធ​ការ​ទាមទារ​សំណង​របស់​ព្រះរាជា​អាល់​ប៊ែ​រ​ទី​២ ចំពោះ​ទស្សនាវដ្តី​នេះ ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ស្តី ពី​ព្រះរាជា​អង្គ​នេះ មាន​បុត្រា​លួចលាក់​ខាងក្រៅ ។

កាលពី​ជាង​៩​ឆ្នាំ​មុន គឺ​ខែឧសភា ២០០៦ ក្នុង​ឱកាស​ប្រារព្ធ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះរាជា​អាល់​ប៊ែ​រ​ទី​២ ដែល​ជា​បុត្រា​ទោល​តែ​មួយ​គត់​របស់​ព្រះរាជា​ម៉ូ​ណា​កូ មុន​រ៉េ​នី​ញេ ទី​៣ (Rainier III : 1923-2005) ទស្សនាវដ្តី​បារាំង Paris Match បាន​ចុះ​ផ្សាយ​បទ​សម្ភាសន៍​របស់​ខ្លួន​ជាមួយ​ស្រី្ត​ស្បែក​ខ្មៅ​ម្នាក់ ដែល​ជា​អ្នកបម្រើ​លើ​យន្តហោះ ។ ស្ត្រី​ស្បែក​ខ្មៅ​រូប​នោះ​ឈ្មោះ Nicole Cost អាយុ​៣៤​ឆ្នាំ សញ្ជាតិ​បារាំង ដើម​កំណើត​តូ​ហ្គោ ខាង​ទ្វីបអាហ្វ្រិក ។

ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី Paris Match ស្ត្រី​ឈ្មោះ Nicole Cost និយាយ​ប្រាប់​ត្រង់​ថា ខ្លួន​មានកូន​លួចលាក់​ជាមួយ​ស្តេច​ម៉ូ​ណា​កូ ព្រះ​នាម​អាល់​ប៊ែ​រ​ទី​២ កាលពី​៣​ឆ្នាំ​មុន តាំងពី​ព្រះរាជា​អង្គ​នេះ​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​នៅឡើយ ។ ហេតុ​ដែល​ពេល​នេះ​ទើប​ខ្លួន​និយាយ​ចេញ ព្រោះ​កាល​ណោះ​ខ្លួន​បាន​សន្យា​ជាមួយ​ស្តេច​រូប​នេះ (​ជា​ប្រុស​ស្នេហ៍​) ថា នឹង​លាក់​រឿង​នេះ​មិន​ឱ្យ​លេចឮ​ដល់​ព្រះ​បិតា​ទ្រង់​ឡើយ ពេល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម ដើម្បី​ឱ្យ​ប្រុស​ស្នេហ៍​បាន​ឡើង​ស្នងរាជ្យ​ពី​ព្រះ​បិតា ក្នុង​នាម​ជា​ព្រះ​អង្គ​ម្ចាស់​បរិសុទ្ធ​ម្នាក់ មិន​មាន​ប្រវត្តិ​ប្រឡាក់ប្រឡូស​រឿង​មិនល្អ ។

បទ​សម្ភាសន៍​ប្រវែង​១០​ទំព័រ ភ្ជាប់​ជាមួយ​រូបថត​ក្តៅ​ហុយ​ៗ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ម៉ូ​ណា​កូ និង​សាធារណជន​អឺរ៉ុប ។ បទ​សម្ភាសន៍​បញ្ជាក់​ច្បាស់​ថា ស្ត្រី​ស្បែក​ខ្មៅ Nicole Coste ស្គាល់​ជាមួយ​ស្តេច​អាល់​ប៊ែ​រ​ទី​២ ក្នុង​ខែកក្កដា ឆ្នាំ​១៩៩៧ ពេល​ខ្លួន​នៅ​ជានា​រី​បម្រើ​លើ​យន្តហោះ Air France ក្នុង​ជើងហោះហើរ​មួយ​ពី​ប្រទេស​ម៉ូ​ណា​កូ ទៅ​ទី​ក្រុងប៉ារីស ។ លទ្ធផល​របស់​ស្នេហា​លួចលាក់​នោះ ផ្តល់​កំណើត​ឱ្យ​កូនប្រុស​ម្នាក់​ឈ្មោះ Alexandre ដែល​កើត​នៅ​ខែសីហា ២០០៣ ។ ក្រោយមក រាជវង្ស​ម៉ូ​ណា​កូ លួចលាក់​យក​កុមារ Alexandre ទៅ​ពិសោធ DNA នៅ​ប្រទេស​ស្វ៊ី​ស ។ លទ្ធផល​ចេញ​មក គឺ​បញ្ជាក់​ច្បាស់​ថា ស្តេច​អាល់​ប៊ែ​រ​ទី​២ និង​កុមារ Alexandre ជា​បិតា និង​បុត្រា​នឹង​គ្នា យ៉ាង​ពិតប្រាកដ ។ ស្តេច​អាល់​ប៊ែ​រ​ទី​២ ក៏​បាន​ឡាយព្រះហស្តលេខា​ទទួលស្គាល់​លទ្ធផល​នោះ យ៉ាង​សព្វព្រះរាជហឫទ័យ ។

