ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​​គ្នា​៤​នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូបណ្តើរ​និយាយ​គ្នា​បណ្តើរ​ក្នុង​ល្បឿន​​លឿន​​​ទាក់​ដៃចង្កូត​​គ្នា​ដួល​​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​ស្រាល​ទាំង​៤នាក់​ ​​កាល​ពី​​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​១៤ ខែមករា នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​២​គ្រឿង ដែល​មួយ​គ្រឿង​​ជិះ​​គ្នា​២នាក់​(ប្រុស​១ ​ស្រី​១) និង​មួយ​គ្រឿង​ទៀត ​ជិះ​គ្នា​២​នាក់​ ប្រុស​ទាំង​២​នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ទិស​ដៅពី​កើត​ទៅ​លិច ​ស្របគ្នាក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​​ចំណុច​កើតហេតុ​ ស្រាប់តែ​​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​​បណ្តាលឱ្យ​​នារី​ម្នាក់​បោក​ក្បាល​សន្លប់របួសធ្ងន់ និង​៣នាក់​​ទៀតរ​រង​របួសស្រាល  ។

ក្រោយ​ពេល​កើតហេតុ​ នារី​ដែល​របួសធ្ងន់​ត្រូវ​បាន​មិត្តភក្តិដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន​​ក្បាលថ្នល់ ចំណែក​ម៉ូតូ​ត្រូវ​មិត្តភក្ដិ​ដែល​របួសស្រាល​ ជិះ​យក​ទៅ​តាម​ក្រោយ ខណៈ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​​យក​ទូរស័ព្ទ​ថតរូប​ភាព​​ ស្រាប់តែ​យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ឆក់​យក​ទូរស័ព្ទ​ពី​អ្នក​យក​ព័ត៌មាន​ទៅ​លុប​រូបចោល​​​អស់​ ដើម្បី​កុំ​ឲ្យ​យក​ទៅ​ផ្សព្វផ្សាយ ទាល់តែ​មន្ត្រី​​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន ​ចុះ​មក​អន្តរាគមន៍​ទើប​​​បាន​​ប្រគល់​ទូរស័ព្ទ​ឲ្យ​អ្នក​យក​ព័ត៌មាន​វិញ ​​​ប៉ុន្តែ​បាន​លុប​រូប​ជិត​អស់​​​ ៕