ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​កំពង់ឆ្នាំង ៖ ​សាលាដំបូង​ខេត្តកំពង់ឆ្នាំងបាន​ចេញ​ដីការ​កោះហៅ​ប្រជាពលរដ្ឋ​៩​នាក់ រស់នៅ​ក្នុងភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ​ឱ្យ​​ចូលខ្លួន​​មក​បំភ្លឺ​នៅ កាលពី​​ព្រឹក​​ថ្ងៃ​ទី​១៤ ​មករា ​២០១៦ តាម​ដើមបណ្តឹងឈ្មោះស៊ីវ ច​ន្ថា​រី បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលា​ការ​​ស្នើ​សុំ​ចេញ​ដីកា​រក្សា​ការពារ​ដីចំការ​ជាង៥​ហិ​កតា ដែល​ប្រជាពលរដ្ឋ ក្នុងភូមិ​ចំនួន​៣៥​គ្រួសារ កាន់កាប់​​អាស្រ័យ​ផល​ជាង​៣០​ឆ្នាំ​​មក​​ហើយ ។

ប្រជា​ពលរដ្ឋ​ចំនួន​៣៥​គ្រួសារ ដែល​បាន​មក​កាន់​សាលាដំបូង​ខេត្ត តាម​ការ​កោះហៅ​មនុស្ស​ចំនួន​៩​នាក់ខាងលើ បាន​ស្នើសុំ​យ៉ាង​ទទូច​ជា​ថ្មីម្តងទៀត ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរ​រូប​នី​កម្ម សំណង់ និង​សុរិយោដី ជួយ​​ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីចំការ​ចំនួន​៥​ហិ​កតា ជាមួយមន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត និង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិជាន់​លើ​ដីចំការរបស់​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ជាង​២០​ឆ្នាំ​កន្លង​មក​​ហើយ​នោះ ឱ្យ​​បាន​ឆាប់​ៗ​​ផង​។

លោក​ប៉ែន យឿ​ន មេ​ភូមិ​សន្ទៃ​ឃុំ​ពង្រ បាន​និយាយ​ឱ្យ​​ដឹង​ថា​ ដីចំការ​ដែល​ទំនាស់មានចំនួន​៥​ហិ​កតា គឺ​ប្រជាពលរដ្ឋ​ចំនួន​៣៥
​គ្រួ​សារបាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៦​ ។​ ស្រាប់តែ​នៅ​ដើមឆ្នាំ២០១៥ មានឈ្មោះប៉ិល ច​ន្ថា ជា​មន្ត្រី​សុរិយោដី​ខេត្ត និង​ឈ្មោះ ស៊ីវ ច​ន្ថា​រី ជា​កូន​អតីតលោក​មេឃុំ​ពង្រ បាន​បង្ហាញ​ប័ណ្ណ​កម្ម​សិទ្ធ​ចេញ​ឆ្នាំ​១៩៩៥ បញ្ជាក់​ថា​ ដី​ទាំង​៥​ហិ​កតា​ខាងលើ​នេះ​ ជា​របស់​ខ្លួន​។ ប៉ុន្តែប្រជាពលរដ្ឋ​ឆ្ងល់​ថា ដី​ចំណុច​ខាងលើ​នេះ​ជា​ចំណុច​ខ្មៅ​របស់​ព្រ​លាន​យន្តហោះ ដែល​ក្នុង​អនុ​ក្រិត ហាម​មិន​អោយ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ តែ​ពួក​លោក​ទាំង​២​បែរជា​មាន​ប័ណ្ណ​កាន់កាប់​លើ​ដី​នោះ​ទៅ​វិញ​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទាំងអស់​រស់នៅ​ទីនោះ​ជាង​៣០​ឆ្នាំ​ហើយ គ្មាន​អ្នក​ណា​ចេញ ប័ណ្ណ​អោយ ឡើយ ពួក​គាត់​មាន​ត្រឹមតែ​លិខិតស្នើ​សុំ​កាន់កាប់​ដីធ្លី​គ្រប់​ៗ​គ្នា​តែ​ប៉ុណ្ណោះ​។

លោក​ប្រធាន​ភូមិ​សន្ទៃ​បាន​បញ្ជាក់​បន្ថែម​ថា​ កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ លោក និង ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួ​សារ​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ស្នើ​សុំ​ការអន្តរាគ​មន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​ខាងលើ​នេះ​អោយ​បាន​ឆាប់​ផង​។ ទន្ទឹម​នេះ​ដែរ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ព្រួយបារម្ភ​ណាស់​នៅ​ពេល​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ ព្រោះថា​រយៈ​ពេល​​ជាង​៣០​ឆ្នាំ កន្លង​មក នៅ​ក្នុងភូមិ​សន្ទៃ​របស់​ពួក​គាត់​ពុំដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​គ្នា​ម្តងណា​ឡើយ ទើបតែ​នៅ​ឆ្នាំដើម​ឆ្នាំ​២០១៥​កន្លង​មកនេះ មានឈ្មោះ​ទាំង​២​ខាងលើ​មក​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​បំពាន​យក​ដីចំការ​ដែល ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល។

ហេតុនេះ​ពួក​គាត់​ទាំង​៣៥​គ្រួសា​ស្នើ​សុំ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​យុ​រិ​យោ​ដី មេត្តា​ពិនិត្យ​ស្រាវជ្រាវ​ឯកសារ​លើ​ប័ណ្ណ​កម្ម​សិទ្ធ​របស់​ឈ្មោះ​ទាំង​២​ខាងលើ​នេះ និង​ជួយ​ដោះស្រាយ​ដីចំការ​ទាំង​៥​ហិ​កតា​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ដូច​ធម្មតា​ឡើង​វិញ​ដោយ​អនុគ្រោះ​ផង​។

ដោយឡែក​ លោក ប៉ិល ច​ន្ថា មន្ត្រី​សុរិយោដី​ខេត្ត​បាន​ប្រាប់​ថា ដីចំការ​នោះ​លោក​បាន​ដោះដូរជាមួយ​គេ ​ហើយ​ក៏​បាន​ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធិធ​ហើយ​ដែរ ក្នុង​ឆ្នាំ​១៩៩៥ ចំណែក​រដ្ឋ​ហាម​និង​ផ្អាក​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិឱ្យ​​ក្នុង​ចំណុច​ខ្មៅ​នេះ​ ចាប់ពី​ឆ្នាំ​១៩៩៧ គឺ​ក្រោយ​ពេល​គាត់​ធ្វើ​ប័ណ្ណ​​រួច​ហើយ តែ​ទោះ​យ៉ាងនេះ​ក្តី​ លោក​នឹងព្រម​សម្របសម្រួល​ ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ​យល់ព្រម ។