ក្រៅពី​ប្រាប់​ត្រង់​ពី​រឿង​ស្នេហា​លួចលាក់​រវាង​ខ្លួន និង​ស្តេច​អង្គ​នោះ ស្រី្ត​ស្បែក​ខ្មៅ Nicole Cost ថែម​ទាំង​ផ្តល់​រូបថត​ពាក់ព័ន្ធ​ស្នេហា​លួចលាក់​នោះ ពិសេស​រូប​ខ្លួន​ថត​កៀកកើយ​ជាមួយ​ស្តេច​អាល់​ប៊ែ​រ​ទី​ពីរ កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​, រូប​ស្តេច​អាល់​ប៊ែ​រ​ទី​ពីរ បី​បុត្រា Alexandre, រូប​ខ្លួនឯង​ប្រឡែង​ជាមួយ​កូនប្រុស Alexandre នា​ខែកុម្ភៈ ឆ្នាំ​២០០៥ ក្នុងផ្ទះ​មួយ​នៅ​ទី​ក្រុងប៉ារីស ដែល​ស្តេច​អាល់​ប៊ែ​រ​ទី​ពីរ ផ្តល់​ឱ្យ ។ រៀង​រាល់​ខែ​ស្តេច​អាល់​ប៊ែ​រ​ទី​២ តាំងពី​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​រហូត​ដល់​ឡើង​គ្រងរាជ្យ​ជា​ស្តេច តែង​ផ្គត់ផ្គង់​ដល់​ម្តាយកូន​នាង ចំនួន​១០.០០០​អឺ​រ៉ូ តាម​រយៈ​បុរស​ម្នាក់​ដែល​ជា​មិត្តភក្តិ​របស់​ព្រះ​អង្គ ។

ក្រោយ​ពេល​ព័ត៌មាន​នេះ លេចឮ​ពេញ​ទ្វីបអឺរ៉ុប​, ស្តេច​អាល់​ប៊ែ​រ​ទី​ពីរ ប្តឹង​ទស្សនាវដ្តី Paris Match ពី​បទ​ជ្រៀតជ្រែក​សិទ្ធិ​បុគ្គល​ផ្ទាល់ខ្លួន​របស់​ព្រះ​អង្គ ព្រមទាំង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០.០០០​អឺ​រ៉ូ ។ តុលាការ​គ្រប់​ជាន់ថ្នាក់​នៅ​ទី​ក្រុងប៉ារីស បើក​សវនាការ​តាំងពី​ឆ្នាំ​២០០៩ រហូត​ដល់​ឆ្នាំ​២០១៤ សុទ្ធតែ​សម្រេច​ឱ្យ​ទស្សនាវដ្តី Paris Match ចាញ់ក្តី និង​តម្រូវ​ឱ្យ​ទស្សនាវដ្តី​នេះ​ត្រូវ​តែ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ព្រះរាជា​អាល់​ប៊ែ​រ​ទី​២ និង​ត្រូវ​សងជំងឺចិត្ត​តាម​ការ​ទាមទារ​របស់​ដើមបណ្តឹង ។

ចុង​ក្រោយបង្អស់​, នា​ខែកក្កដា ២០១៤ គណៈ​និពន្ធ​ទស្សនាវដ្តី Paris Match សម្រេចចិត្ត​ប្តឹង​ឧទ្ធរណ៍​ឡើង​ទៅ​ថ្នាក់ខ្ពស់​បំផុត គឺ​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប (ECtHR) ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង Strasbourg ប្រទេស​បារាំង​។ តុលាការ​នេះ​បើក​សវនាការ​អស់​រយៈពេល​៤​ខែ ដោយ​មានការ​ចូលរួម​យ៉ាង​ទៀងទាត់​ពី​ស្ត្រី​ស្បែក​ខ្មៅ Nicole Coste ក្នុង​នាម​ជា​សាក្សី ។ ទីបំផុត ECtHR កំណត់​ថា តុលាការ​គ្រប់​ជាន់ថ្នាក់​នៅ​ទី​ក្រុងប៉ារីស បំពាន​សេរីភាព​សារព័ត៌មាន និង​បាន​បដិសេធ​ការ​ទាមទារ​សំណង​របស់​ស្តេច​អាល់​ប៊ែ​រ​ទី​២ ដ្បិតអី កាលពី​ពាក់កណ្តាល​ខែកក្កដា ២០១៥ ស្តេច​អាល់​ប៊ែ​រ​ទី​២ អង្គ​នេះ បាន​ទទួលស្គាល់​ជា​សាធារណៈ​តាម​រយៈ​តំណាង​របស់​ព្រះ​អង្គ គឺ​លោក​មេធាវី Thiery Lacoste ថា កុមារ Alexandre ពិតជា​បុត្រា​ដំបូង​របស់​ព្រះ​អង្គ​មែន ។ ដូច្នេះ ទស្សនាវដ្តី Paris Match គ្រាន់តែ​ជា​អ្នក​ផ្តល់​ព័ត៌មាន​តាម​រយៈ​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ Nicole Coste ដែល​ជា​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ផ្ទាល់​ប៉ុណ្ណោះ អត់​មាន​ទៅ​ជ្រៀតជ្រែក​សិទ្ធិ​បុគ្គល​ផ្ទាល់ខ្លួន​របស់​ស្តេច​អាល់​ប៊ែ​រ​ទី​ពីរ ឡើយ ៕